បរទេស៖ ក្នុងអំឡុងពេលដែល Michael Olise កំពុងបញ្ចេញសមត្ថភាពយ៉ាងត្រចះត្រចង់ នៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក ទីក្រុងប៉ារីសឆ្នាំ ២០២៤ លោក Thierry Henry ធ្លាប់បានលាន់មាត់ថា «អ្នកទាំងអស់គ្នាមិនទាន់ បានឃើញអ្វីច្រើននៅឡើយទេ! នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»។ ការលើកឡើងនេះពិតជាត្រឹមត្រូវឥតខ្ចោះ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ Olise បានលើកកម្ពស់កម្រិតលេងរបស់ខ្លួនមួយកម្រិតទៀត ទាំងនៅក្លិប Bayern Munich និងក្រុមជម្រើសជាតិបារាំង ដែលធ្វើឱ្យការបញ្ចូលឈ្មោះគេទៅក្នុងបញ្ជីកីឡាករលំដាប់ពិភពលោករបស់ស្ថាប័ន GOAL ក្លាយជារឿងស័ក្តិសមបំផុត។

លោក Henry បានបន្ថែមថា៖ «វាមិនមែនជារឿងងាយស្រួលទេក្នុងការស្វែងរកកីឡាករដូច Michael» ដែលជាទេពកោសល្យដ៏អស្ចារ្យ អាចទាក់ទាញអ្នកគាំទ្រឱ្យក្រោកឈរទះដៃ ហើយសូម្បីតែកំពូលវីរបុរសបាល់ទាត់ Zinedine Zidane ក៏រំភើបចិត្តដល់ថ្នាក់រត់តាមខ្សែបន្ទាត់ទីលាន និងទាត់បាល់ចេញដោយក្តីរីករាយយ៉ាងខ្លាំងផងដែរ។
វីរបុរសអាវលេខ ១០ រូបនេះ បានរំឭកពីប្រតិកម្មដ៏រំភើបរបស់លោក នៅពេលឃើញ Olise ស៊ុតបាល់កោងបញ្ចូលទីយ៉ាងស្អាតយកជ័យជម្នះនៅចុងម៉ោង ក្នុងការប្រកួតពានរង្វាន់ Nations League រវាងបារាំង និងបែលហ្ស៊ិក កាលពីរាត្រីថ្ងៃអង្គារ បន្ទាប់ពីទទួលបាល់យ៉ាងហោចណាស់ ១៥ យ៉ាត នៅក្នុងតង់ទីលានរបស់ខ្លួនថា៖ «វាហាក់បីដូចជារឿងគួរឱ្យអស់សំណើចបន្តិច។ នៅពេលខ្ញុំឃើញគេញាក់បាល់កាត់ខ្សែការពារ ខ្ញុំបានប្រាប់ខ្លួនឯងថា “គេច្បាស់ជាស៊ុតចូលមិនខាន”។ ខ្ញុំបានស្រែកគាំទ្រគេអស់ពីចិត្ត ពីព្រោះខ្ញុំស្រឡាញ់កីឡាករប្រភេទនេះ។ គេជាទេពកោសល្យដ៏វិសេសវិសាល។ ពេលគេលេង គេតែងតែចង់បង្កើតភាពរីករាយដល់អ្នកគាំទ្រ។ ប៉ុន្តែមិនត្រឹមតែប៉ុណ្ណោះទេ គេមានការយល់ដឹងអំពីការប្រកួតយ៉ាងស៊ីជម្រៅ គេអាចដឹងមុនពីចលនារបស់គូប្រកួត ហើយដឹងច្បាស់ពីពេលវេលាដែលត្រូវវាយលុក និងពេលដែលត្រូវដកថយ» នេះបើតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
ក្នុងន័យនេះ Olise ស្ទើរតែជាខ្សែប្រយុទ្ធដ៏ល្អឥតខ្ចោះម្នាក់ ដែលខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅពេលគ្មានបាល់ ហើយក្នុងពេលជាមួយគ្នានោះ ធ្វើឱ្យការគ្រប់គ្រងបាល់មើលទៅហាក់បីដូចជាងាយស្រួលបំផុត។ ទោះជាយ៉ាងណាក៏ដោយ មាគ៌ារបស់កីឡាករជម្រើសជាតិបារាំងរូបនេះ មិនមែនសុទ្ធតែរលូននោះឡើយ។ កាលពីវ័យកុមារ ថ្វីត្បិតតែគ្មាននរណាសង្ស័យពីសក្តានុពលកម្រិតពិភពលោករបស់គេក្តី ប៉ុន្តែអត្តចរិតប្លែកពីគេរបស់គេ ធ្លាប់ជាប្រភពនៃការព្រួយបារម្ភយ៉ាងខ្លាំង។
