សិល្បៈ និង កម្សាន្ត

ខណៈស្ថានភាព ជំងឺកូវីដ១៩ ក្នុងប្រទេស មិនទាន់ស្ងាត់ នាយ ពាក់មី មានលទ្ធភាពខ្ពស់ ទិញរថយន្ត និងផ្ទះវីឡាថ្មី តម្លៃរាប់សែនដុល្លារ

ភ្នំពេញ ៖ អ្នកណាមិនស្គាល់ តារាកំប្លែង នាយ ពាក់មី ដែលបច្ចុប្បន្នកំពុងក្ដោបក្ដាប់ តំណែងជាតារាកំប្លែង ដ៏មានប្រជាប្រិយភាពខ្លាំងមួយរូប នៅក្នុងប្រទេស មិនតែប៉ុណ្ណោះទស្សនិកជន អ្នកគាំទ្រ ក៏ដឹងច្បាស់ដែរថា នាយ ពាក់មី ជាអ្នកសិល្បៈដែលឆ្លាតវៃ ខាងបង្កើតមុខរបរថ្មីៗ រហូតសល់បានទ្រព្យសម្បត្តិ រាប់សិបម៉ឺនដុល្លារ សម្រាប់ផ្គត់ផ្គង់ជីវិត ។

ទោះជាអំឡុងពេលនេះសេដ្ឋកិច្ច ប្រទេសយើងកំពុងរងនូវការញាំញី ដោយសារជំងឺរាតត្បាតកូវីដ១៩ យ៉ាងណាក៏ដោយ ប៉ុន្តែបើក្រឡេកទៅមើល ជីវភាពរបស់តារាកំប្លែង កូនអ្នកខេត្តស្វាយរៀងខាងលើ ហាក់ដូចជាមិនមានបញ្ហាចោទឡើយ ហើយថែមទាំងមាន លទ្ធភាពទិញរថយន្ត ឡិចស៊ីស LX 570 ស៊េរីថ្មី ពណ៍ខ្មៅរលោង តម្លៃខ្ទង់សែនដុល្លារ និងផ្ទះវីឡាឱ្យកូនស្រីថែមទៀតផង ។

យោងតាមគណនីហ្វេសប៊ុក របស់លោក ហួត ជា ដែលត្រូវបានគេដឹងថា ជាមិត្តសម្លាញ់របស់នាយ ពាក់មី បានឱ្យដឹងផងដែរថា ក្នុងខែនេះ ក្រៅពីធ្វើផ្ទះថ្មីជូនឪពុកម្ដាយក្មេកហើយនោះ នាយ ពាក់មី ថែមទាំងទិញរថយន្តថ្មី និងផ្ទះវីឡាឱ្យកូនស្រីផងដែរ ។

គួរឱ្យដឹងផងដែរថា នាយពាក់មី ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ជាតារាកំប្លែងដ៏ល្បីល្បាញ ក្នុងប្រទេស ប៉ុន្តែតែងតែធ្វើខ្លួនបែបសាមញ្ញៗ មិនភ្លេចដើមកំណើត ដែលធ្លាប់ក្រលំបាកឡើយ ។ ហើយអ្វីដែលជាចំណុចល្អបំផុតនោះ គឺលោកតែងតែជួយជ្រោមជ្រែង ឪពុកម្ដាយ បងប្អូន ទាំងសាច់ថ្លៃ និងបង្កើត ធ្វើយ៉ាងណាឱ្យមាន ជីវភាពល្អប្រសើរស្មើៗគ្នា ។ តួយ៉ាងកាលពីប៉ុន្មានឆ្នាំមុន លោកក៏បានសង់ផ្ទះ ជូនឪពុកម្ដាយបង្កើតរបស់លោក នៅខេត្តស្វាយរៀង ដែលចំណាយ ថវិកាអស់ប្រមាណជា ១៤ម៉ឺនដល្លារ ម្ដងរួចទៅហើយ ។ ហើយកាលពីមួយខែមុននេះ នាយបានចាប់ផ្ដើមសាងសង់ផ្ទះថ្មី ជូនឪពុកម្ដាយក្មេក ដែលស្ថិតនៅក្នុង កញ្ចប់ថវិការក្រោម ១០ម៉ឺនដុល្លារ ។

ទាក់ទងជាមួយទ្រព្យសម្បត្តិទាំងអស់ខាងលើនេះ នាយ ពាក់មី ធ្លាប់បានប្រាប់ មកកាន់ Lookingtoday ថា គឺជាកម្លាំងញើសឈាម របស់លោកសុទ្ធសាធ ដែលបានមកពីការងារ សិល្បៈ និងជំនួញផ្ទាល់ខ្លួនខ្លះៗដែរ ។ បច្ចុប្បន្ននេះ ទោះជាការងារ សិល្បៈរបស់នាយ ពាក់មី ត្រូវបានស្ងប់ស្ងាត់ ដោយសារ តែវិបត្តិជំងឺ កូវីដ១៩ ក៏ពិតមែន ប៉ុន្តែលោក កំពុងមមាញឹកខ្លាំង ជាមួយការងារ រកស៊ីលក់ផលិតផល coosea ៕

ដោយ៖ ម៉ានី

Most Popular

To Top