ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសជប៉ុន៖ លោក Blinken បានផ្តល់ការប្តេជ្ញា អាមេរិក ក្នុងកិច្ចការពារ ជប៉ុន

បរទេស៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់ជប៉ុន លោក Yoshimasa Hayashi បាននិយាយនៅថ្ងៃសៅរ៍នេះថា រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បានអះអាងចំពោះលោក នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយថា ការប្តេជ្ញារបស់សហរដ្ឋអាមេរិក ក្នុងកិច្ចការពារប្រទេសជប៉ុន រួមទាំងដែនកោះភាគខាងត្បូង ដែលអះអាងកម្មសិទ្ធិ ដោយប្រទេសចិននោះ គឺមានការងាករេនោះទេ។ 

ចំណងមិត្តភាពរបស់ជប៉ុន ជាមួយប្រទេសចិន ត្រូវបានញាំញីដោយសារជម្លោះទឹកដី ជុំវិញក្រុមកោះដែលគ្រប់គ្រងដោយជប៉ុន នៅក្នុងដែនសមុទ្រចិនខាងកើត ដែលជប៉ុនហៅថា សែនកាគូ និងចិនហៅថា ដាយយូ ក៏ដូចជារឿងរ៉ាវ នៃការឈ្លានពានយោធាក្នុងអតីតកាល របស់ជប៉ុនផងដែរ។ 

លោក Yoshimasa Hayashi បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា ការប្តេជ្ញារបស់សហរដ្ឋអាមេរិក ក្នុងកិច្ចការពារប្រទេសជប៉ុន ដោយរួមទាំងការ អនុវត្តមាត្រា៥នៃសន្ធិសញ្ញាសន្តិសុខ ជប៉ុន-អាមេរិក សម្រាប់កោះសែនកាគូនោះ គឺគ្មានការងាករេនោះទេ។ 

គួរបញ្ជាក់ថា មាត្រា៥នៃសន្ធិសញ្ញាសន្តិសុខ ជប៉ុន-អាមេរិក និយាយថា ភាគីនីមួយៗទទួលស្គាល់ថា ការវាយប្រហារដោយអាវុធណាមួយ ទៅលើទឹកដី ក្រោមការគ្រប់គ្រងរបស់ប្រទេសជប៉ុន នឹងជារឿងគ្រោះថ្នាក់ ដល់សន្តិភាពនិងសុវត្ថិភាពរបស់ប្រទេស ហើយវានឹងធ្វើចំណាត់ការ ដើម្បីឆ្លើយតបចំពោះភាពគ្រោះថ្នាក់រួម៕  ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top