សេដ្ឋកិច្ច​

ធានាគារ​ អភិវឌ្ឍន៍អាស៊ី៖ តម្រូវការហេដ្ឋារចនាសម្ព័ន្ធ​នៅតំបន់អាស៊ី នឹងត្រូវការចំណាយច្រើន​ ទ្រីលានដុល្លារអាមេរិក

សិង្ហបុរី: គម្រោងផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូទឹកសម្អុយ កំពង់ផែ និងផ្លូវដែកសុទ្ធតែជាហេដ្ឋារចនាសម្ព័ន្ធធំៗ និងសំខាន់ៗ ដែលគ្រប់ប្រទេសទាំងអស់ នៅតំបន់អាស៊ី នឹងចាំបាច់ត្រូវតែវិនិយោគ ដើម្បីរក្សាសន្ទុះកំណើន ដោះស្រាយបញ្ហាភាពក្រីក្រ និងឆ្លើយតបទៅនឹង បម្រែបម្រួលអាកាសធាតុ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៩ មិថុនា នេះឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា តាមការរំពឹងទុក តម្រូវការហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់អាស៊ី នឹងត្រូវការចំណាយរហូត ដល់ទៅប្រមាណ ២៦ទ្រីលានដុល្លារអាមេរិកឯណោះ នៅចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៣០។ នោះមានន័យថា ក្នុងមួយឆ្នាំៗត្រូវចំណាយ អស់ជាង ១,៧ទ្រីលានដុល្លារអាមេរិក។

ការឆ្លងរាលដាលវីរុសកូវីដ-១៩ បានធ្វើឱ្យខ្ទង់ចំណាយនោះ កាន់តែប៉ោងធំឡើងដោយសារវិស័យនានា ដូចជា វិស័យសុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មានជាដើម ត្រូវការមូលនិធិបន្ថែមទៀត ជាចាំបាច់ ដើម្បីដោះស្រាយ បញ្ហាប្រឈមមុខ។

ក្នុងពេលជាមួយគ្នានេះ ថវិការបស់រដ្ឋាភិបាលនានា កំពុងត្រូវបានបាត់បង់ នៅពេលរដ្ឋាភិបាល ទាំងនោះជះលុយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីស្ដារសេដ្ឋកិច្ចដែលដាំក្បាលចុះ ដោយសារវិបត្តិកូវីដ-១៩។

ក្រុមអ្នកមើលឧស្សាហកម្មបាននិយាយថា កត្តានេះបានបង្កការលំបាកយ៉ាងខ្លាំង ដោយវិស័យសាធារណៈតែឯង មិនអាចបំពេញតម្រូវការដ៏ធំសម្បើមនេះបានឡើយ។ ដូចនេះថវិកា សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា នឹងត្រូវការជំនួយដែលមិនអាចខ្វះបានពីវិស័យឯកជន។

ទោះជាយ៉ាងណា ធនាគារមិនមែន ជាប្រភពហិរញ្ញវត្ថុដ៏សំខាន់ សម្រាប់បំពេញតម្រូវការទាំងនេះឡើយ។ ក្រុមអ្នកជំនាញ បានលើកឡើងថា ការពឹងផ្អែកលើធនាគារ សម្រាប់ហិរញ្ញប្បទានមិនមែន ជារឿងល្អឡើយ ព្រោះធ្លាប់មានបទពិសោធន៍ មិនល្អរួចមកហើយ អំឡុងវិបត្តិហិរញ្ញវត្ថុ នៅអាស៊ី ក្នុងឆ្នាំ១៩៩៧។

ជុំវិញបញ្ហានេះលោក Clifford Lee ប្រធានផ្នែកប្រាក់ចំណូលថេរ ទូទាំងពិភពលោក នៃធនាគារសិង្ហបុរី DBS បានគូសបញ្ជាក់ថា វិធីដ៏ល្អបំផុតគឺត្រូវទាក់ទាញ ឱ្យមានចូលរួមពីបណ្ដាវិយោគិន ឱ្យបានច្រើននៅក្នុងគម្រោងទាំងនោះ៕ ប្រភព៖ propertyarea.asia

Most Popular

To Top