ព្រឹត្តិការណ៍

ឧកញ៉ា ទៀ វិចិត្រ ទទួលបានសត្វពង្រូល១ក្បាល​ ពីប្រជាពលរដ្ឋ នាំយកទៅព្រលែង ក្នុងព្រៃធម្មជាតិវិញ ក្នុងគោលបំណង អភិរ័ក្សសត្វកម្រ

ព្រះសីហនុ៖​ ជាថ្មីម្តងទៀត ក្នុងសប្តាហ៍នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក កូនសត្វពង្រូលមួយក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វនេះ បានរស់រានមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលបានពីប្រជាពលរដ្ឋ ដែលមានបំណងចូលរួម​ជាមួយលោកឧកញ៉ា ក្នុងយុទ្ធនាការ អភិរ័ក្សប្រភេទសត្វកម្រ នៅកម្ពុជា ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា​ កូនសត្វពង្រូលនេះ មានទម្ងន់ជាង១គីឡូក្រាម បានមកពីប្រជាពលរដ្ឋ ដែលទិញបានរួច នាំយកមកប្រគល់ជូនលោក ដើម្បីព្រលែងចូលទៅក្នុងព្រៃ និងព្រែកធម្មជាតិវិញ ។

ក្នុងនោះដែរ ពលរដ្ឋដែលនាំយកសត្វពង្រួល មកប្រគល់ជូនដល់លោកឧកញ៉ា ទៀ វិចិត្រ ក៏បានប្រាប់ដែរថា ការដែលនាំយកកូនសត្វពង្រូលនេះ មកជូនលោកឧកញ៉ា ដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វ និងលែងសត្វជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកកូនសត្វពង្រូល មកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវ អោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សាការពារ សត្វព្រៃឬសត្វកម្រ គ្រប់ប្រភេទ តាមរយៈកុំប្រមាញ់ កុំសម្លាប់ និងថាការព្រលែងសត្វ អោយរស់រានមានជីវិតវិញ ក្រៅពីទទួលបាន នូវបុណ្យកុសល ក៏បានរួមចំណែក ជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕



Most Popular

To Top