កីឡា

លោក វ៉ាត់ ចំរើន ៖​ ក្រុមអត្តពលិកទាំងអស់ ត្រូវគោរពគ្នាទៅវិញទៅមក គោរពពេលវេលា បទបញ្ជាកីឡា និងការគោរពខ្លួនឯង

ភ្នំពេញ ៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា យើងត្រូវចងចាំទាំងអស់គ្នា ហើយត្រូវនិយាយដដែលៗបន្តគ្នាថា កីឡា គឺវិន័យ មុនលេងកីឡាគេស្រែកកីឡា វិន័យ ដោយវិន័យនេះហើយ គឺជាសេចក្តីថ្លៃថ្នូរ ជាទ្រព្យសម្បត្តិ និងជាអ្វីៗគ្រប់យ៉ាងសម្រាប់ជីវិត ។

លោក វ៉ាត់ ចំរើន បានបន្ថែមយ៉ាងដូច្នេះថា ដូច្នេះមានន័យថា វិន័យ គឺការគោរពគ្នាទៅវិញទៅមក គោរពពេលវេលា បទបញ្ជា និងការគោរពខ្លួនឯង ដើម្បីឲ្យដំណើរការប្រកួតឲ្យបានរលូន ហើយមានកិត្តិយសទាំងអស់គ្នា គឺត្រូវការថែរក្សាឲ្យបាននូវវិន័យ។ ប្រសិនបើយើងធ្លាប់ចេញទៅប្រកួតហ្គេម នៅក្រៅប្រទេស គឺយើងនឹងដឹង អំពីសារសំខាន់នៃការគោរពវិន័យនេះ វាចាំបាច់ប៉ុណ្ណា ដោយចំណុចសំខាន់ទី១នៃវិន័យនេះ គឺការពាក់បណ្ណសម្គាល់ខ្លួន បង្ហាញអំពីការចូលរួមប្រកួត ឬ ជាអ្នកបម្រើការ ក្នុងហ្គេមនីមួយៗ ។ ក្រៅពីអត្តសញ្ញាណនៃហ្គេម ក៏ការពាក់បណ្ណសម្គាល់ខ្លួន មានសារៈសំខាន់សម្រាប់ ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ។

លោករដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ ប្រតិភូ លោកគ្រូ អ្នកគ្រូនៅគ្រឹះស្ថានសិក្សា ចូលរួមប្រកួតកីឡាសិស្សឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិជួយជំរុញដល់ការផ្សព្វផ្សាយ ដើម្បីបញ្ចេញព័ត៌មានការប្រកួតពីការ ចូលរួមប្រកួតរបស់ខ្លួនទៅក្នុងគេហទំព័រ និងបណ្តាញសង្គមរបស់ខ្លួន ជាពិសេសគឺសាកលវិទ្យាល័យ ទទួលបានជ័យលាភីល្អៗ គឺត្រូវតែបង្ហាញ ពីមោទនភាព ទាំងអស់នេះគឺជាការបង្ហាញ ពីឧត្តមប្រយោជន៍ សម្រាប់ព្រឹត្តិការណ៍របស់យើង។ ក្នុងការរួមចំណែកផ្សព្វផ្សាយនេះ លោកស្នើសុំឲ្យផ្សព្វផ្សាយក្នុងរូបភាពវិជ្ជមាន ដោយផ្តល់ប្រយោជន៍ដល់ការអប់រំ និងសង្គមជាតិ ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាបានឱ្យដឹងថា នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាជាតិទាំង១៣ រៀបចំ ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៨- ២៧ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ បានកំណត់យកប្រភេទកីឡា ចំនួន១៣ ។

ប្រភេទកីឡាទំាំងនេះរួមមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ សីដក់ និងគុនដាវ ស្មើនឹង ១០៣វិញ្ញាសា សរុប ៧១៨ មេដាយ ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១ ៧៦៤ នាក់ ស្រី ៣៩១ នាក់ ដែលអញ្ជើញមកពី ៤៧ គ្រឹះស្ថានឧត្តមសិក្សា ដោយក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈ ចំនួន ១៣ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ៣៤ ៕
ដោយ៖លី ភីលីព

Most Popular

To Top