ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីសិង្ហបុរី លោក Ong Beng Seng កំពុងប្រយុទ្ធនឹងជំងឺមហារីកខួរឆ្អឹង ចំពេលមានសំណុំរឿងនៅតុលាការ

AFP

សិង្ហបុរី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីអចលនទ្រព្យរបស់ប្រទេសសិង្ហបុរី លោក Ong Beng Seng ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយដែលមាន ទំនាក់ទំនងជាមួយអតីតរដ្ឋមន្ត្រីដឹកជញ្ជូន លោក S. Iswaran ត្រូវបានរាយការណ៍ថា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកខួរឆ្អឹង។

នេះបើយោងតាមសារព័ត៌មាន Channel News Asia បានរាយការណ៍ថា បុគ្គលទំាង ២នាក់ ដែលមានភាពស្និទ្ធនឹងលោក Ong បានបញ្ជាក់ពីរោគវិនិច្ឆ័យរបស់លោក ដោយម្នាក់បញ្ជាក់ថា លោកមានជំងឺមហារីកខួរឆ្អឹងដ៏កម្រមួយ ត្រូវបានសម្គាល់ដោយការរីកសាយ មិនធម្មតានៃកោសិកាប្លាស្មាសាហាវ។

ប្រភពបានឲ្យដឹងថា អ្នកជំនួញអាយុ ៧៩ ឆ្នាំរូបនេះកំពុងទទួលការព្យាបាលដោយគីមី ហើយពីមុនបានសុំការអនុញ្ញាតពីតុលាការដើម្បីធ្វើដំណើរទៅក្រៅប្រទេសដើម្បីព្យាបាលបន្ថែមទៀត។

យោងតាមកាសែត The Business Times បាននិយាយថា មេធាវីរបស់លោក Ong បានប្រាប់តុលាការនៅថ្ងៃទី ៧ ខែកុម្ភៈថា ពួកគេនឹងពិនិត្យឡើងវិញនូវជំហររបស់ពួកគេ នៅពេលលោកបន្តការព្យាបាលជំងឺមហារីក។ នៅពេលសួរថា តើនេះមានន័យថា លោក Ong កំពុងពិចារណាលើការសារភាពកំហុសដែរឬទេ តំណាងរបស់លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

នេះបើយោងតាមAFP ប្រាប់ឲ្យដឹងថា ជនជាតិម៉ាឡេស៊ីម្នាក់ដែលមាន មូលដ្ឋាននៅប្រទេសសិង្ហបុរី លោក Ong ត្រូវបានចោទប្រកាន់កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ ជាមួយនឹងបទល្មើសចំនួន២ពាក់ព័ន្ធនឹងករណីរបស់លោក Iswa ran មួយគឺពីបទរំលោភបំពានក្រោមមាត្រា ១៦៥ នៃក្រមព្រហ្មទណ្ឌ និងមួយទៀតពីបទរំលោភបំពានលើយុត្តិធម៌ ។

ព្រះរាជអាជ្ញាបានចោទប្រកាន់លោក Ong បានជួយលោក Iswaran ឲ្យទទួលបានការធ្វើដំណើរដោយ ចំណាយទាំងអស់ទៅកាន់ទីក្រុង Doha ដែលមានតម្លៃប្រហែល ២០,៨៥០ ដុល្លារសិង្ហបុរី (១៥,៥០០ ដុល្លារអាមេរិក) ក្នុងខែធ្នូ ឆ្នាំ២០២២ ។ លោកក៏ត្រូវបានចោទប្រកាន់ពីបទ សម្របសម្រួលការរាំងស្ទះដល់យុត្តិធម៌ ដោយផ្តល់សំណងចំនួន ៥,៧០០ សិង្ហបុរីសម្រាប់ជើងហោះហើរថ្នាក់ជំនួញរបស់លោក Iswaran ពីទីក្រុងដូហាទៅកាន់ប្រទេសសិង្ហបុរី ក្នុងប្រទេសខែឧសភា ឆ្នាំ ២០២៣ អំឡុងពេលការស៊ើបអង្កេតរបស់ ការិយាល័យស៊ើបអង្កេតអំពើពុករលួយ។

ការចោទប្រកាន់ទាំងនេះឆ្លុះបញ្ចាំងពីបទល្មើសចំនួន២ ដែលលោក Iswaran បានសារភាពកំហុសរួចហើយ។ អតីតរដ្ឋមន្ត្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១២ ខែនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ បានចាប់ផ្តើមការកាត់ទោសរបស់លោក ៤ ថ្ងៃក្រោយមកហើយត្រូវបានដាក់ឲ្យឃុំខ្លួនក្នុងផ្ទះនៅថ្ងៃទី ៧ ខែកុម្ភៈ។ ករណីរបស់លោក Ong នៅតែស្ថិតក្នុងដំណាក់កាលសន្និសីទមុនការកាត់ក្តី ដោយមិនមានការបញ្ជាក់ច្បាស់លាស់ថា តើលោកនឹងសារភាពកំហុស ឬជំទាស់នឹងការចោទប្រកាន់នោះទេ៕

Most Popular

To Top