ភ្នំពេញៈ ទុនបម្រុងអន្តរជាតិ សរុបនៅក្នុងឆ្នាំ២០២១ ខាងមុខនេះ ត្រូវបានព្យាករថា នឹងកើនឡើងដល់១៦,៩៨១លានដុល្លារ អាមេរិក និងធានាការនាំចូល ៨,០ខែ ដោយហេតុថា ការនាំចូលរបស់កម្ពុជា ក៏នឹងងើបឡើងវិញបន្តិច ។
យោងតាមខ្លឹមសារសង្ខេប នៃច្បាប់គ្រប់គ្រងថវិកាជាតិឆ្នាំ ២០២១ ដែលរដ្ឋសភាអនុម័តកាលពីពេលថ្មីៗនេះ ឱ្យដឹងទៀតថា សម្រាប់អតិផរណា ជាធម្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រា៣,១ភាគរយ ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុក នៃការកើនឡើង ថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ២០២០ ។
ចំណែកឯអត្រាប្តូរប្រាក់រៀល ត្រូវបានប៉ាន់ស្មានថា នឹងនៅតែបន្តមានស្ថេរភាព ក្នុងរង្វង់៤០៦៥រៀល ក្នុងមួយដុល្លារក្នុងឆ្នាំ២០២១ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំនឿទុកចិត្តពីសំណាក់សាធារណជន លើការប្រើប្រាស់ប្រាក់រៀល តាមរយៈការអនុវត្តវិធានការលើកកម្ពស់ ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងបន្តពង្រឹងគោលនបាយគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ។
ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករថា នឹងរួមតូចបន្តិចមកត្រឹម ១៧,៣ ភាគរយនៃផសស ដោយសារការរំពឹងនៃការងើបឡើងវិញសន្សឹមៗ នូវការនាំចេញ និងវិស័យទេសចរណ៍។
ជារួមទោះបីជាសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២១ ត្រូវបានរំពឹងថា នឹងងើបឡើងវិញក្នុងអត្រា ដូចខាងលើក៏ដោយ សេដ្ឋកិច្ចកម្ពុជាក៏ត្រូវជួបបញ្ហាប្រឈម និងហានិភ័យមួយចំនួនទាំងក្នុង និងក្រៅប្រទេស ដែលអាចនឹងធ្វើឱ្យប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ច និងបង្កឲ្យមានភាពរអាក់រអួល ដល់ការអភិវឌ្ឍន៍រួម។
ក្នុងន័យនេះ រាជដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវវិធានការអន្តរាគមន៍ សមស្រប និងទាន់ពេលវេលា តាមរយៈគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយរចនាសម្ព័ន្ធ ក្នុងគោលបំណងរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ស្តារ និងជំរុញកំណើនជាថ្មីឡើងវិញ។
តាមការវាយតម្លៃពាក់កណ្តាលឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជា២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានអត្រាដាំក្បាលចុះ-០,៩ភាគរយ ក្នុងពេលដែលការវាយតម្លៃឡើងវិញរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នាពេលកន្លងមកនេះ បានខិតខំមកគៀកនឹងកម្រិតអវិជ្ជមាន -២ ភាគយ ។
ដោយឡែកសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២១ ត្រូវបានវាយម្លៃថានឹងងើបឡើងវិញ ហើយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់៣,៥ភាគរយ ដែលធ្វើឱ្យផលទុនជាតិសរុប(ផសស)ថ្លៃបច្ចុប្បន្ន ស្ថិតនៅក្នុងរង្វង់១១៧,៩៣៨ពាន់លានរៀល សមមូលនឹងប្រមាណ២៩,០១៣លានដុល្លារអាមេរិក ស្របពេលដែលផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើង១៧៧១ដុល្លារអាមេរិក បើធៀបនឹងឆ្នាំ ២០២០មានត្រឹម ១៦៨៣ដុល្លារអាមេរិក ។ កំណើននេះគាំទ្រដោយវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និង វិស័យកសិកម្ម។
ធនាគារជាតិនៃកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ បានចេញមកបញ្ជាក់ឱ្យដឹងថា គិតមកត្រឹមចុងខែមិថុនាកន្លងទៅនេះ កម្ពុជាមានទុនបម្រុងអន្តរជាតិចំនួន១៩,៥ពាន់លានដុល្លារអាមេរិក និងមានមាសរក្សាទុកចំនួន៣៦,៥តោន៕
ដោយ ៖ propertyarea