កីឡា

ពិធីបុណ្យសពកីឡាករ De Miguel ៖ ក្រុមគ្រួសាររំជួលចិត្ត និងថ្លែងអំណរគុណចំពោះការគាំទ្រដ៏ធំធេងពីមហាជន

បរទេស៖ ក្រុមគ្រួសាររបស់កីឡាករ Jesus de Miguel បានថ្លែងថា “ស្នាមដានដែលគាត់បានបន្សល់ ទុកក្នុងចិត្តមនុស្សជាច្រើន” គឺជារឿងមួយដែលពួកគេនឹងចងចាំជានិច្ច ខណៈដែលពិធីបុណ្យសព របស់កីឡាករបាល់ទាត់រូបនេះត្រូវបានប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍នេះ។
នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខ្សែប្រយុទ្ធក្រុម Tenerife វ័យ៣០ឆ្នាំរូបនេះ បានទទួលមរណភាព បន្ទាប់ពីទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ អំឡុងពេលប្រកួតក្របខណ្ឌ លីគទីពីរអេស្ប៉ាញកាលពីថ្ងៃចន្ទ។
​បន្ទាប់ពីមានការប៉ះទង្គិចជាមួយអ្នកចាំទីក្រុម FC Andorra លោក De Miguel បានដេកស្តូកស្តឹងនៅលើទីលាន ខណៈដែលក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ ហើយលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាទីដែលបុរសមានកូនមួយរូបនេះបានទទួលមរណភាពនៅម៉ោង ០៧:០០ នាទីព្រឹក (ម៉ោងសកល GMT) ថ្ងៃអង្គារ។

​អ្នកចាំទី Jesus Owono ត្រូវបានបណ្តេញចេញពីទីលាន (កាតក្រហម) ចំពោះការបង្កហេតុនេះ ហើយការប្រកួតត្រូវបានលុបចោល។ ប៉ុន្មានម៉ោងបន្ទាប់ពីដំណឹងមរណភាពត្រូវបានប្រកាស អ្នកចូលរួមរំលែកទុក្ខបានដាក់កម្រងផ្កា និងអុជទៀននៅខាងក្រោមរូបភាពសខ្មៅរបស់លោក De Miguel នៅឯកីឡដ្ឋាន Estadio Heliodoro Rodriguez Lopez ដែលជាកីឡដ្ឋាននៅលើកោះ Tenerife ជាទីតាំងដែលការប្រកួតកាលពីថ្ងៃចន្ទបានធ្វើឡើង។

​ការគោរពវិញ្ញាណក្ខន្ធត្រូវបានធ្វើឡើងចំពោះលោក De Miguel ដែលបានចូលរួមជាមួយក្រុម Tenerife កាលពីរដូវក្តៅឆ្នាំ២០២៥ ដោយមានការស្មឹងស្មាធិ៍មួយនាទីនៅគ្រប់ការប្រកួតក្នុងពានរង្វាន់អឺរ៉ុបនាវគ្គសប្តាហ៍នេះ។

​ភ្នាក់ងាររបស់គាត់ លោក Manuel Hernandez បានចេញសេចក្តីថ្លែងការណ៍តំណាងឱ្យក្រុមគ្រួសារ ដែលមានខ្លឹមសារថា៖ “សូមអរគុណចំពោះការស្រឡាញ់គាត់ ការចងចាំគាត់ និងការនៅក្បែរពួកយើង។”

​សេចក្តីថ្លែងការណ៍បន្តថា៖ “ពួកយើងរកពាក្យអ្វីមកថ្លែងអំណរគុណឱ្យបានគ្រប់គ្រាន់មិនបានឡើយ សម្រាប់គ្រប់សារ គ្រប់ការហៅទូរសព្ទ និងគ្រប់កាយវិការនៃក្តីស្រឡាញ់ដែលពួកយើងទទួលបាន។ សូមអរគុណដល់អ្នកគ្រប់គ្នាដែលបាននឹកដល់គាត់ រួមមានមិត្តរួមការងារ មិត្តភក្តិ អ្នកគាំទ្រ និងក្លិបទាំងអស់ដែលបានផ្ញើសាររំលែកទុក្ខ និងឈរនៅក្បែរពួកយើងក្នុងអំឡុងពេលដ៏សែនឈឺចាប់នេះ។”

​”ការទទួលបាននូវក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះ Jesus និងការបានឃើញស្នាមដានដែលគាត់បានបន្សល់ទុកក្នុងចិត្តមនុស្សជាច្រើន គឺជារឿងមួយដែលពួកយើងនឹងចងចាំជាប់ក្នុងចិត្តជានិច្ច។”

​តាមរយៈសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្លិប Andorra របស់គាត់កាលពីថ្ងៃពុធ អ្នកចាំទី Owono បាននិយាយថា គាត់កំពុងឆ្លងកាត់ “ពេលវេលាដ៏លំបាកបំផុតក្នុងជីវិតរបស់គាត់”។ លោកបានបន្ថែមថា៖ “ខ្ញុំមានការឈឺចាប់យ៉ាងខ្លាំងចំពោះការបាត់បង់ Jesus។ ខ្ញុំនឹកគិតដល់គាត់ គ្រួសាររបស់គាត់ និងមនុស្សគ្រប់គ្នាដែលស្រឡាញ់គាត់។”
​ពិធីបុណ្យសពរបស់លោក De Miguel ត្រូវបានប្រារព្ធឡើងនៅស្រុកកំណើតឪពុកម្តាយរបស់គាត់ ក្នុងទីក្រុង Navahermosa ខេត្ត Toledo ដែលមានចម្ងាយប្រហែល ១២៥គីឡូម៉ែត្រ ពីរដ្ឋធានីម៉ាឌ្រីដ (Madrid) ប្រទេសអេស្ប៉ាញ។

​គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញបច្ចុប្បន្ន លោក Luis de la Fuente ស្ថិតក្នុងចំណោមអ្នកចូលរួមរំលែកទុក្ខ រួមជាមួយប្រធានក្លិប Real Madrid លោក Florentino Perez នាយកប្រតិបត្តិក្លិប Atletico Madrid លោក Miguel Angel Gil Marin និងអតីតគ្រូបង្វឹកក្លិប Real Madrid និងក្រុមជម្រើសជាតិអេស្ប៉ាញ លោក Jose Antonio Camacho ។

​ក្រុមគ្រួសារក៏បានស្នើសុំ “ដោយក្តីគោរពបំផុត សូមឱ្យមានការគោរពសិទ្ធិឯកជនរបស់ពួកយើង និងសិទ្ធិឯកជនរបស់អ្នកគ្រប់គ្នាដែលកំពុងគាំទ្រពួកយើងនៅពេលនេះ”។
​សេចក្តីថ្លែងការណ៍បានបន្ថែមចុងក្រោយថា៖ “យើងត្រូវការពេលវេលាកាន់ទុក្ខក្នុងភាពស្ងប់ស្ងាត់ ដែលស្ថានភាពនេះទាមទារ។ ពួកយើងសូមកោតសរសើរចំពោះក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការបង្ហាញការគាំទ្រដែលការ បាត់បង់របស់គាត់ទទួលបាន ហើយពួកយើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់អ្នកទាំងអស់គ្នា។”

ប្រែសម្រួល៖ គីរី

Most Popular

To Top