សេដ្ឋកិច្ច​

តើវិនិយោគិនគួរ ត្រៀមទទួលផលអ្វីខ្លះ ដើម្បីឆ្លើយតបនឹងផែនការពង្រីក រាជធានីភ្នំពេញ?

ភ្នំពេញៈ ផែនការពង្រីកក្រុងរបស់រាជរដ្ឋាភិបាលបាន និងកំពុងរំកិលទៅមុខជាបន្តបន្ទាប់ ហើយជាការអនុវត្តន៍ជាក់ស្ដែង យើងក៏បានមើលឃើញថារាជធានីភ្នំពេញ កាន់តែមានការរីកសាយភាយជាបន្តបន្ទាប់ ខណៈចំនួនប្រជាពលរដ្ឋចូលមករស់នៅ ទីក្រុងភ្នំពេញ​មានការរំពឹងថានឹងកើនដល់៦លាននាក់នៅឆ្នាំ២០៣៥។

តំបន់ធ្លាប់ស្ថិតនៅ ជាយក្រុងនាពេលកន្លងទៅ បានក្លាយជាទីប្រជុំជន ប្រជុំដោយបុរីលំនៅឋាន និងផ្សារទំនើប តំបន់ឧស្សាហកម្ម ។ ដូច្នេះ គម្រោងផែនការពង្រីក រាជធានីភ្នំពេញបន្តបន្ទាប់ទៀត តើអ្នកវិនិយោគគួរតែត្រៀមអ្វីខ្លះ ដើម្បីទទួលផលពីការពង្រីក រាជធានីរបស់រដ្ឋាភិបាល?។

បើតាមអ្វីដែលគេហទំព័រ Property Area ធ្លាប់បានសម្ភាសន៍ជាមួយនឹងអ្នកជំនា​ញ និងអ្នកវិនិយោគដែលមានបទពិសោធន៍ ក្នុងវិស័យអចលនទ្រព្យក៏បានបង្ហាញ ទស្សនទានរបស់ខ្លួនថា អ្នកមានទុន ឬមានថវិកាគ្រប់គ្រាន់ បានទិញដីនៅតំបន់ជាយៗ រាជធានីភ្នំពេញ ដើម្បីទុកចំណេញនៅពេលអនាគត ឬអាចទុកអភិវឌ្ឍន៍ដោយខ្លួនឯង នៅពេលមានការអភិវឌ្ឍទៅ ដល់តំបន់ដែលពួកគេបានត្រៀមនោះ។

តាមបទពិសោធន៍ជាក់ស្ដែង តំបន់នៅសង្កាត់ឃ្មួញ កាលពីមុនគឺគ្រាន់តែជាតំបន់វាលស្រែ និងមិនសូវមានការចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែសម្រាប់អ្នកដែលមានចក្ខុវិស័យវែងឆ្ងាយ បានទិញដីនៅតំបន់នោះទុកក្នុងតម្លៃថោកៗ ហើយក៏ទទួលបានផលត្រលប់មកវិញ ដោយដីបានឡើងថ្លៃកប់ពពក ធ្វើឱ្យពួកគេកើបលុយមកវិញ យ៉ាងក្រាស់ក្រាល។

អ្នកជំនួញអចលនទ្រព្យម្នាក់ ដែលលោកសុំមិនបញ្ចេញឈ្មោះ បានជជែកលេងថា កាលពីមុនដី នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ផ្លូវកប់ស្រូវ គឺជាដីស្រែ និងមិនទាន់មានផ្លូវដូចពេលនេះឡើយ ហើយម្ចាស់ដីស្រែ ចេះតែមកស្នើសុំឱ្យជួយទិញដីស្រែមួយប្លង់ៗ ត្រឹម១ជី (មាស) ២ជី ដីខ្លះ៥ជី ហើយក្នុងនោះលោកក៏ចេះតែទិញទុកទៅ ដោយមិននឹកស្មានថាដីនោះ បានហក់ឡើងខ្ពស់បែបនេះទេ ។

