បរទេស៖ មេបញ្ជាការកងកំលាំងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង ឧត្តមសេនីយ៍ Amir-Ali Hajizadeh បានអំពាវនាវដល់ដៃគូអ៊ីរ៉ង់ ក្នុងសម្ព័ន្ធភាពក្រៅផ្លូវការ Axis of Resistance (សម្ព័ន្ធភាពនយោបាយរវាងអ៊ីរ៉ង់ រដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមហេស្បូឡា នៅលីបង់) ដើម្បីរួមគ្នាកម្ចាត់អាមេរិកនិងអ៊ីស្រាអែល។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ Houthi al-Masirah ដែលគាំទ្រប្រទេសយេម៉ែន លោកឧត្តមសេនីយ៍ Hajizadeh បាននិយាយថា“ ប្រទេសទាំងអស់នៃ Axis of Resistance , យើងត្រូវតែរួមដៃគ្នាដើម្បីទាត់កងទ័ពអាមេរិកចេញពីតំបន់នេះ និងបំផ្លាញរបប Zionist ។
ដោយអួតអំពីអំណាចដែលកំពុងកើនឡើងនៃសម្ព័ន្ធមិត្ត មេបញ្ជាការរូបនេះបាននិយាយថា“ សព្វថ្ងៃនេះយើងមិនត្រឹមតែមាន Axis of Resistance របស់អ៊ីរ៉ង់ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញវិសាលភាពនៃ សម្ព័ន្ធភាពនេះ បានលាតសន្ធឹងពីសមុទ្រក្រហមរហូតដល់សមុទ្រមេឌីទែរ៉ាណេ និងពីចលនា Ansar Allah របស់យេម៉ែនរហូតដល់ ពួកហេសបូឡា នៅប្រទេសលីបង់ ថែមទៀត។
ចំណែកអត្ថាធិប្បាយអំពីការវាយប្រហារមីស៊ីលអ៊ីរ៉ង់កាលពីខែមុន ប្រឆាំងនឹងកងទ័ពអាមេរិកនៅអ៊ីរ៉ាក់ឆ្លើយតបនឹងការសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់នៅទីក្រុងបាកដាដ ឧត្តមសេនីយ៍ Hajizadeh ថា ការវាយប្រហារនេះបានធ្វើឱ្យខូចខាតដល់កេរ្តិ៍ឈ្មោះរបស់អាមេរិក ដែលជាមេដឹកនាំកំពូលមួយក្នុងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា