ភ្នំពេញ ៖ អស់រយៈពេលច្រើន ឆ្នាំណាស់មកហើយ ដែលអតីតតារាចម្រៀង ដ៏ល្បីល្បាញកាលពី ២០ឆ្នាំមុន លោក សាន ផានិត បានស្ងាត់ប្រជាប្រិយភាព និងកំពុងសម្ងំលាក់ខ្លួន បង្កើតមុខរបរផ្ទាល់ខ្លួន ជាមួយភរិយា របស់លោក ។
ម្ចាស់បទ «ជាប់រវល់» ខាងលើ ត្រូវបានគេដឹងថា ធ្លាប់បានរកស៊ីមុខរបរជាច្រើនមុខ ក្រោយពីស្ងប់ស្ងាត់ប្រជាប្រិយភាព កាលពីប្រមាណ ៧-៨ ឆ្នាំមុន ដោយលោក និងភរិយា បានទៅរស់ នៅខេត្តមណ្ឌលគិរី ។ ហើយរបរទាំងនោះមានដូចជា លក់សម្លៀកបំពាក់ជជុះក្បាលគីប និងជាឈ្មួញកណ្ដាល អចលទ្រព្យជាដើម ។
យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ លោក សាន ផានិត ក៏បានសម្ងំរកស៊ីមុខរបរថ្មីមួយទៀត បែបសមញ្ញបំផុត នោះ គឺលក់ស្បែកជើង និងមួកជជុះក្បាលគីប ដែលនាំចូលកមពីបរទេស ។ ហើយមុខរបរថ្មីនេះ ទំនងទទួលជោគជ័យខ្លាំងជាងរបរមុនៗ ព្រោះបើតាមសកម្មភាព នៅលើគណនីហ្វេសប៊ុករបស់លោក ឃើញថា មានអ្នកគាំទ្រជួយទិញ ជាហូរហែរមិនលស់ថ្ងៃឡើយ ។
ជាមួយគ្នានេះដែរ ក៏ឃើញមានអ្នកគាំទ្រ ជាច្រើនបានលើកពោលពាក្យសរសើរ ពីគុណភាពទំនិញរបស់លោក សាន ផានិត ថាមានគុណភាពល្អ ព្រមទាំងតម្លៃសមរម្យផងដែរ ។
គួរបញ្ជាក់ថា លោក សាន ផានិត បាន រៀប មង្គលការ នា អំឡុង ខែឧសភា ឆ្នាំ ២០១៤ ជាមួយ នារី ម្នាក់ ដែល មាន វ័យ ប្រមាណ ជាង ២០ ឆ្នាំ ជា អ្នកធ្វើការ នៅ សណ្ឋាគារ មួយ ក្នុង រាជធានី ភ្នំពេញ ។
បន្ទាប់ ពីចូលរោងការរួច លោក សាន ផានិត និង ភរិយា បានចេញ ទៅសាងជីវភាពថ្មី លើទឹកដី នៃ ខេត្តមណ្ឌលគិរី ។ នៅទីនោះ លោក បានបង្កើត មុខរបររកស៊ី ក្រៅរង្វង់ សិល្បៈ លាក់ឈ្មោះលាក់សំឡេង ។
យ៉ាងណាមិញ កាលពីប្រមាណ ៣-៤ ឆ្នាំមុន ទើបលោក សាន ផានិត ឈានជើងចូលសិល្បៈជាថ្មីដោយច្រៀងឡើងវិញនូវបទ “ជាប់រវល់” ដែលជាបទល្បីល្បាញរបស់លោក កាលពីជិត២០ ឆ្នាំមុន និងក្រោយមកលោក ក៏បានចូលរួមសម្ដែង MV បទ “ជូនអូនឡើងលើផ្លូវហាយវ៉េ” ច្រៀងដោយលោក ខេម នៅក្នុងផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា ៕
ដោយ៖ ម៉ានី