ភ្នំពេញ ៖ តារាសម្ដែងស្រី រាងតូចច្រឡឹង ស៊ឹម ស្រីនិច កាលពីពេលថ្មីៗនេះ បានរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ដែលនិយមលេងបណ្ដាញ សង្គមហ្វេសប៊ុក ដោយសារតែការស្លៀកពាក់សិចស៊ី ។
ការរិះគន់ខាងលើ ក្រោយពីបានឃើញតារាស្រី រាងស្រឡូន ខ្ពស់ស្រឡះរូបនេះ ស្លៀកឈុតប៊ីគីនី បញ្ចេញសាច់ដើមទ្រូង និងគល់ភ្លៅ ដើលំហែរកាយជាមួយមិត្តភក្ដិ កាលពីប៉ុន្មានថ្ងៃមុននេះ ។
ទន្ទឹមនិងការរិះគន់នេះផងដែរ ក៏មានលេច ឮនូវពាក្យចរចាមអារ៉ាម ចេញពីមាត់អ្នកនៅក្នុងសង្គមសិល្បៈដែរថា ការតុបតែងខ្លួនសិចស៊ី បូកផ្សំជាមួយជីវិត ដ៏ហឺហា ហាយសូ ទាំងមិនមានការព្រួយ បារម្ភចិត្ត ជាមួយវិបត្តិហិរញ្ញវត្ថុ នាអំឡុងពេលរាតត្បាត ដោយសារជំងឺកូវីដ១៩ នេះក៏ព្រោះតែ ស្រីនិច កំពុងមានបុគ្គលអ្នកមាន នៅចាំជួយទំនុកបម្រុងជីវភាព ពីក្រោយខ្នង ។
ទាក់ទងជាមួយនិងពាក្យចចាមអារ៉ាម ខាងលើនេះ ស៊ឹម ស្រីនិច បានប្រាប់មកកាន់ Lookingtoday ជាមួយសំឡេងរួសរាយរាក់ទាក់ថា នាងសុំបដិសេធ និងមិនចង់បកស្រាយអ្វីទាំងអស់ ព្រោះនាងមិនចង់ឱ្យមានព័ត៌មានពីរឿងនេះ ចុះផ្សាយទៀតឡើយ វាអាចនឹងប៉ះពាល់ដល់ មុខរបរ ក្នុងគ្រួសាររបស់នាង គឺរបររកស៊ីផ្នែកអចលនទ្រព្យ ។
“រឿងនេះខ្ញុំមិនចង់និយាយទេបង ព្រោះមិនចង់ឱ្យមានព័ត៌មានតែម្ដង វាប៉ះពាល់ដល់របររកស៊ីរបស់ម៉ាក់ខ្ញុំ ហើយណាមួយអ្នកដែលខ្ញុំ និងគ្រួសារខ្ញុំ សុទ្ធតែដឹងច្បាស់ថាខ្ញុំយ៉ាងម៉េចហើយ” ស្រីនិច ពោល ។
មួយវិញទៀត ទាក់ទងទៅនិងជីវភាព មានបាន ហ៊ឺហា ហាយសូរ របស់តួឯកស្រីក្នុងរឿង “ស្រទន់មន្តស្នេហ៍” រូបនេះ នាងក៏បានប្រាប់ថា កន្លះឆ្នាំមកនេះ នាងបានដកឃ្លាពី ការងារសិល្បៈខ្លះ ហើយវិលទៅជួយមើលការខុសត្រូវ ការងារអចលនទ្រព្យ របស់ម្ដាយនាងវិញ ។ ដូច្នេះហើយទើបនាង មានលទ្ធភាពរកចំណូល បានខ្លួនឯងគ្រប់គ្រាន់ សម្រាប់ទិញ រថយន្តស៊េរីទំនើប និងប្រណីតជិះផ្ទាល់ខ្លួន រហូតទៅដល់ ២គ្រឿង គឺរថយន្ត Bentley តម្លៃ ២០ម៉ឺនដុល្លារក្រាស់ និង Porsche តម្លៃខ្ទង់ ១០ម៉ឺនដុល្លារស្ដើង ។
កញ្ញា ស៊ឹម ស្រីនិច បានបញ្ជាក់ផងដែរថា រថយន្តទាំងពីរគ្រឿងខាងលើ របស់នាង គឺបានមកពីចំណូល នៅក្នុងមុខជំនួញគ្រួសារ (អចលនទ្រព្យ) ដោយឡែក សម្រាប់លុយសន្សំ ដែលបានមកពីការងារសិល្បៈរយៈ ពេលប៉ុន្មានឆ្នាំមកនេះ គឺនាងបានទិញខុនដូរមួយកន្លែង នៅបឹងកេងកង៣ តម្លៃប្រមាណ ១០ម៉ឺនដុល្លារជាង ។
យ៉ាងណាក៏ដោយ ជាចុងក្រោយ តារាសម្ដែងស្រីស្រស់ សោភា វ័យ ២២ឆ្នាំ រូបនេះ បានបញ្ជាក់ថា សម្រាប់ការងារសិល្បៈនាង នៅតែស្រឡាញ់ និងក៏នៅតែទទួលថតខ្លះៗដែរ មិនបោះបង់ចោលឡើយ ៕