ភ្នំពេញ៖ អ្នកនាង សុទ្ធ បញ្ចកា កាលពីប៉ុន្មានម៉ោងមុននេះ បានបង្ហោះសារថ្មីមួយទៀត ទាក់ទងនិងសកម្មភាពហិង្សាវាយដំលើរូបកាយនាង ពីសំណាក់គូស្នេហ៍សំណព្វចិត្តគឺតារាប្រុស យិត មាសឧស្សាហ៍ ហៅ អែដវីន ។

សូមរំឮកថា កាលពីយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ អតីតភរិយាថៅកែផលិតកម្ម LD អ្នកនាង សុទ្ធ បញ្ចកា បានបញ្ចេញព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ ដោយគូស្នេហ៍ថ្មីរបស់នាង គឺលោក អេដវីន បានវាយធ្វើបាបមកលើរាងកាយនាងយ៉ាងដំណំ ដោយសារតែភ្លើងប្រចណ្ឌ ។
ងាកមកមើលសាររបស់អ្នកនាង សុទ្ធ បញ្ចកា ថ្ងៃនេះវិញ ក៏បង្ហាញឱ្យឃើញសកម្មភាពដ៏ឃោឃៅរបស់លោក អេដវីន ក្នុងពេលដែលកំពុងវាយមកលើរូបរាងកាយនាង ។

អ្នកមេម៉ាយ ចាយរាងរូបនេះ បានបញ្ជាក់ក្នុងសារថា លោក អេដវីន បានប្រើខ្សែក្រវ៉ាតទំហំប៉ុនម្រាមដៃ៣ វាយមកលើរូបរាងកាយ នាងមិនដកដៃឡើយ ទោះជានាងខំប្រឹងអង្វរយ៉ាងណាក៏គេមិនស្ដាប់ដែរ ។ មិនតែប៉ុណ្ណោះថែមទាំងអូស នាងទម្លាក់ពីលើកាំជណ្ដើរ និងចាប់បោកក្បាលនាង ទៅនិងជញ្ជាំងទៀតផង ។

នេះជាខ្លឹមសារទាំងស្រុងដែលក្រុមការងារយើង បានយកចេញពីគនណីហ្វេសប៊ុករបស់អ្នកនាង សុទ្ធ បញ្ចកា ឈ្មោះ “សុទ្ធ បញ្ចកា” ៖
“ឈឺ ? អត់ទេ អត់ឈឺទេប៉ុណ្ណឹង តែអ្វីដែរឈឺបំផុតគឺ ឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់ មនុស្សដែរខ្ញុំស្រលាញ់បំផុត លើសជីវិត អ្វីក៏ហ៊ានលះបង់ដើម្បីនៅជិតគ្នា បែរជាហ៊ានលើកដៃវាយខ្ញុំដូចសត្វធាតុ !
ប៉ុន្មានថ្ងៃកើតហេតុភ្លាម ខ្ញុំពិតជាមិនចង់យករូបបែបនេះ យកមក post ទេ ព្រោះពេលចង់សសេរហើយ ខ្ញុំសសេរទៅមុខអត់រួចទេ ព្រោះបេះដូងខ្ញុំឈឺខ្លាំង ទឹកភ្នែកខ្ញុំហូរខ្លាំងទប់មិនជាប់ទេ !
សាកបិតភ្នែកស្រម៉ៃមើល
សាកស្រម៉ៃ មើល ពេល ដែរគេបិតទ្វារជិត មិនឱ្យអ្នកណាចូលមកជួយ ហើយដកខ្សែរក្រវ៉ាត់ ទំហំប៉ុន ៣ ម្រាមដៃ វាយក្បាលខ្ញុំប្រហែល ១០ ដង វាយយកវាយយក មិនដកដៃ ពេលនោះខ្ញុំឈឺពេក ក៏យកដៃរង ហើយ គេមិនឈប់ទេ គេមកវាយ ខ្លួនខ្ញុំថែមគ្រប់កន្លែង រហូតខ្ញុំ រត់ទៅកន្លាតពូក លើកដៃសំពះគេ
“ បងអើយ ឈប់វាយអូនទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបងទេ មិចបងមិនជឿអូន “ តែគេមិនឈប់ដដែល គេវាយយកវាយយកទៀត រហូត ខ្ញុំគាំង ខ្ញុំស្ទះ គេក៏ឈប់មួយភ្លែត ហើយ គេឃើញខ្ញុំងើបមក គេក៏បោចសក់ ខ្ញុំអូស ទម្លាក់ពីលើជណ្តើរ ហើយក្បាលខ្ញុំ បោកទៅនិងជញ្ជាំង មួយទំហឹង ខាងក្រោយហើយ គេចាប់បោកខ្ញុំ ផ្ទប់និងឥដ្ធ ហើយខ្ញុំនៅតែយំសំពះ អង្វរគាត់ “ បងអើយឈប់ទៅ អូនឈឺណាស់ “ តែគេមិនស្តាប់ នៅតែដដែល វាយរហូតខ្ញុំស្រងល់ គេក៏ចាប់អូសខ្ញុំឡើងម៉ូតូ ទៅផ្ទះខ្ញុំមួយទៀត ដែលកូនខ្ញុំនៅទីនោះ !!! សុំនិយាយបុិននឹង…ចាំអារម្មណ៏ស្ងប់តិច ចាំពន្យល់សាច់រឿងហេតុអ្វីទៅជាអ៊ីចឹង …ហើយពេលនេះខ្ញុំគ្រាំក្នុង ក្បាលខ្ញុំយប់ឡើង ឈឺរហូតយំ គេងមិនលក់២ ថ្ងៃហើយ” ។
យ៉ាងណាមិញ ទាក់ទងនិងករណីហិង្សារវាងគូស្នេហ៍លោក អេដវីន និងអ្នកនាង សុទ្ធ បញ្ចកា Lookingtoday នៅតែមិនអាចសុំធ្វើការសម្ភាសន៍ ពីសមីខ្លួនទាំងពីរបានឡើយ ដោយទូរស័ព្ទរបស់អ្នកនាង សុទ្ធ បញ្ចកា ខលចូលប៉ុន្តែគ្មានអ្នកលើក ដោយឡែកលោក អេដវីន មិនព្រមឆ្លើយតបសារ ៕
ដោយ៖ ម៉ានី












