សេដ្ឋកិច្ច​ និង អចលនទ្រព្យ

ចំណេះដឹង! តើ​មាន​លក្ខខណ្ឌ​ អ្វីខ្លះ​ក្នុងការ​ចុះបញ្ជី​ ពាណិជ្ជកម្ម​សម្រាប់​ពាណិជ្ជករ​ជា​នីតិបុគ្គល ​បរទេស?

ភ្នំពេញ៖ ក្រុមហ៊ុន​ពាណិជ្ជកម្ម​បរទេស​ទាំងអស់ ដែល​មានតែ​សាខា ឬ​ទីភ្នាក់ងារ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវធ្វើ​ការបំពេញ​ទំរង់​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​មាត្រា១៧ និង​មាត្រា១៨ នៃ​ច្បាប់​ស្ដីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម ដូចគ្នា​នឹង​ពាណិជ្ជករ​ជា​នីតិបុគ្គល​ដែរ (មាត្រា១៩ កថាខណ្ឌ១ ២ នៃ​ច្បាប់​ស្ដីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម) ។

ផ្ទុយទៅវិញ ករណី​ដែល​ពាណិជ្ជករ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ទាំងឡាយណា ដែល​មិនបាន​ចុះបញ្ជី​ពាណិជ្ជកម្ម តាម​ការ​បញ្ញត្តិ​របស់​ក្រសួងពាណិជ្ជកម្ម​ទេ ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ចំនួន ៥០,០០០៛ (ប្រាំ​ម៉ឺន​រៀល) ទៅ ៥០០,០០០៛ (ប្រាំ​សែន​រៀល) (មាត្រា៤០ ចំណុច១ នៃ​ច្បាប់​ស្ដីពី វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម) ឬ​មានទោស​និទ្ធនភាព​សាមញ្ញ​ក្នុងករណី​ធនក្ស័យ (មាត្រា ៤១ នៃ​ច្បាប់​ដដែល) ។

ហើយ​ចំពោះ​ករណី ពាណិជ្ជករ ឬ​រាល់​អ្នកដឹកនាំ​ក្រុមហ៊ុន​ពាណិជ្ជកម្ម ទាំងឡាយណា​ដែល​ប្រើ​ឯកសារ​ក្លែងក្លាយ​នោះ ត្រូវ​ផ្ដន្ទាទោស​ចាប់ពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១,០០០,០០០៛ (មួយ​លាន​រៀល) ដល់ ១០,០០០,០០០៛ (ដប់​លាន​រៀល)(មាត្រា ៤២ នៃ​ច្បាប់​ដដែល) ។

សរុបមក​សម្រាប់​ពាណិជ្ជករ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ទាំងឡាយណា​ដែល​បានធ្វើ​ការចុះបញ្ជី​ពាណិជ្ជកម្ម លើ​អាជីវកម្ម​របស់ខ្លួន ពួកគេ​នឹង​ទទួលបាន នូវ​អាជីវកម្ម​មួយ​ស្របច្បាប់ ហើយ​ទទួលបាន​នូវ​ការការពារ​ចំពោះ​ឈ្មោះ និង​ផលិតផល​របស់​ក្រុមហ៊ុន​នោះ ព្រមទាំង​ដើម្បី​ធ្វើការ​បញ្ជៀ​ស ការខាតបង់​ផលប្រយោជន៍​នានា ដែល​បណ្ដាល មកពី​ជន​ទុ​ច្ច​រឹត​ធ្វើការ​ក្លែងបន្លំ​ឈ្មោះ ឬ​ផលិតផល​របស់​ក្រុមហ៊ុន​នោះ​ផងដែរ ។

ចំពោះ​ករណីនេះ ម្ចាស់​អាជីវកម្ម ក៏​អាច​ធ្វើការ​ប្ដឹងទៅ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ធ្វើការ​រំលាយ អាជីវកម្ម​របស់​ជន​ទុ​ច្ច​រឹត​នោះ​បានដែរ ប៉ុន្ដែ​បើ​អំពើ​របស់​ជន​នោះ បានធ្វើឱ្យ​ខាតបង់​ផលប្រយោជន៍​ធ្ងន់ធ្ងរ នោះ​ម្ចាស់​អាជីវកម្ម​ដែល​ទទួលរង​គ្រោះ​អាចធ្វើ​ការប្ដឹង​ទាមទារ សំណង​តាមផ្លូវ​តុលាការ​ដែលមាន​សមត្ថ​កិច្ច នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ៕ប្រភព៖propertyarea.asia

Most Popular

To Top