ភ្នំពេញ ៖ តារាកំប្លែង ដ៏មានប្រជាប្រិយភាព នាយ ពាក់ មី កាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រ ស្ញប់ស្ញែង និងកោតសរសើរយ៉ាងខ្លាំង ក្រោយពីលោក បានបង្ហាញសារតាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកថា កំពុងសាងសង់ផ្ទះថ្មី ជូនឪពុកម្ដាយក្មេក ។ ហើយបើតាមគំរូផ្ទះ ដែលលោកបង្ហាញ គឺជាផ្ទះឈើប្រណិត មានរូបរាង រចនាបទស្រដៀងផ្ទះ ឪពុកម្ដាយបង្កើតរបស់លោក នៅខេត្តស្វាយរៀងដែរ ។


ក្នុងកិច្ចបទសម្ភាសន៍ជាមួយ Lookingtoday តាមរយៈទូរស័ព្ទ លោក ចែម ចាន់តារ៉ា ហៅ ពាក់មី បាននិយាយថា ផ្ទះឪពុកម្ដាយក្មេក របស់លោក ដែលកំពុងបុកគ្រឹះសាងសង់នេះ មានទីតាំងស្ថិតនៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។ ហើយមុនពេលសាងសង់នេះ គឺត្រូវបានចាក់ដី ដើម្បីកំឱ្យទឹកលិច អស់ចំនួនរហូតទៅដល់ ៣៧០ឡានឯណោះ ។


និយាយដល់កញ្ចប់ថវិកា ដែលនឹងត្រូវចំណាយ ដើម្បីសាងសង់ផ្ទះឈឺប្រណិតនេះ នាយ ពាក់មី បានឱ្យដឹងថា លោកមិនហ៊ានកំណត់ទុកមុនទេ ថានឹងត្រូវចំណាយថវិការប៉ុន្មាន ប៉ុន្តែបើនៅក្នុងគម្រោងដែលគិតទុក អាចត្រឹមក្រោម ១០ម៉ឺនដុល្លារ ។


“កំណត់មិនទាន់បានទេ រឿងធ្វើផ្ទះនោះ តែបើក្នុងគម្រោង គឺធ្វើឱ្យអស់ត្រឹមខ្ទង់ក្រោម ១០ម៉ឺនដុល្លារ” នាយពាក់មី ឆ្លើយ ។
តារាកំប្លែងមកពីខេត្តស្វាយរៀង រូបនេះបាននិយាយទៀតថា “បងមានគម្រោងធ្វើផ្ទះ ជូនឪពុកម្ដាយក្មេក យូរឆ្នាំមកហើយ ប៉ុន្តែគ្រាន់តែត្រូវរង់ចាំ មានថវិកាគ្រប់សិន ឥលូវនេះ ទើបមានឱកាស” ។
ជាមួយគ្នានេះដែរ នាយពាក់មី ក៏បានបញ្ជាក់ថា ផ្ទះថ្មីដែលជាការតបស្នង សងគុណ ទៅដល់ឪពុកម្ដាយក្មេករបស់លោកនេះ ផងដែរ គឺលោកជាអ្នកដើរតួជាមេជាង អ្នកមើលការខុសត្រូវ ខ្លួនឯងផ្ទាល់តែម្ដង ដោយគ្រាន់តែជួលជាងពីខាងក្រៅប៉ុន្មាននាក់ ដើម្បីជួយប៉ុណ្ណោះ ។


នាយពាក់មី ត្រូវបានទស្សនិកជន កត់សម្គាល់ឃើញថា ជាតារាកំប្លែងដ៏ល្បីល្បាញក្នុងប្រទេស ប៉ុន្តែតែងតែធ្វើខ្លួន បែបសមញ្ញៗ មិនភ្លេចដើមកំណើត ដែលធ្លាប់ក្រលំបាកឡើយ ។ ហើយអ្វីដែលជាចំណុចល្អបំផុតនោះ គឺលោកតែងតែជួយជ្រោមជ្រែង ឪពុកម្ដាយ បងប្អូន ទាំងសាច់ថ្លៃ និងបង្កើត ធ្វើយ៉ាងណាឱ្យមានជីវភាពល្អប្រសើរស្មើៗគ្នា ។ តួយ៉ាងកាលពីប៉ុន្មានឆ្នាំមុន លោកក៏បានសង់ផ្ទះ ជូនឪពុកម្ដាយបង្កើត របស់លោក នៅខេត្តស្វាយរៀង ដែលចំណាយថវិកាអស់ប្រមាណជា ១៤ម៉ឺនដល្លារ ម្ដងរួចទៅហើយ ។
បច្ចុប្បន្ននេះ ទោះជាការងារសិល្បៈរបស់នាយ ពាក់មី ត្រូវបានស្ងប់ស្ងាត់ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ក៏ពិតមែន ប៉ុន្តែលោក កំពុងមមាញឹកខ្លាំង ជាមួយការងាររកស៊ីលក់ផលិតផល coosea ។ ហើយជាមួយគ្នានេះដែរលោក ក៏បានថ្លែងអំណរអរគុណ ដល់ទស្សនិកជន ទាំងអស់ ដែលតែងតែអាណិតស្រឡាញ់ គាំទ្រលោក តាំងពីដើមរហូតមក ៕
ដោយ៖ ម៉ានី
