ភ្នំពេញ៖ ម្ចាស់ពានកម្មវិធី “Cambodia Got Talent រដូវកាលទី០១” យឿន ពិសី កាលពេលថ្មីៗនេះ បានបង្ហាញពីអារម្មណ៍អាក់អន់ចិត្ត ជា មួយផលិតកម្មហង្សមាស ទាក់ទងនឹងការមិនសូវអើពើ មិនយកចិត្តទុកដាក់ មកលើខ្លួន ។
ដូចដែលទស្សនិកជនបានឃើញស្រាប់ហើយថា ចាប់តាំងពីបានក្លាយជាសមាជិកគ្រួសារផលិតកម្មហង្សមាស រហូតដល់បច្ចុប្បន្ននេះ យឿន ពិសី មិនទាន់មានសមិទ្ធផលធំដុំនឹងគេឡើយ សូម្បីតែឡើងឆាកកម្មពិធីផ្សេងៗ ក៏កម្រនឹងមានឱកាសដែរ ។
យឿន ពិសី បានប្រាប់Lookingtoday ថ្ងៃនេះថា ទោះបីជាខ្លួនជាម្ចាស់ពាន Cambodia Got Talent រដូវកាលទី១ ក៏ពិតមែន ប៉ុន្តែពុំដែលមានឱកាសបានឡើងឆាកច្រើនឡើយ ដូច្នេះក៏ពុំអាចរកចំណូលបានច្រើនដែរ ។
យឿន ពិសី បញ្ជាក់យ៉ាងដូច្នេះថា “ធម្មតាយើងរកលុយបាន ពេលណាដែលបានឡើងកម្មពិធី តែបើមិនដែលបានឡើងផង បានលុយមកពីណាបង? តែយ៉ាងណាក៏ខ្ញុំបានរកចំណូលក្រៅខ្លះៗដែរ ដែលធ្វើឱ្យជីវភាពគ្រាន់បើជាងមុនបន្តិចបន្តួចប៉ុណ្ណោះ” ។
យ៉ាងណាមិញ ទាក់ទងនឹងរឿងអាក់អន់ស្រពន់ចិត្តនេះ យឿន ពិសី បានប្រាប់ ថា បានដោះស្រាយជាមួយផលិតកម្មហង្សមាសរួចរាល់អស់ហើយ ដោយបញ្ហាទាំងអស់ត្រូវបានបញ្ចប់ ចាប់ពីពេលនេះតទៅ ។
តារាចម្រៀងដែលមានសមត្ថភាពចេះផ្លុំខ្លុយយ៉ាងគ្រលួចរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា “ខាងផលិតកម្ម បានជួបពន្យល់ខ្ញុំឱ្យយល់ច្បាស់ហើយបង រឿងដែលខ្ញុំមិនបានឡើងឆាកនេះ គឺក៏ដោយសារតែខាងម្ចាស់ឧត្ថម្ភគេមិនចង់បានខ្ញុំ មិនមែនមកពីខាងផលិតកម្មទេ” ។
គួរឱ្យដឹងថា យឿន ពិសី គឺជាអតីតបេក្ខជនជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធីប្រឡងសមត្ថភាពលំដាប់ថ្នាក់ពិភពលោក Cambodia Got Talent រដូវកាលទី១ ។
លទ្ធផលដ៏ត្រចះត្រចង់នេះផងដែរ គឺបានមកពីការបោះឆ្នោតពីសំណាក់មហាជន ដែលបានមើលឃើញពីសមត្ថភាពច្រៀងសំនៀងដ៏ក្រអួនក្រអៅ របស់ ពិសី ជាមួយនិងការប្រើប្រាស់ឧបករណ៍ភ្លេងបុរាណដូចជាស្គរ និងខ្លុយ ជាដើម ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនខកចិត្តនះ គឺពាន Cambodia Got Talent រដូវកាលទី០១ មិនបានកែប្រែវាសនា មុខមាត់ បុរសពិការម្នាក់នេះ ឱ្យបានប្រសើរច្រើនឡើយ ៕
ដោយ៖ ម៉ានី