តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា យល់ព្រមជាមួយឧត្តមនាវីឯក John Aquilino មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិក និងធ្វើការឆ្ពោះទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ចំពេលមានការកើនឡើងឥទ្ធិពលរបស់ចិន និងការគំរាមកំហែងមីស៊ីលរបស់កូរ៉េខាងជើង។
ក្នុងអំឡុងពេល នៃកិច្ចប្រជុំប្រហែល ២០នាទីដែលត្រូវបានប្រារព្ធឡើងមួយថ្ងៃ បន្ទាប់ពីលោក គីស៊ីដា ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីម្តងទៀតនោះ អ្នកទាំងពីរបានចែករំលែកការព្រួយបារម្ភទាក់ទង នឹងការប៉ុនប៉ងឯកតោភាគី របស់ចិន ក្នុងការកែប្រែស្ថានភាពក្នុងតំបន់ និងផ្លាស់ប្តូរទស្សនៈស្តីពីការបាញ់សាកល្បងកាំជ្រួច របស់កូរ៉េខាងជើង នេះបើតាមរដ្ឋាភិបាលជប៉ុន។
លោក គីស៊ីដា បានឲ្យដឹងនៅដើមដំបូង នៃកិច្ចប្រជុំថា “តាមរយៈការបង្កើន កិច្ចសហប្រតិបត្តិការ រវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ខ្ញុំចង់សម្រេចបាន នូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ។
លោក Aquilino បានឆ្លើយតបថា លោកបានប្តេជ្ញាចិត្តក្នុងការ “ផ្តល់នូវឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ព្រមទាំងសន្តិភាព និងស្ថិរភាព និងវិបុលភាពសម្រាប់តំបន់”។
មេបញ្ជាការ ក៏បានជួបកាលពីថ្ងៃព្រហស្បតិ៍ ជាមួយរដ្ឋមន្ត្រីការពារជាតិ Nobuo Kishi និងរដ្ឋមន្ត្រីការបរទេសថ្មី របស់ជប៉ុន Yoshimasa Hayashi ដែលបានចូលកាន់តំណែងកាលពីថ្ងៃមុន នៅពេលដែលលោក គីស៊ីដា បានបង្កើតគណៈរដ្ឋមន្ត្រីទីពីរ របស់លោក បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំ ជប៉ុនជាថ្មីដោយសភា។
លោក Hayashi បានអំពាវនាវ ឱ្យពង្រឹងការរារាំងក្រោមសម្ព័ន្ធភាពទ្វេភាគី។ លោក Kishi បានឲ្យដឹងក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេថា “បរិយាកាសសន្តិសុខជុំវិញប្រទេសជប៉ុន កាន់តែធ្ងន់ធ្ងរ” ដោយសំដៅទៅលើ ស្ថានភាពរបស់ប្រទេសចិន និងកូរ៉េខាងជើង។
នៅពេលដែល Kishi និង Aquilino បានជួបគ្នាចុងក្រោយនៅក្នុងខែមិថុនា ពួកគេបានយល់ព្រម លើសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន៕ ដោយ ឈូក បូរ៉ា