ភ្នំពេញៈ បន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩ អស់រយៈពេលពីរឆ្នាំមកនេះ វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា មិនទាន់ដំណើរការបានល្អប៉ុន្មាននោះទេ ជាពិសេសទីផ្សារខុនដូដែលត្រូវពឹងផ្អែកខ្លាំង ទៅលើអតិថិជនពីបរទេស។
ទោះជាយ៉ាងណាក៏ដោយ វិស័យនេះត្រូវបានគេមើលឃើញថា ចាប់ផ្ដើមមានសញ្ញាវិជ្ជមានមួយចំនួនហើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាស បើកវិស័យទេសចរណ៍ឡើងវិញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលបានទទួលថ្នាំបង្ការកូវីដ-១៩រួចរាល់ ជាមួយនឹងការកាត់បន្ថយថ្ងៃចត្តាឡីស័ក សម្រាប់វិនិយោគិនមកត្រឹមតែរយៈពេល៣ថ្ងៃ។
អ្នកស្រីតាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service Co.,Ltd. បានលើកឡើងថា ការបើកវិស័យទេសចរណ៍ឡើងវិញ គឺជាការសាកល្បងលើកដំបូងសម្រាប់កម្ពុជា។ ប្រសិនបើមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ច្រើននោះទេ បន្ទាប់ពីអ្នកទេសចរ និងអ្នកវិនិយោគ ត្រូវបានអនុញ្ញាតឱ្យចូលមកលេងប្រទេសកម្ពុជា យើងសង្ឃឹមថាសេដ្ឋកិច្ចទាំងមូល នឹងប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ។
អ្នកស្រីបន្តថា “ប៉ុន្តែឥឡូវនេះ វាហាក់ដូចជាលឿនពេក ក្នុងការវិភាគស្ថានការណ៍នេះ ហើយអ្វីដែលយើងអាចធ្វើបាន គឺរង់ចាំមើលថាតើអ្វីៗ នឹងដំណើរការដោយរលូនឬយ៉ាងណា បន្ទាប់ពីកម្ពុជាបើកទេសចរ និងសេដ្ឋកិច្ចឡើងវិញ”។អ្នកស្រីបន្តថា “ទោះជាយ៉ាងណា ខ្ញុំជឿថាសេដ្ឋកិច្ចនឹងងើបឡើងវិញ បន្តិចម្ដងៗក្នុងពេលឆាប់ៗ ព្រោះយើងបានស៊ាំនឹងការរស់នៅ តាមបែបគន្លងថ្មីជាមួយជំងឺកូវីដ១៩ ហើយ”។
ដោយឡែក វិស័យខុនដូនឹងមានភាព រីកចម្រើនម្តងទៀត នៅពេលដែលវិនិយោគិន បរទេសអាចចូលមក ក្នុងព្រះរាជាណាចក្រកម្ពុជាយើងបានដោយសេរី។ ឆ្នាំក្រោយអាចជាជំហានដំបូង សម្រាប់វិស័យខុនដូ ដើម្បីងើបឡើងវិញជាបណ្ដើរៗ ហើយឆ្នាំ២០២៣ គួរតែជាពេលវេលាដ៏ល្អបំផុត សម្រាប់ការងើបឡើងវិញ យ៉ាងពេញលេញនៃទីផ្សារខុនដូ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ ការបញ្ចប់គម្រោងខុនដូ ក្នុងរាជធានីភ្នំពេញមានភាពយឺតយ៉ាវ អំឡុងវិបិត្តកូវីដ១៩។ គម្រោងខុនដូលើសពាក់កណ្ដាល ត្រូវបានពន្យារពេលសាងសង់ រហូតដល់ឆ្នាំក្រោយ ដោយនៅក្នុងត្រីមាសទី៣ឆ្នាំនេះ មានតែគម្រោងធំៗពីរប៉ុណ្ណោះគឺ The Peak និង The Gateway ដែលបានបញ្ចប់ការសាងសង់ តាមកាលកំណត់។
តម្លៃខុនដូនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ មានការធ្លាក់ចុះបន្តិចបន្តួច កម្រិតទាប(ធូរថ្លៃ) -២.១៤% កម្រិតមធ្យម -២.៩៥% និងកម្រិតខ្ពស់ -១.៧៨% បើធៀបនឹងត្រីមាសទី២។
របាយការណ៍នេះបានលើកឡើងថា ការធ្លាក់ចុះតម្លៃទាំងនេះ គឺដោយសារតែអ្នកអភិវឌ្ឍន៍ បានធ្វើទីផ្សារបញ្ចុះតម្លៃ ដើម្បីទាក់ទាញអតិថិជនថ្មីៗបន្ថែមទៀត។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនទ្រព្យនៅកម្ពុជា (CVEA) លើកឡើងថា វិស័យខុនដូនៅកម្ពុជា មិនទាន់មានវិបត្តិនៅឡើយទេ ទោះស្ថិតក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩ក្ដី។ ខណៈពេលដែលអ្នកអភិវឌ្ឍន៍ មួយចំនួនកំពុងពុះពារដើម្បីបន្ត និងបញ្ចប់គម្រោងរបស់ពួកគេ គម្រោងផ្សេងៗទៀតបានបញ្ចប់ ការអភិវឌ្ឍន៍តាមកាលកំណត់ និងបានប្រគល់ជូនអតិថិជន ទាន់ពេលវេលា។
លោកបានបន្ថែមថា គម្រោងកម្រិតខ្ពស់ អាចនឹងពិបាកលក់ចេញ ក្នុងអំឡុងពេលនេះ ដោយសារអតិថិជនបរទេសភាគច្រើន មិនអាចចូលប្រទេសកម្ពុជាបាន ដោយសារការរឹតបន្តឹងក្នុងការធ្វើដំណើរ ក៏ប៉ុន្តែសម្រាប់គម្រោងកម្រិតមធ្យម និងគម្រោងដែលមានតម្លៃសមរម្យ គឺមានភាពងាយស្រួលជាង ដោយសារអ្នកអភិវឌ្ឍន៍ ចាប់យកអតិថិជនក្នុងស្រុក។
ទោះជាយ៉ាងណា លោកជឿជាក់ថា វិស័យខុនដូនឹងមិនចំណាយ ពេលយូរទៀតទេដើម្បីរើបឡើងវិញ ដោយសារតែភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសអាចចូលប្រទេសកម្ពុជាបាន ជាមួយនឹងការកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័ក ហើយករណីឆ្លងកូវីដ១៩ថ្មី មានការធ្លាក់ចុះច្រើនផងដែរ។ នៅពេលដែលសេដ្ឋកិច្ចវិល មករកភាពប្រក្រតីវិញ វិនិយោគិននឹងមកវិនិយោគនៅកម្ពុជាម្តងទៀត ជាពិសេសវិនិយោគលើការទិញខុនដូ ព្រោះវាជាការវិនិយោគដែលមាន សុវត្ថិភាពបំផុតមួយសម្រាប់ពួកគេ។
ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលសូមចូលទៅកាន់គេហទំព័រ Harbor Property ឬទាញយកកម្មវិធីទូរសព្ទ ដោយឥតគិតថ្លៃ៕
ប្រភព៖ Propertyarea