ភ្នំពេញ៖ ថ្មីៗនេះ អតីតតារាកំប្លែងនាង រ៉េន សុធារី ហៅ ឃ្មឹប បានធ្វើឱ្យមាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង Tik tok ក្រោយពីនាង បានថតបង្ហាញពីសកម្មភាពស្និទ្ធស្នាល ជាមួយបុរសម្នាក់ ដែលមើលទៅទំនង ជាគូស្នេហ៍ថ្មីថ្មោងរបស់នាង ។
យោងតាមវីដេអូសកម្មភាពរបស់នាង ឃ្មឹប ដែលកំពុងត្រូវបានគេចែករំលែកយ៉ាងច្រើននោះ បង្ហាញឱ្យឃើញថា នាង និងបុរសវ័យក្មេងម្នាក់ បានប្រើសកម្មភាពស្និទ្ធស្នាល ឱបកៀកកិតគ្នា ដែលមើលទៅហាក់ដូចជាស្រឡាញ់គ្នាខ្លាំងណាស់ ។ ហើយការណ៍នេះផងដែរ បានធ្វើឱ្យទស្សនិកជនកាត់យល់បានថា នាង ឃ្មឹប កំពុងសាងអនាគតជាមួយប្រុសថ្មី ក្រោយពីជួបរឿងហ្មងសៅជាច្រើនក្នុងឆាកជីវិតរបស់នាង ។
គួរឱ្យដឹងថា អ្នកនាងរ៉េន សុធារី ហៅឃ្មឹប ដើមឡើយគឺជានារីដ៏ស្រស់ស្អាតម្នាក់ និងជាតារាកំប្លែងល្បីឈ្មោះមួយរូបក្នុងក្រុមកំប្លែងនាយកុយ ប៉ុន្តែក្រោយមកក៏បានបែកបាក់គ្នាជាមួយនាយហុងដា នាកំលុង ឆ្នាំ២០១០ ដោយសារនាងមានអ្នកទីបី ។
ចាំបានថា កាលពីអំឡុងឆ្នាំ២០១៧ អ្នកនាងឃ្មឹប ធ្លាប់បានចេញមុខបកស្រាយពីរឿងគ្រប់យ៉ាងដែលមហាជន មានការយល់ច្រឡំ និងចោទនាងជាស្រីរត់ចោលប្ដី ទៅយកអ្នកមាន រស់នៅសោយសុខ នៅទឹកដីអាមេរិក ។
នាងឃ្មឹប បានបកស្រាយថា តាមពិតក្រោយលែងលះគ្នាជាមួយនាយហុង ដា នាងបានទៅរស់នៅ ខេត្តបន្ទាយមានជ័យ ដោយធ្វើការស៊ីឈ្មួលគេ ហើយការលែងលះគ្នានេះ គឺមានហេតុផល មិនមែននាងផិតប្តី ដូចគេចោទប្រកាន់នោះទេ ។
យ៉ាងណាក៏ដោយ ការចេញមុខបកស្រាយខាងលើនេះ គឺបន្ទាប់ពីកូនប្រុសរបស់នាងបានក្លាយជាឃាតករសម្លាប់ប្រពន្ធក្រោយរបស់នាយ ហុងដា ហើយអំឡុងពេលនោះផងដែរ នាង ឃ្មឹប បានក្លាយជាមនុស្សស្រីអស់បង្គោលតោងទៅហើយ ហើយជីវិតរបស់នាងដុនដាបខ្លាំង ព្រមទាំងមានពាក្យចរចាមអារ៉ាមថា នាងជាមនុស្សញៀនថ្នាំថែមទៀតផង ៕ដោយ៖ ម៉ានី