កីឡា

កីឡាករបាល់ទាត់ឆ្នើមៗ នាំគ្នាសម្រាកលំហែកាយ នៅវិស្សមកាល ជាលក្ខណៈឯកជន រៀងៗខ្លួន បន្ទាប់ពីបញ្ចប់ Euro 2024

VN Express

បរទេស ៖ បន្ទាប់ពីព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុប រដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ បានបញ្ចប់ជាផ្លូវការ ក្រុមកីឡាករបាល់ទាត់ ឆ្នើមជាច្រើននាក់ដូចជា ក្រុមកីឡាករCristiano Ronaldo ក្រុមកីឡាករ Alvaro Morata និងក្រុមកីឡាករ Antoine Griezmann បាននាំគ្នាទៅវិស្សមកាល ជាមួយគ្រួសារ របស់ពួកគេមុន ពេលរដូវកាលថ្មីចាប់ផ្តើមរៀងៗខ្លួន។

ប្រធានក្រុមបាល់ទាត់អេស្ប៉ាញ កីឡាករ Alvaro Morata បានបង្ហោះរូបថត នៅលើយន្តហោះឯកជន ជាមួយប្រពន្ធរបស់លោក គឺអ្នកនាង Alice Campello និងកូន ៤ នាក់ ២ ថ្ងៃបន្ទាប់ពីឈ្នះជើងឯក Euro 2024 ។ នៅរដូវក្តៅនេះ កីឡាករ Morata បានចាកចេញពី Atletico Madrid ហើយបានចុះកុងត្រា ជាមួយ AC Milan ។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ បាននាំគ្រួសារទៅប្រទេសអ៊ីតាលី ដែលជាប្រទេសកំណើតរបស់ភរិយា Campello ដើម្បីចុះកុងត្រា និងទៅវិស្សមកាលនៅ Milan ។

ក្រោយពីបញ្ចប់ការប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រ Euro 2024 កីឡាករ Nico Williams រូបនេះបានទៅ Sardinia ប្រទេសអ៊ីតាលី ដើម្បីរីករាយជាមួយពន្លឺ ព្រះអាទិត្យ និងសមុទ្រ បន្ទាប់ពីការប្រកួតបានជោគជ័យ ។ ចំណែកកីឡាករបារាំង Antoine Griezmann និងភរិយា ព្រមទំាងកូន ៣ នាក់របស់លោក បានទៅវិស្សមកាលនៅ Ibiza បន្ទាប់ពីប្រទេសបារាំង ត្រូវបានជម្រុះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

មិត្តរួមក្រុមរបស់កីឡាករ Griezmann អ្នកចាំទី លោក Alphonse Areola និងប្រពន្ធរបស់លោក បានទៅប្រទេសអង់គ្លេស ដើម្បីមើលការប្រកួត Wimbledon កាលពីប៉ុន្មានថ្ងៃមុន។ ប្រធានក្រុម Virgil van Dijk និងភរិយាក៏បានជ្រើសរើស Ibiza ជាកន្លែងវិស្សមកាលរដូវក្តៅរបស់ពួកគេ បន្ទាប់ពីការប្រកួតបានបញ្ចប់ ក្រោយហូឡង់ចាញ់ក្រុមអង់គ្លេស ១-២ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
រីឯកីឡាករខ្សែប្រយុទ្ធសញ្ជាតិ ហូឡង់ Memphis Depay បានបង្ហោះរូបថតតែម្នាក់ឯង ក្នុងអំឡុងពេលវិស្សមកាល រដូវក្តៅរបស់លោក។ ចំពោះមិត្តរួមក្រុមកីឡាករ ខ្សែការពារសញ្ជាតិហូឡង់ Nathan Ake បានលេងជាមួយកូនរបស់លោក នៅអាងហែលទឹកនៃរមណីយដ្ឋានមួយ។

ដោយឡែកកំពូលកីឡាករបាល់ទាត់ព័រទុយហ្គាល់ Ronaldo និងក្រុមគ្រួសារបានវិស្សមកាល នៅរមណីយដ្ឋាន ដែលពួកគេចូលចិត្ត នៅសមុទ្រក្រហម។ ប្រធានក្រុមព័រទុយហ្គាល់ បានបញ្ចប់ការប្រកួត Euro ចុងក្រោយនៃអាជីពរបស់លោកជាមួយនឹងការខកចិត្ត នៅពេលក្រុមធ្លាក់ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ហើយលោកមិន បានស៊ុតបញ្ចូលទីណាមួយឡើយ ។

កីឡាករខ្សែការពារសញ្ជាតិ ព័រទុយហ្គាល់ Diogo Dalot ជាមួយប្រពន្ធ និងកូនរបស់លោកបានវិស្សមកាលនៅទីក្រុង Mallorca ប្រទេសអេស្ប៉ាញ៕

Most Popular

To Top