សិល្បៈ និង កម្សាន្ត

អតីតកាលដ៏រុងរឿង របស់តារាស្រី Sharla Cheung ក្នុងរឿង ទិន ហ្វី និងស្នាដៃដ៏ គួរឱ្យភ្ញាក់ផ្អើលមួយ ក្រោយលាឈប់ពីសិល្បៈ

បរទេស៖​​ រាល់ពេលនឹកដល់ភាពយន្តសម័យដំបូងៗ របស់កំពូលតារាកំប្លែងហុងកុង លោក Stephen Chow Sing-chi (ទិន ហ្វី) គេប្រាកដជាមិនអាចបំភ្លេច បានឡើយនូវតួឯកស្រីដ៏ស័ក្តិសម និងជាកំពូលសម្រស់ប្រចាំទសវត្សរ៍ទី៩០ គឺអ្នកនាង Sharla Cheung Man ។ ការចាប់គូគ្នារវាងអ្នកទាំងពីរ បានបង្កើតនូវរសជាតិសិល្បៈដ៏ទាក់ទាញមួយ ដោយលោក ទិន ហ្វី តែងតែលេចធ្លោក្នុងតួអង្គបុរសកំប្លែង ឡប់ៗ និងក្រមិចក្រមើម ខណៈអ្នកនាង Sharla ច្រើនដើរតួជានារីស្រស់ស្អាត ថ្លៃថ្នូរ ត្រជាក់ស្រឹប និងជាក្តីប្រាថ្នារបស់តួឯកប្រុស ដែលភាពផ្ទុយគ្នា ស្រឡះនេះហើយ បានធ្វើឱ្យសាច់រឿងកាន់តែមាន ភាពរ៉ូមែនទិក និងស៊ីចង្វាក់គ្នាបំផុត នេបើតាមការចេញផ្សាយពី South China Morning Post នាពេលថ្មីៗនេះ ។

អ្នកទាំងពីរបានសម្តែងភាពយន្តរួមគ្នាជាង ១០រឿង ដែលក្នុងនោះមានភាពយន្តល្បីៗកក្រើកប្រវត្តិសាស្ត្រដូចជារឿង “All for the Winner” (ផលិតនៅឆ្នាំ១៩៩០) និងរឿង “Fight Back to School” ឬដែលពលរដ្ឋខ្មែរយើងស្គាល់ច្បាស់ថាជារឿង «ទិនហ្វីសិស្សសាលា» (ផលិតនៅឆ្នាំ១៩៩១) ជាដើម។ ភាពយន្តទាំងពីរនេះ មិនត្រឹមតែបានបំបែកកំណត់ត្រាប្រាក់ចំណូលកាលពីសម័យនោះទេ តែត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រភាពយន្តហុងកុង ថាជាគំរូដើមនៃទម្រង់សិល្បៈ “Mo Lei Tau”។ ទម្រង់សិល្បៈនេះ គឺជាប្រភេទកំប្លែងបែបឡប់ៗ និយាយក្រៅសាច់រឿង និងមានកំប្លែងកាយវិការ (Slapstick comedy) ដែលពោរពេញទៅដោយភាពច្នៃប្រឌិត ហួសចិត្ត និងមានប្រជាប្រិយភាពបំផុតប្រចាំទីក្រុងហុងកុង។

វត្តមានរបស់អ្នកនាង Sharla Cheung នៅក្នុងខ្សែភាពយន្តរបស់លោក ទិន ហ្វី មិនត្រឹមតែជាការលម្អសាច់រឿងប៉ុណ្ណោះទេ ប៉ុន្តែនាងបានក្លាយជានិមិត្តរូបនៃតួឯកស្រីកម្សាន្តអារម្មណ៍ (Muse) ដែលអ្នកគាំទ្រតែងតែទន្ទឹងរង់ចាំមើលជានិច្ច។ ស្នាមញញឹមដ៏ស្រទន់ និងកែវភ្នែកដ៏មុតថ្លារបស់នាង បានដក់ជាប់ក្នុងបេះដូងទស្សនិកជនរហូតមកដល់បច្ចុប្បន្ន ហើយទោះបីជាពេលវេលាកន្លងផុតទៅច្រើនទសវត្សរ៍យ៉ាងណាក្តី ក៏ស្នាដៃរួមគ្នារបស់កំពូលតារាទាំងពីរដួងនេះ នៅតែត្រូវបានមហាជន និងអ្នកគាំទ្រទូទាំងអាស៊ី យកមកទស្សនាឡើងវិញដោយមិនចេះធុញទ្រាន់ឡើយ។»

ប្រែសម្រួល៖​ គីរី​

Most Popular

To Top