សុខភាព និង ផ្លូវភេទ

អាហារសម្បូរខ្លាញ់អ្វីខ្លះ ល្អចំពោះសុខភាព?

Health

មិនមែនជាតិខ្លាញ់ទាំងអស់សុទ្ធតែអាក្រក់ចំពោះសុខភាពឡើយ! ក៏ព្រោះតាមពិតទៅខ្លាញ់ គឺល្អចំពោះរាងកាយនៅពេលទទួលទានក្នុងកម្រិតមធ្យម។ ដើម្បីរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ ប្រភេទនៃខ្លាញ់ល្អគួរត្រូវរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ។ ប៉ុន្តែថាតើអាហារសម្បូរខ្លាញ់អ្វីខ្លះទៅដែលល្អចំពោះសុខភាព?
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារសម្បូរខ្លាញ់ល្អដែលអ្នកគួរទទួលទាន ៖

១. ត្រីសម្បូរខ្លាញ់
រួមបញ្ចូលទាំងត្រីសាលម៉ុន ត្រីសាឌីន ត្រីធូណា ត្រី mackerel និងត្រី trout គឺសុទ្ធតែជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពបេះដូង ខួរក្បាល សន្លាក់ឆ្អឹង និងស្បែក។ដើម្បីទទួលបានអត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាព អ្នកគួរព្យាយាមទទួលទានត្រីប្រភេទនេះឲ្យបាន ២ ដងក្នុងមួយសប្តាហ៍ជាប្រចាំ។

២. ស៊ុត
ស៊ុត គឺជាប្រភេទនៃអាហារដែលផ្ដល់សុវត្ថិភាពនិងសារធាតុចិញ្ចឹមចាំបាច់ជាច្រើន រួមបញ្ចូលទាំងខ្លាញ់សុខភាពល្អដល់រាងកាយ ហើយក៏អាចជួយឲ្យស្រកទម្ងន់ផងដែរ ប្រសិនបើអ្នកទទួលទានវាក្នុងបរិមាណត្រឹមត្រូវ។ ការទទួលទានស៊ុតត្រឹមពី ២ ទៅ ៣ គ្រាប់ ក្នុងមួយថ្ងៃជាប្រចាំអាចបង្កើនសុខភាពនិងផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍ជាច្រើនស្មានមិនដល់។ ទោះជាយ៉ាងណាប្រសិនបើអ្នកកំពុងមានបញ្ហាកូឡេស្តេរ៉ូលឡើងខ្ពស់ ចូរធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យសិនថាតើគួរទទួលស៊ុតប៉ុន្មានគ្រាប់ក្នុងមួយថ្ងៃទើបប្រសើរ?

៣. ប្រេងអូលីវ
ជាប្រភពនៃជាតិខ្លាញ់ល្អបំផុតមួយសម្រាប់សុខភាព! ប្រេងអូលីវក៏មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកម្ចាត់រ៉ាឌីកាល់សេរីកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានយ៉ាងប្រសើរ។ដូច្នេះកុំភ្លេចរួមបញ្ចូលប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

៤. យ៉ាអួរ
ក្រៅពីប្រូបាយអូទិកដែលចាំបាច់សម្រាប់សុខភាពពោះវៀនហើយនោះ យ៉ាអួរក៏ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ល្អផងដែរ។

៥. ផ្លែបឺរ
គ្មានផ្លែឈើណាមួយមានផ្ទុកជាតិខ្លាញ់ដែលល្អចំពោះសុខភាពប្រសើរជាងផ្លែបឺរឡើយ។ ក្រៅពីជាតិខ្លាញ់ល្អហើយនោះផ្លែបឺរក៏មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម និងជាតិសរសៃដែលជួយបញ្ចុះសម្ពាធឈាម ព្រមទាំងកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អបានប្រសើរជាងផ្លែចេកទៅទៀត។

៦. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ
គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ គឺជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ដែលល្អសម្រាប់សុខភាពរាងកាយ រួមបញ្ចូលទាំងអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអាស៊ីតខ្លាញ់ល្អ monounsaturated ដែលជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលទប់ស្កាត់ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង គាំងបេះដូងគួរឲ្យកត់សម្គាល់។ ក្រៅពីខ្លាញ់សុខភាពល្អហើយនោះគ្រាប់ធញ្ញជាតិ និងគ្រាប់ពូជក៏មានផ្ទុកសម្បូរទៅដោយជាតិសរសៃ វីតាមីន E វីតាមីន B ប៉ូតាស្យូម កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ និងស័ង្កសីដែលចាំបាច់សម្រាប់សុខភាពរាងកាយរឹងមាំផងដែរ៕

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top