ផ្សេងៗ

អ្នកលក់អនឡាញ ជនជាតិវៀតណាមម្នាក់ ត្រូវចាប់ខ្លួនពីបទគេច ពន្ធលើការលក់អនឡាញ ក្នុងទឹកប្រាក់ ២,៧ លានដុល្លារ

VN Express

វៀតណាម៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកផ្សាយបន្តផ្ទាល់ជនជាតិ វៀតណាមម្នាក់ត្រូវបាន ចាប់ខ្លួនដោយចោទប្រកាន់ថា គេចពន្ធរាប់ពាន់លានដុង ដែលនាងរកចំណូលបានតាមរយៈការលក់ នៅលើបណ្តាញសង្គម Facebook។

ប៉ូលីសបាននិយាយថា នាង Tran Thi Le Thu អាយុ ៤០ ឆ្នាំត្រូវបានចាប់ខ្លួននៅ Ba Ria  ខេត្ត Vung Tau ។ អាជ្ញាធរបានចោទប្រកាន់ថា ចាប់ពីដើមឆ្នាំ ២០២០ ដល់ខែឧសភា ឆ្នាំ ២០២៥ នាងរកបានជាង ៧២ ពាន់លានដុង (២.៧៦ លានដុល្លារ) ពីការលក់ទំនិញតាមអ៊ីនធឺណិត ដោយមិនប្រកាសបង់ពន្ធមួយដុង។

នាង Thu បានដំណើរការគណនី Facebook ចំនួន ២ គឺ “Tran Thu” និង “Shop Tran Thu Vung Tau” ដែលមានអ្នកប្រើប្រាស់ប្រមាណ ៧,០០០នាក់។ នាងបានផ្សាយបន្តផ្ទាល់ពីរដងក្នុងមួយថ្ងៃ គឺនៅម៉ោង ១១:៣០ ព្រឹក និង ៧:៣០ យប់ ដោយលក់គ្រឿងសម្អាង សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ។

អ្នកស៊ើបអង្កេតបាននិយាយថា ទោះបីជានាងមានប្រាក់ចំណូលច្រើនក៏ដោយ ក៏នាងមិនដែលចុះបញ្ជីអាជីវកម្មរបស់នាង ឬដាក់លិខិតប្រកាសពន្ធឡើយ។ អាជ្ញាធរពន្ធប៉ាន់ប្រមាណថា នាងបានគេចវេសពីពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងពន្ធលើតម្លៃបន្ថែមចំនួន ១ ពាន់លានដុង (៣៨,០០០ ដុល្លារ)។ ការស៊ើបអង្កេតកំពុងបន្ត៕

Most Popular

To Top