ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នេះស្រាប់តែមានព័ត៌មានថា តារាសម្ដែងប្រុស យិត មាសឧហ្សាហ៍ ហៅ អេដវីន ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅកាន់តុលាកា ។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពេលតារាប្រុស ខាងលើ ប្រើប្រាស់អំពើហិង្សា វាយដំរាយកាយទៅលើគូស្នេហ៍របស់ខ្លួនគឺអ្នកនាង សុទ្ធ បញ្ចកា ។
ទាក់ទងជាមួយព័ត៌មាន ចាប់ខ្លួនលោក អេដវីដ នេះ អ្នកនាង សុទ្ធ បញ្ចកា បានប្រាប់ Lookingtoday ឱ្យដឹងថា ជាការពិតមែន អេដវីដ បានទៅដល់តុលាកាហើយ ប៉ុន្តែមិនមែនជាការចាប់ខ្លួន ឬបង្ខំឡើយ គឺគេទៅដោយស្ម័គ្រចិត្ត សារភាពទោសកំហុស ក៏ដូចជាសូមទោសនូវទង្វើដែលខុសឆ្គង មកលើរូបនាងផងដែរ ។
អតីតភរិយាចាងហ្វាងផលិតកម្ម LD អ្នកនាង សុទ្ធ បញ្ចកា បាននិយាយទៀតថា សម្រាប់រូបនាងផ្ទាល់ នាងមិនបានគុំគួន និងប្រកាន់ទោសអូសដំណើរអ្វីឡើយ ទៅលើលោក អេដវីន ដោយអ្នកនាងយល់ថា ការឆេវឆាវមួយភ្លែតនោះ ព្រោះតែការស្រឡាញ់ ភាពប្រចណ្ឌហួងហែងប៉ុណ្ណោះ ។ ហើយណាមួយ អេដវីន ជាមនុស្សចារិតល្អ ពួកនាងស្រឡាញ់គ្នាណាស់ ។
អ្នកនាង សុទ្ធ បញ្ចកា ពោលយ៉ាងដូច្នេះថា “សម្រាប់ខ្ញុំ នៅតែលើកលែងទោសឱ្យគាត់ជានិច្ច ព្រោះមនុស្សស្រឡាញ់គ្នា ហើយទង្វើរបស់គាត់ធ្វើ មកលើខ្ញុំកាលនោះ ព្រោះតែប្រច័ណ្ឌ…ធម្មតាទេមនុស្សប្រុស ពេលឃើញយើងនៅជាមួយប្រុសផ្សេងអ៊ីចឹង ទ្រាំមិនបានទេ តែនិយាយឱ្យខ្លីគឺគាត់យល់ច្រឡំតែប៉ុណ្ណោះ ” ។
ជាចុងក្រោយអ្នកនាង សុទ្ធ បញ្ចកា បានបញ្ជាក់ថា ចំពោះច្បាប់សម្រេចយ៉ាងណានោះ នាងមិនដឹងឡើយ ប៉ុន្តែសម្រាប់នាងផ្ទាល់ គឺមិនបានប្ដឹងប្ដល់ យកទោស លោក អេដវីន ឡើយ ផ្ទុយទៅវិញនៅតែបើកភ្លើងខៀវជានិច្ច ។
គួររំឮកថា កាលពីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ អ្នកនាង សុទ្ធ បញ្ចកា បានទម្លាយសារ រៀបរាប់ពីសកម្មភាពហិង្សា វាយដំរាយកាយពីសំណាក់លោក អេដវីន ដែលជាគូស្នេហ៍មកលើរូបនាងយ៉ាងព្រៃផ្សៃ ។ អ្នកមេម៉ាយចាយរាងរូបនេះ ថែមទាំងប្រាប់ពីមូលហេតុដែរថា អំពើហិង្សាដែលបណ្ដាលឱ្យ នាងរងរបួសពេញរាងកាយនេះ ព្រោះតែលោក អេដវីន បានទៅទាន់នាងកំពុងនៅជាមួយបុរសម្នាក់ ដែលតាមពិតបុរសនោះ គឺជាគ្រូពេទ្យប្រចាំកាយ នាងប៉ុណ្ណោះ មិនមានទំនាក់ទំនង អ្វីឱ្យលើសពីនេះឡើយ ៕
ដោយ៖ ម៉ានី