លោកបន្តថា “យើងបានលក់ដី ដែលបានទិញពីពលរដ្ឋអស់មួយចំនួន បានប្រាក់វិញ ១លានដុល្លារ ហើយយើងក៏យកលុយនោះទៅពង្រីករបរ និងទិញដីទុកជាបន្តបន្ទាប់ទៀត”។ លោកបន្តថា “ការទិញដីដែលមិនសូវមាន តម្លៃកាលពីប៉ុន្មានឆ្នាំមុននោះ បែរជាធ្វើឱ្យលោករកកំណប់ឃើញបែបនេះសោះ ដូច្នេះយើងក៏ហ៊ានអះអាង ការទិញដីទុកវាមិនអត់ប្រយោជន៍ទេ ជាពិសេសទិញដីណា ដែលគេចង់លក់ឱ្យយើង ពីព្រោះគេមិនលក់ថ្លៃទេ តែបើយើងទៅរកទិញដី ដែលគេមិនចង់លក់ គេច្បាស់ជាលក់ក្នុងតម្លៃថ្លៃហើយ។

លោកឧកញ៉ា កាង សុធី អ្នកវិនិយោគនិងជាអ្នកជំនាញ អចលនទ្រព្យមួយរូបនៅកម្ពុជា ក៏បានលើកឡើងផងដែរថា ដីដែលមិនសូវមានការចាប់អារម្មណ៍នៅពេលនេះមានតម្លៃត្រឹម២ ទៅ៣ដុល្លារ ឬ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ វាអាចនឹងហក់ឡើងដល់ ១០ដុល្លារ២០ដុល្លារ ឬខ្ពស់ជាងនេះនៅពេលអនាគត ជាពិសេសនៅពេលមានការ ពង្រីកក្រុងកាន់តែធំ ដោយសារដីនៅកណ្ដាលក្រុង កាន់តែចង្អៀត ហើយដីនៅជាយក្រុងកាន់តែមានតម្លៃនិងហាងឆេងខ្ពស់ ។

សរុបសេចក្តីមកអ្នកមានលុយច្រើន ទិញដីទុកមិនជាការអត់ប្រយោជន៍ ឬខាតបង់នោះទេ ប៉ុន្តែការយកលុយពីធនាគារ ឬប្រភពផ្សេងដើម្បីវិនិយោគ រយៈពេលវែង វាមិនមែនជាការល្អនោះទេ ដោយសារតែលុយដែលយើងមកនោះ គឺត្រូវបង់ការប្រាក់ទៅម្ចាស់ដើមវិញជាប្រចាំខែឬប្រចាំឆ្នាំ ហើយបើសិនជាដីនោះវាឡើងមិនទាន់ ឬក៏ការប្រកាសលក់ដោយប្រើរយៈពេល យូរវានឹងធ្វើឱ្យការប្រាក់កាន់តែច្រើនឡើងៗ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា​ ទីផ្សារអចលនទ្រព្យនៅជុំវិញរាជធានីភ្នំពេញ នៅតែមានកំនើនរយៈពេលវែងបន្តទៀត ដោយសារផែនការពង្រីករាជធានីភ្នំពេញ របស់រដ្ឋាភិបាលនៅតែបន្ត សេដ្ឋកិច្ចនៅតែមានភាពរីកចម្រើន និងការពង្រីកហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិ​បាលបានធ្វើឡើងជាប់ជាប្រចាំ។

លោកបន្តថា “ការពង្រីករាជធានីភ្នំពេញ នាពេលអនាគត នឹងធ្វើឲ្យតម្លៃដីធ្លីបន្តកើនឡើង ដែលហេតុនេះហើយបានជា មានការវិនិយោគលើដីធ្លីច្រើន ព្រោះដីធ្លីនៅមាន ឱកាសចំណេញខ្ពស់ និងជាការវិនិយោគមានភាពប្រាកដនិយម” ៕

ប្រភព៖ Propertyarea

Most Popular

To Top