បរទេស៖ មន្ត្រីនាំពាក្យរដ្ឋាភិបាលបារាំងមួយរូប បាននិយាយប្រាប់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងធ្វើការពិភាក្សាគ្នា ស្តីពីកិច្ចព្រមព្រៀងនាវាមុជទឹក នុយក្លេអ៊ែថ្មីៗនេះរបស់អាមេរិក ជាមួយអូស្ត្រាលី ក្នុងពេលប៉ុន្មានថ្ងៃទៀត។

មន្ត្រីនាំពាក្យ លោក Gabriel Attal បានមានប្រសាសន៍ថា លោក បៃដិន បានស្នើធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ស្របពេលដែលលោក Macron ស្វះស្វែងរកការបញ្ជាក់ឲ្យច្បាស់ អំពីភាពជាដៃគូត្រីភាគី រវាងសហរដ្ឋអាមេរិក អូស្ត្រាលីនិងអង់គ្លេស ដែលឃើញបារាំងបាត់បង់កុងត្រា តម្លៃរាប់ពាន់លានដុល្លារ ក្នុងការផ្តល់បច្ចេកវិទ្យានាវាមុជទឹក ដល់ប្រទេសអូស្រ្តាលី។
តាមសេចក្តីរាយការណ៍ មន្ត្រីនាំពាក្យរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “អ្វីដែលជាចំណែកក្នុងវិបត្តិនេះ គឺយុទ្ធសាស្ត្រ (ក្នុងតំបន់ប៉ាស្វ៊ីហ្វិក) ដែលមានសារៈសំខាន់ ជាងការគិតដល់ពាណិជ្ជកម្ម ហើយនេះជាអ្វីដែលយើងនឹងពិភាក្សាគ្នា”។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អូស្ត្រាលីនិងអង់គ្លេស បានប្រកាសកាលពីថ្ងៃពុធសប្ដាហ៍មុន នូវការបង្កើតភាពជាដៃគូសន្តិសុខត្រីភាគីមួយ ឈ្មោះ AUKUS ដោយនិយាយថា គោលគំនិតដ៏ចម្បងដំបូងរបស់វា នឹងជាការផ្តល់នូវកងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែ ដល់ប្រទេសអូស្ត្រាលី៕ ប្រែសម្រួល៖ប៉ាង កុង
