ខេត្តកណ្តាល ៖ ក្រុមកីឡាប៉េតង់ការិយាល័យយុវជន និងការិយាល័យផែនការ គ្រងតំណែងជើងឯក ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាប៊ូល និងប៉េតង់ខេត្តកណ្តាលដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ២០២៥ បានចាប់ផ្តើមជាផ្លូវការហើយ ដោយមានការចូលរួមថ្នាក់ ដឹកនាំមន្ទីអប់រំយុវជន និងកីឡា និងមន្រី្តខេត្តកណ្តាល ដើម្បីចម្រាញ់រកក្រុមអត្តពលិក មានសមត្ថភាព តំណាងឲ្យខេត្តកណ្តាល ទៅចូលរួមការប្រកួតជ្រើសរើសកីឡាប៊ូល និងប៉េតង់ពាន់រង្វាន់ រដ្ឋមន្រ្តីក្រសួងអប់រំ ។

ក្នុងឱកាសពិធីបិទ និងប្រគល់ជយលាភីដល់ក្រុមគ្រង តំណែងជើងឯកជាផ្លូវការនាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល និងលោក លោកស្រី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល ព្រមទំាងប្រធានការីយាល័យទំាង ១៣ ។

លោក ចេង សំអុល បានមានប្រសាសន៍ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ ដើម្បីចូលរួមអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៥ ជាពិសេស ដើម្បីបង្កើតនូវចំណង មិត្តភាព សាមគ្គីភាព និងភាពសប្បាយរីករាយ រវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីក្រោម ឱវាទកាន់តែស្អិតរមួត មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល គ្រោងនឹងរៀបចំការ ប្រកួតកីឡាប៊ូល និងប៉េតង់ អបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ។

ក្រុមកីឡាករ-កីឡាការិនីឆ្នើមនៃការប្រកួតនេះ ជាអ្នកតំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសកីឡាប៊ូល និងប៉េតង់ពាន់រង្វាន់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡាដែលប្រព្រឹត្តិ នៅខេត្តសៀបរាម នាពេលខាងមុខនេះ ។

សម្រាប់វិញ្ញាសា ៣ នាក់ ទល់នឹង ៣ នាក់ មេដាយមាសបានទៅលើក្រុមកីឡាប៉េតង់ការិយាល័យផែនការ មេដាយប្រាក់បានទៅលើក្រុមកីឡាប៉េតង់ ការិយាល័យ បឋមសិក្សា និងមេដាយសំរិទ្ធបានទៅលើក្រុម កីឡាប៉េតង់ ការិយាល័យ មធ្យមសិក្សា រីឯវិញ្ញាសា ២ នាក់ ទល់នឹង ២ នាក់ មេដាយមាសបានទៅលើក្រុមកីឡាប៉េតង់ការិយាល័យ យុវជន មេដាយប្រាក់បានទៅលើក្រុមកីឡា ប៉េតង់ការិយាល័យ គណនេយ្យ និងមេដាយសំរិទ្ធបានទៅលើក្រុម កីឡាប៉េតង់ការិយាល័យ ផែនការ៕
ដោយ៖លី ភីលីព

