បរទេស៖ប្រេសិតពិសេស អង្គការសហប្រជាជាតិ លោក Martin Griffiths នៅថ្ងៃសៅរ៍នេះ បានអំពាវនាឲ្យបញ្ចប់ភ្លាមនូវសកម្មភាព យោធាធ្វើឡើងដោយភាគីសង្គ្រាមនៅប្រទេសយេម៉ែន ស្របពេលហិង្សាថ្មីៗ រវាងចលនាពួកហូធី និងកងកម្លាំងចម្រុះ ដឹកនំាដោយអារ៉ាប៊ីសាអូឌីត គម្រាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែង សន្តិភាព។
នៅកណ្ដាលទីក្រុង Marib លោក Martin Griffiths បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “កាលពីសប្ដាហ៍មុន ខ្ញុំបានចេញសំណើជាសាធារណៈមួយ ឲ្យបញ្ឈប់លើសកម្មភាពយធានានា ហើយនៅថ្ងៃនេះ ខ្ញុំនឹងលើកឡើងជាថ្មីនូវសំណើឲ្យបញ្ឈប់ភ្លាមៗដោយគ្មានលក្ខខណ្ឌ។ ប្រទេសយេម៉ែន ជាធម្មតា មិនអាចរង់ចាំបានទេ”។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នា យ៉ាងខ្លាំងក្លា បានបន្តកើតមាននៅ ក្នុងខេត្ត al-Jawf ចាប់តាំងពីខែមុនមកម្ល៉េះ និងបានបញ្ចប់ ដោយពួកហូធីកាន់កាប់គ្រប់គ្រង លើរដ្ឋធានី al-Hazem កាលពីសប្ដាហ៍មុន ស្របពេលដែលកងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត នៅតែបន្តធ្វើការវាយប្រហារតាមអាកាស ទៅលើទីក្រុងនិងភូមិនានា ក្នុងតំបន់៕