ទីក្រុងសៀងហៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសម៉ាឡេស៊ី ដែលជាប់ឈ្មោះជាប្រទេស ដែលភ្ញៀវទេសចរអន្តរជាតិ ចូលចិត្តជាងគេនៅអាស៊ី បានអនុម័តយុទ្ធសាស្ត្រ ទាក់ទាញភ្ញៀវ ទេសចរចិនចំនួន៧ លាននាក់ នៅឆ្នាំ២០២៦ ជាការជំរុញដោយគោល នយោបាយគ្មានទិដ្ឋាការ និងការផ្តល់ ជូនទេសចរណ៍ ចម្រុះសម្រាប់ពលរដ្ឋចិន។
លោក Aaron Gan Chai Heng នាយកផ្នែកទេសចរណ៍ ម៉ាឡេស៊ីនៅទីក្រុងសៀងហៃ បាននិយាយថា ដើម្បីសម្រេច បានគោលដៅនេះ ប្រទេសម៉ាឡេស៊ីគ្រោងនឹងបង្កើនការហោះហើរត្រង់តភ្ជាប់ទីក្រុងនានារបស់ប្រទេសចិន។ លោកបានបន្ថែមថា ប្រទេសនេះក៏នឹង បង្កើនយុទ្ធនាការទីផ្សារគោលដៅក្នុងប្រទេសចិន ដើម្បីលើកកម្ពស់ភាព ទាក់ទាញរបស់ខ្លួន និងសហការជាមួយ ភ្នាក់ងារទេសចរណ៍ តាមអ៊ីនធើណេតធំៗរបស់ចិន ដើម្បីផ្តល់ជូននូវ កញ្ចប់ធ្វើដំណើរផ្តាច់មុខ។
នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Star ថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ លោក Datuk Seri Tiong King Sing បានលើកទឹក ចិត្តអ្នកទេសចរចិនកាន់តែច្រើន ដើម្បីស្វែងយល់ពីបេតិកភណ្ឌ វប្បធម៌ដ៏សម្បូរបែប របស់ប្រទេសម៉ាឡេស៊ី និងទេសភាពចម្រុះ។ លោក Tiong បាននិយាយថា ដំណើរទស្សនកិច្ច ផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន Xi Jinping ទៅកាន់ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា ត្រូវបានគេរំពឹងថា នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ច សហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅក្នុងវិស័យទេសចរណ៍ ។
លោកស្រី Mint Leong ប្រធានសមាគមទេសចរណ៍ ក្នុងប្រទេសម៉ាឡេស៊ី បានបន្ថែមថា គោលនយោបាយគ្មានទិដ្ឋាការ អចិន្ត្រៃយ៍រវាងម៉ាឡេស៊ី និង ចិននឹងជំរុញការមកដល់របស់ភ្ញៀវទេសចរបន្ថែមទៀត។ លោកស្រីបានសង្កត់ធ្ងន់ លើសារសំខាន់នៃការណែនាំតំបន់ទេសចរណ៍ថ្មីៗជាប្រចាំ ដើម្បីរក្សាបទពិសោធន៍ថ្មីៗសម្រាប់ភ្ញៀវទេសចរណ៍ដដែល ដោយកត់សម្គាល់ពីការកើនឡើងនៃប្រជាប្រិយភាព នៃវិស័យទេសចរណ៍ ជាពិសេសការទៅទស្សនាចម្ការទុរេន ក្នុងចំណោមអ្នកទេសចរចិន។
ក្នុងឆ្នាំ ២០២៤ ម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៣.២៩ លាននាក់ជាការកើនឡើងគួរឲ្យកត់សម្គាល់ពីឆ្នាំមុន ដែលធ្វើឲ្យប្រទេសចិន ក្លាយជាប្រភពភ្ញៀវទេសចរធំទី៣ បន្ទាប់ពីសិង្ហបុរី និងឥណ្ឌូនេស៊ី។ ប្រទេសចិនជាប្រភព ភ្ញៀវទេសចរធំទី២ទៅម៉ាឡេស៊ីក្នុងអំឡុង ពេលពីរខែដំបូងនៃឆ្នាំនេះ។
ម៉ាឡេស៊ីបានដាក់ចេញនូវគោលការណ៍ ចូលដោយគ្មានទិដ្ឋាការរយៈពេល ៣០ ថ្ងៃសម្រាប់ពលរដ្ឋចិនក្នុងខែធ្នូ ឆ្នាំ២០២៣ ហើយបានបន្តគម្រោងនេះរហូតដល់ឆ្នាំ ២០២៦៕
