កីឡា

ការប្រកួតកីឡាកាប៉ាឌី ពានរង្វាន់ពិភពលោក ប្ដូរទៅរៀបចំនៅប្រទេសឥណ្ឌា

សហព័ន្ធកីឡាកាប៉ាឌីពិភពលោក ដែលជាអង្គការកីឡាពិភពលោកបានសម្រេចធ្វើការផ្លាស់ប្តូរការប្រកួតកីឡាកាប៉ាឌី ពិភពលោក ពីរាជធានីភ្នំពេញ ទៅប្រទេសឥណ្ឌាវិញ បន្ទាប់ពីព្រឹត្តិការណ៍មួយនេះមិនទទួលបានការគាំទ្រ និងការអនុញ្ញាតិពីអាជ្ញាធរកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយលោក Arasu អគ្គលេខាធិការ សហព័ន្ធកីឡាកាប៉ាឌីពិភពលោក ម្សិលមិញ សម្រាប់ការប្រកួតដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី២០-២៥ ខែសីហា ២០២៤ នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់ មកពី១៧ប្រទេស។ លោក Arasu បានបញ្ជាក់ថា យើងគ្មានជម្រើសទេក្នុងការសម្រេចចិត្តមួយនេះ។

លោក Arasu បញ្ជាក់បន្ថែមថា យើងបានឯកភាពគ្នា ដោយយល់ថា ដើម្បីរក្សាតម្លៃនៃការប្រកួត ពានរង្វាន់កម្រិតពិភពលោកមួយនេះ និងតម្លៃកីឡា គឺរៀបចំនៅប្រទេសឥណ្ឌាវិញ។ ប្រតិភូប្រទេសមួយចំនួនបានសម្រេចទិញសំបុត្រយន្តហោះមករាជធានីភ្នំពេញ ប៉ុន្តែឥឡូវពួកគាត់មិនអាចធ្វើដំណើរមកកម្ពុជាទៀតទេ។ ប្រតិភូជាច្រើននៃគ្រួសារកីឡាកាប៉ាឌី និងអ្នកអង្កេតការមកពីប្រទេសដែលបានសម្រេចចូលរួមបានបោះបង់ការធ្វើដំណើររបស់ពួកគាត់មកកម្ពុជា។

យើងរង់ចាំ និងមើលថា ការស្នើសុំបង្កើតសហព័ន្ធកីឡាកាប៉ាឌីកម្ពុជាអាចទទួលបានការអនុញ្ញាត ដើម្បីជាឱកាសសម្រាប់អត្តពលិកកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់ពិភពលោកមួយនេះ បន្ទាប់ពីសម្រេចចិត្តលើកាលបរិច្ឆេទឡើងវិញ។

សម្រាប់កាលបរិច្ឆេទថ្មី និងព័ត៌មានលំអិតផ្សេងៗស្តីពីពានរង្វាន់កីឡាកាប៉ាឌី ដែលនឹងរៀបចំនៅឥណ្ឌានឹងផ្សព្វផ្សាយ ក្នុងពេលឆាប់ៗនេះ។ យើងរំពឹងថា ការប្រកួតនេះនឹងរៀបចំកាន់តែធំជាង និងល្អជាង ហើយក៏ជាពេលវេលាដ៏សាកសមសម្រាប់ប្រទេសឥណ្ឌា ក្នុងការដាក់ប្រភេទកីឡាប្រពៃណីនេះ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០៣៦ ដែលឥណ្ឌាកំពុងជាបេក្ខភាព ក្នុងការធ្វើជាម្ចាស់ផ្ទះ។

Most Popular

To Top