សិល្បៈ និង កម្សាន្ត

តារាចម្រៀង វីរៈ និច្ច បដិសេធ រឿងមានបុរសអ្នកមាន តាមជួយឧបត្ថម្ភ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ទស្សនិកជន អ្នកគាំទ្រ បានសង្កេតឃើញថា តារាចម្រៀងស្រីលេចធ្លោក្នុងផលិតកម្មសាន់ ដេ គឺកញ្ញា វីរៈ និច្ច កាន់តែសិចស៊ី និងស្រស់ស្អាត ជាងមុន ខណៈដែលជីវភាពរបស់នាង ក៏កាន់តែរីកចម្រើនខ្លាំង គួឱ្យកត់សម្គាល់ ដោយមិនត្រឹមតែមានហាងសម្លៀកបំពាក់ដ៏ធំផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានរថយន្តទំនើបម៉ាក Mercedes-benz តម្លៃជាច្រើនម៉ឺនដុល្លារជិះទៀតផង ។

ជុំវិញនឹងភាពមានបាន និងហាយសូ របស់តារាចម្រៀងវ័យ ២៣ឆ្នាំ រូបនេះដែរ ក៏ធ្លាប់កើតមានជាមន្ទិលសង្ស័យពីសំណាក់ទស្សនិកជនថា អាចនឹងមានបុរសអ្នកមានណាម្នាក់ ជាអ្នកផ្ទត់ផ្ទង់ រ៉ាប់រងជីវភាពដល់ វីរៈ និច្ច មិនខាន ម្ល៉េះហើយទើប វិរៈ និច្ច កាន់តែលេងខ្លួនសិចស៊ី និងស្រស់ស្អាតទ្វេរដង ។

ទាក់ទងជាមួយមន្ទិលខាងលើនេះ តារាចម្រៀងស្រីសាច់សខ្ចី រាងស្រឡូន វីរៈ និច្ច បានប្រាប់មកកាន់ Lookingtoday ថ្ងៃនេះថា មិនមានបុរសអ្នកមានណាម្នាក់ នៅពីក្រោយភាពមានបានរបស់នាងឡើយ ហើយដើមទុនទាំងអស់ សម្រាប់បើកហាងសម្លៀកបំពាក់ ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅ ម្តុំក្រោយសាលាវ៉ាន់ដា គឺជាកម្លាំងញើសឈាមរបស់នាងផ្ទាល់ និងមានការជួយជ្រោមជ្រែងខ្លះពីសំណាក់ឪពុកម្ដាយរបស់នាង ។

តារាចម្រៀងដែលមានឈាមជ័រជាអ្នកខេត្តកំពង់ចាមដដែលនេះ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះនាងមិនត្រឹមតែមានការងារជាតារាចម្រៀងតែមួយមុខប៉ុណ្ណោះទេ នាងក៏ទទួលថតប្រូម៉ូតផលិតផល ហើយជាពិសេសថែមទាំងកំពុងជោគជ័យខ្លាំងលើវិស័យលក់អចលនទ្រព្យ ដោយសហការជាតារាចម្រៀង ខាន់ ជេមស៍ ផងដែរ ។ ដូច្នេះនាងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ដល់ក្ដីសុខខ្លួនឯង ក៏ដូចជាបើកពង្រីកអាជីវកម្មហាងលក់សម្លៀកបំពាក់របស់នាង បានយ៉ាងងាយ មិនត្រូវការជំនួយឧបត្ថម្ភអ្វីឡើយ ។

“របស់ប្រើប្រាស់ និងហាងសម្លៀកបំពាក់របស់ខ្ញុំ សុទ្ធតែជាកម្លាំងញើសឈាមផ្ទាល់ខ្លួន និងមានការជ្រោមជ្រែងខ្លះដែរពីប៉ាម៉ាក់ ហើយខ្ញុំក៏មានរបរច្រើនដែរបងដូចជាក្រៅពីច្រៀង ខ្ញុំក៏ទទួលថតប្រូម៉ូតផលិតផល ហើយខ្ញុំមានហាងខោអាវនេះ និងកំពុងកាក់កបខ្លាំងជាមួយការងារលក់ដីធ្លីជាមួយពូ ជេមស៍”​ វីរៈ និច្ច​ ពោល ។

គួរឱ្យដឹងថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​តារា​ចម្រៀង​ស្រី​រូប​ស្រស់​នៅ​ផលិតកម្ម​សាន់ដេ កញ្ញា វីរៈ និច្ច កំពុង​តែ​ស្រូប​នូវ​​ប្រជាប្រិយភាព​ពី​​យុវវ័យ​តាម​រយៈ​បទ​ចម្រៀង​​​មនោសញ្ចេតនា និង​ញាក់​​កន្រ្តាក់​អារម្មណ៍​រួម​ផ្សំ​នឹង​រូប​សម្រស់​កាន់​​តែ​ស្អាត​ផូរផង់​ពី​ធម្មជាតិ ​។

ប្រជាប្រិយភាពរបស់នាង កាន់តែខ្លាំងថែមទៀត ក្រោយពេលចាប់ដៃគូច្រៀងជាមួយនាយ ចឺម ។ ទៅថ្ងៃអនាគត វីរៈ និច្ច មានបំណងចង់ពង្រីកហាងលក់សម្លៀកបំពាក់របស់នាងឱ្យកាន់តែធំជាងនេះទៀត ៕ ដោយ៖ ម៉ានី

Most Popular

To Top