កីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ ជួបសំណេះសំណាល ប្រតិភូកីឡាកម្ពុជាមុន ចូលរួមការប្រកួត កីឡាអូឡាំពិក ទីក្រុងប៉ារីស នៅបារាំង

ភ្នំពេញ ៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាជួបសំណេះសំណាលជូនដំណើរ និងលើកទឹកចិត្ត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹក និងអត្តពលកម្មក្រុមជម្រើសជាតិ កីឡាអត្តពលកម្ម ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ប្រទេសបារាំង សរុបប្រមាណ ២០នាក់នៅទីស្តីក្រសួងអប់រំ យុវជន និងកីឡា

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកពិតជាមានក្តីរំភើបរីករាយដែលកីឡាករខ្មែរ ៣ រូបបានឆ្លងកាត់ការវាយតម្លៃស្តង់ដា កម្រិតសមត្ថភាពជាប់ ទៅចូលរួមការប្រកួតកីឡា អូឡាំពិកទីក្រុងប៉ារីស ប្រទេសបារាំង នាពេលនេះ ។ ការចូលរួមក្នុងការប្រកួត កីឡាអូឡាំពិក គឺជាក្តីប្រាថ្នារបស់កីឡាករគ្រប់រូប នេះជាកិត្តិយស សម្រាប់កីឡាករ និង ប្រទេសជាតិ ដូច្នេះសូមឲ្យកីឡាករទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង គោរពបទបញ្ជាការប្រកួត គោរពការវិនិច្ឆ័យរបស់អាជ្ញាកណ្តាល-ចៅក្រម គោរពគោលការណ៍របស់កីឡាអន្តរជាតិ ដើម្បីឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរ អរិយធម៌ល្អ សុជីវធម៌ល្អជាពលរដ្ឋកម្ពុជា និងជាតំណាងប្រទេសជាតិ។

លោកបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ ដល់អត្តពលិក ឲ្យចាប់យកឱកាសនេះ សង្កេត និងរៀនសូត្របន្ថែម ដើម្បីបន្តពង្រឹងសមត្ថភាព ឲ្យកាន់តែខ្លាំងក្លា និងសំខាន់បំផុត ត្រូវយកចិត្តទុកដាក់ លើការរៀបចំខ្លួនឲ្យមាន សុវត្ថិភាពល្អក្នុងការចូលរួម និង ការវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព ហើយទន្ទឹមនឹងខិតខំប្រឹងប្រែង ដណ្តើមយកមេដាយ ឬជ័យលាភី សូមជូនពរឱ្យក្រុមកីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា ជោគជ័យក្នុងបំបែក ឯកទគ្គកម្មខ្លួនឯងផងដែរ ។

សូមចូលរួមគាំទ្រ និងជូនពរដល់ ឣត្តពលិកទាំង ៣រូបរបស់កម្ពុជា ដែលត្រូវចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍កីឡា ឣូឡាំពិករដូវក្តៅ លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលគ្រោងនឹង ចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗនេះ ៕
ដោយ៖លីភីលីព

Most Popular

To Top