ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យដកប្រព័ន្ធ មីស៊ីល របស់អាមេរិក ចេញពីហ្វីលីពីន

AFP

ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការពារជាតិចិន បានជំរុញឱ្យមាន ការដកប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់សហរដ្ឋអាមេរិក ចេញពីប្រទេសហ្វីលីពីន ។ លោក Wu Qian អ្នកនាំពាក្យ ក្រសួងការពារជាតិ បានធ្វើការកត់ សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងសំណួរ របស់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីព័ត៌មានដែលថា ហ្វីលីពីន កំពុងពិចារណា ទិញប្រព័ន្ធមីស៊ីល ពីសហរដ្ឋអាមេរិក។

លោក បានលើកឡើងថា ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ចំពោះការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្វីលីពីន ។ ដោយហៅប្រព័ន្ធមីស៊ីល Typhon ថាជា “អាវុធវាយលុក” លោក Wu បានឲ្យដឹងថា ការទទួលយករបស់ហ្វីលីពីន ចំពោះការដាក់ពង្រាយ របស់សហរដ្ឋអាមេរិក បានធ្វើឱ្យមានការប្រឈមមុខគ្នា ផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំង និងបង្កើនភាពតានតឹង នៅក្នុងតំបន់។

នេះមិនមែនជារឿង តែមួយគត់សម្រាប់ហ្វីលីពីននោះទេ ។ លោក Wu បានលើកឡើងថា វាទាក់ទងនឹងសន្តិសុខ រួមរបស់ប្រទេសទាំងអស់ ក្នុងតំបន់ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដថា “ប្រវត្តិសាស្ត្រ និងការពិតបានបង្ហាញ ឱ្យឃើញម្តងហើយម្តងទៀតថា កន្លែងដែលមានអាវុធ របស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយ នោះនឹងមានហានិភ័យខ្ពស់ នៃជម្លោះ” ។ លោកបានបន្ថែមថា “យើងជំរុញ ឱ្យភាគី ពាក់ព័ន្ធដកប្រព័ន្ធ មីស៊ីលរយៈចម្ងាយមធ្យម Typhon ជាបន្ទាន់” ដោយសង្កត់ធ្ងន់ថា ប្រសិនបើ សហរដ្ឋអាមេរិក និងហ្វីលីពីន ទទូចឱ្យបន្តដើរលើផ្លូវខុសនោះ ភាគីចិន នឹងចាត់វិធានការ ឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top