Olise កើតនៅទីក្រុងឡុងដ៍ ដោយមានឪពុកជាជនជាតិនីហ្សេរីយ៉ា និងម្តាយជាជនជាតិបារាំងកាត់អាល់ហ្សេរី ហើយដុងពីកំណើតរបស់គេលើកីឡាបាល់ទាត់បានស្តែងឡើងតាំងពីវ័យក្មេង។ លោក Michael Richards ដែលជាអតីតគ្រូបង្វឹករបស់ Olise នៅក្លិប Hayes & Yeading បានប្រាប់សារព័ត៌មាន The Athletic កាលពីដើមឆ្នាំនេះថា៖ «គេជាក្មេងលេងបាល់ដ៏អស្ចារ្យដែលមិនគួរឱ្យជឿ សូម្បីតែក្នុងវ័យ ៦ ឆ្នាំ។ របៀបដែលគេរត់យ៉ាងរលូននៅលើទីលាន គឺដូចជាការទស្សនាកីឡាករជិះស្គីលើទឹកកកកំពុងលេងបាល់ទាត់ដូច្នោះដែរ»។
ដោយមិនគួរឱ្យភ្ញាក់ផ្អើលឡើយ ខ្សែប្រយុទ្ធដ៏ប៉ិនប្រសប់ និងមានស្មារតីសាមគ្គីខ្ពស់រូបនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីបណ្តាក្លិបកំពូលៗនៅទីក្រុងឡុងដ៍ ប៉ុន្តែគេក៏បានបង្ហាញឱ្យឃើញនូវចរិតរឹងរូស និងផ្ទុយពីគេតាំងពីដើមទីផងដែរ។ យោងតាមសារព័ត៌មាន Football London បានឱ្យដឹងថា Olise ធ្លាប់បានប្រាប់ឪពុកម្តាយរបស់ខ្លួនថា គេនឹងមិនទៅចូលរួមការធ្វើតេស្តសមត្ថភាពនៅក្លិប Chelsea ឡើយ លុះត្រាតែគេត្រូវបានអនុញ្ញាតឱ្យពាក់ «អាវ Manchester United ជាទីស្រឡាញ់» របស់គេ។
ទោះជាយ៉ាងណា ដោយសារតែសមត្ថភាពដ៏លេចធ្លោពីកំណើត ក្លិបតោខៀវ Chelsea នៅតែចុះកិច្ចសន្យាយកគេដដែល។ ប៉ុន្តែចរិតបះបោរម្តងម្កាលរបស់ Olise ក្នុងអំឡុងពេល ៧ ឆ្នាំនៅក្លិបមួយនេះ នៅទីបំផុតបាននាំឱ្យមានការសម្រេចចិត្តចែកផ្លូវគ្នាក្នុងឆ្នាំ ២០១៦។
យោងតាមសេចក្តីរាយការណ៍ជាច្រើន Olise មិនមែនជាក្មេងមិនល្អនោះទេ គ្រាន់តែជាក្មេងពិបាកទប់ទល់បន្តិចប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលការផ្លាស់ទៅកាន់ថ្នាលយុវជនរបស់ Manchester City ត្រូវបានបញ្ចប់មុនពេលកំណត់ជាបន្តទៀតនោះ ក្តីបារម្ភពិតប្រាកដមួយបានកើតឡើងថា Olise ប្រហែលជាមិនអាចឈានដល់កម្រិតកំពូលនៃសក្តានុពលរបស់ខ្លួនបានឡើយ។
លោក Sean Conlon អតីតអ្នកបង្ហាត់បង្ហាញ Olise នៅសាលាបាល់ទាត់ We Make Footballers បានរំឭកប្រាប់កាសែត The I Paper ថា៖ «ខ្ញុំចាំបានថា ខ្ញុំបានប្រាប់គេថា “ឯងមានអាយុ ១៤ ឆ្នាំហើយឥឡូវនេះ ក្នុងរយៈពេល ៤ ឆ្នាំទៀត ឯងនឹងមានអាយុ ១៨ ឆ្នាំ ហើយត្រូវធ្វើឱ្យអ្នកណាដែលមិនជឿជាក់លើឯងមានការសោកស្តាយ”។ ហើយ ការត្រូវបានបញ្ឈប់ដោយ Chelsea និង City គឺជាចំណុចរបត់ដ៏សំខាន់ ដែលបានផ្លាស់ប្តូរគេ និងធ្វើឱ្យគេក្លាយជាមនុស្ស ដូចសព្វថ្ងៃនេះ ពីព្រោះគេបានបន្ទាបខ្លួន និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព»។
ប្រែសម្រួល៖គីរី
