សេដ្ឋកិច្ច​

សិង្ហបុរី នឹងដកការរឹតបន្តឹងព្រំដែន ដើម្បីស្វាគមន៍ទេសចរ ពីតៃវ៉ាន់ចាប់ ពីថ្ងៃទី១៨ ខែធ្នូនេះ

សិង្ហបុរី: អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បានប្រកាសកាលពីថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសនេះនឹងដកការរឹតបន្តឹងព្រំដែនជាឯកតោភាគី (តែភាគីម្ខាង) ដើម្បីស្វាគមន៍ភ្ញៀវទេសចរមកពីកោះតៃវ៉ាន់ ចាប់ពីថ្ងៃ១៨ ធ្នូតទៅ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។

អាជ្ញាធរនេះបានចេញសេចក្ដីប្រកាសព័ត៌មានថា នៅពេលសេចក្ដីសម្រេចនេះចូលជាធរមានភ្លាម ភ្ញៀវទេសចរមកពីកោះតៃវ៉ាន់ អាចដាក់ពាក្យស្នើសុំប័ណ្ណធ្វើដំណើរតាមផ្លូវអាកាស (Air Travel Pass) ចូលក្នុងប្រទេសសិង្ហបុរី បានចាប់ពីថ្ងៃសុក្រ សប្ដាហ៍ក្រោយតទៅ។ អាជ្ញាធរដដែលបន្ថែមថា ជាលក្ខខណ្ឌ ពួកគេត្រូវតែស្ថិតនៅកោះតៃវ៉ាន់ រយៈពេល ១៤ ថ្ងៃជាប់គ្នា មុនពេលចេញដំណើរមកកាន់សិង្ហបុរី។

ហើយពេលមកដល់សិង្ហបុរី ភ្ញៀវទេសចរទាំងនោះនឹងត្រូវឆ្លងកាត់ការធ្វើតេស្តរកវីរុសកូវីដ-១៩។ ប្រសិនបើលទ្ធផលបង្ហាញថាអវិជ្ជមាន ពួកគេនឹងទទួលបានការអនុញ្ញាតឱ្យដើរហើរដោយសេរីក្នុងប្រទេសសិង្ហបុរី ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។

ជាផ្នែកមួយនៃដំណើរការតាមដានប្រវត្តិប្រាស្រ័យទាក់ទងគ្នា ភ្ញៀវទេសចរដែលមកពីកោះតៃវ៉ាន់ ត្រូវដោនឡូត និងចុះឈ្មោះប្រើប្រាស់កម្មវិធីតាមដានប្រវត្តិប្រាស្រ័យទាក់ទង TraceTogether App លើទូរស័ព្ទដៃរបស់ពួកគេ មុនពេលចូលក្នុងប្រទេសសិង្ហបុរី ហើយត្រូវរក្សាឱ្យវាដំណើរការជាប់ជានិច្ចអំឡុងការស្នាក់នៅរបស់ពួកគេ។ ហើយពួកគេមិនត្រូវលុបវាចោលឡើយសម្រាប់រយៈពេល ១៤ ថ្ងៃជាប់គ្នា ក្រោយចាកចេញប្រទេសសិង្ហបុរី។

អាជ្ញាធរនេះបានគូសបញ្ជាក់ថា ទេសចរទាំងនោះក៏នឹងត្រូវរ៉ាប់រងការចំណាយលើការព្យាបាលជំងឺរបស់ខ្លួនពាក់ព័ន្ធវីរុសកូវីដ-១៩ ផងដែរ ខណៈពួកគេនៅក្នុងប្រទេសសិង្ហបុរី។

ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មាន CNA លោក អុង យេ គង់ (Ong Ye Kung) រដ្ឋមន្ត្រីដឹកជញ្ជូនរបស់សិង្ហបុរី បានថ្លែងថា “កោះតៃវ៉ាន់ ជាដៃគូដ៏មានសុវត្ថិភាពដែលយើងគួរបើកចំហព្រំដែនជាឯកតោភាគីដើម្បីស្វាគមន៍ពួកគេ”។

លោកក៏បានសង្កត់ធ្ងន់ដែរថា កាលពីប៉ុន្មានសប្តាហ៍មុន កោះតៃវ៉ាន់ បានកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរជាពាណិជ្ជករសំខាន់ៗទៅពីប្រទេសសិង្ហបុរី មកនៅត្រឹមរយៈពេល ៥ ថ្ងៃ។ ទន្ទឹមនេះ ភ្ញៀវទេសចរបែបនេះក៏ត្រូវគោរពតាមកម្មវិធីធ្វើដំណើរដែលមានការគ្រប់គ្រងត្រឹមត្រូវនៅកោះតៃវ៉ាន់ ឱ្យបានខ្ជាប់ខ្ជួនផងដែរ៕ propertyarea

Most Popular

To Top