ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោស យ៉ាងខ្លាំងលើអាមេរិក ចំពោះរបាយការណ៍ថ្មី ស្ដីពីការអភិវឌ្ឍន៍ យោធារបស់ខ្លួន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរបាយការណ៍ថ្មីៗនេះ ស្តីពីការអភិវឌ្ឍន៍យោធា របស់ប្រទេសចិន ដែលចេញផ្សាយដោយក្រសួងការពារជាតិ សហរដ្ឋអាមេរិក។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា របាយការណ៍នេះមិនគោរពតាមការពិត និងមានភាពលម្អៀង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកលើកឡើងថា របាយការណ៍នេះ បានប្រឌិតអ្វីដែលគេហៅថា “ការគំរាមកំហែងខាងយោធារបស់ចិន” ធ្វើឱ្យមានការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន លើការកសាងសមត្ថភាព នុយក្លេអ៊ែររបស់ប្រទេសចិន និងបានជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ដែលពាក់ព័ន្ធនឹងតៃវ៉ាន់ និងបញ្ហាផ្សេងៗទៀត។ ប្រទេសចិន បានធ្វើការតំណាងយ៉ាងឱឡារិក ចំពោះភាគីសហរដ្ឋអាមេរិក។

លោក Wu បានឲ្យដឹងថា ការអភិវឌ្ឍន៍យោធារបស់ចិន គឺសំដៅការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេស។ លោកបានបន្ថែមថា “វាមិនកំណត់គោលដៅប្រទេសណាមួយ ហើយក៏មិនបង្កការគំរាមកំហែង ដល់ប្រទេសផ្សេងទៀតដែរ “។

លោក Wu បានលើកឡើងថា សហរដ្ឋអាមេរិក គឺជាប្រភពនៃការគំរាមកំហែង នុយក្លេអ៊ែរដ៏ធំបំផុត នៅទូទាំងពិភពលោក។ លោក Wu បានរំលឹកឡើងវិញថា មានប្រទេសចិន តែមួយគត់ នៅលើពិភពលោក ហើយតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់ ពីប្រទេសចិនបាន។

លោកបានបន្ថែមថា ការកើនឡើងភាពតានតឹង នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ គឺបណ្តាលមកពីការប៉ុនប៉ង របស់អាជ្ញាធរគណបក្សរីកចម្រើន ប្រជាធិបតេយ្យក្នុងការផ្តល់ជំនួយ ពីបរទេសក្នុងការស្វែងរក “ឯករាជ្យភាពតៃវ៉ាន់”៕ ដោយ ឈូក បូរ៉ា

Most Popular

To Top