សិល្បៈ និង កម្សាន្ត

រលាល់ខ្លួនចេញ ពីភក់ជ្រាំ រហូតបានប៉ុណ្ណេះ សាន ផានិត ផ្ដើមពីទុន ១៥០ដុល្លារ ទិញអាវជជុះលក់

ម្ចាស់បទ “ទូរស័ព្ទប្រាប់ផង” សាន ផានិត និយាលម្អិត ពីដំណើរឈានទៅរកអំពើអប្បាយមុខ គឺគ្រឿងញៀន ល្បែង ស្រី និងស្រារយៈពេល ៨ឆ្នាំ តាមរយៈបទសម្ភាសន៍ ដ៏វែងមួយជាមួយលោកគ្រូ អឿន សារ៉ាត់។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺពេលដែលលោក សាន ផានិត អាចផ្ដាច់គ្រឿងញៀន បានដោយជោគជ័យ ហើយងាកមកកសាងគ្រួសារ ដ៏កក់ក្ដៅមួយវិញបាន ។

លោក សាន ផានិត និយាយថា នៅចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ដែលលោកវក់វីខ្លាំងនឹងគ្រឿងញៀន គឺអារម្មណ៍លោកហាក់រស់ នៅលើឋានសួគ៌។ ប៉ុន្ដែវាបានប្រែប្រួលដូចចុះនរកភ្លាមៗ ក្រោយពីលោកអស់លុយ ធ្លាក់ប្រជាប្រិយភាព ទើបដឹងថាមិត្ដភក្ដិ ឬអ្នកស្គាល់គ្នានាំលោក ទៅរកផ្លូវខុសនោះ បានបោះបងលោកចោល ។ លោកចាប់ផ្ដើមតែលតោល លែងមានផ្ទះរស់នៅ ដោយថ្ងៃខ្លះរកលុយជិះម៉ូតូមិនបានទៀត ។

សាន ផានិត ចាប់ផ្ដើមរលាស់ខ្លួន ចេញពីភកជ្រាំ នៅចុង ឆ្នាំ២០១៧ ក្រោយផ្សាសាច់ផ្សាឈាម ជាមួយភរិយាយ របស់លោកបច្ចុប្បន្ន ។ មិនអាចផ្ដាច់បានភ្លាមៗ ភរិយាលោកក៏នាំលោកទៅបួស នៅវត្ដមួយឯស្រុកកំណើត ដោយមានការអប់រំ និងគ្រប់គ្រងចិត្ដដោយព្រះគ្រូចៅអធិការផ្ទាល់។ ក្នុងភាពជាបុព្វជិត ១ឆ្នាំ ធ្វើឲ្យអារម្មណ៍របស់លោកស្ងប់ ហើយចាប់ផ្ដើមគិតគូពីអនាគត និងកសាងគ្រួសារ។

សាន ផានិត ៖ “ព្រះចៅអធិការផ្ដាំថា បើរកប្រពន្ធ រៀបការរួច ព្យាយាមផ្ដាច់ឲ្យឆ្ងាយពីមនុស្សធ្លាប់ស្គាល់ចាស់ៗ ។ ខ្ញុំក៏ឈប់ប្រើហ្វេសប៊ុក ប្ដូរលេខទូរស័ព្ទ ដើម្បីផ្ដាច់ទំនាក់ទំនង ហើយនាំប្រពន្ធ ទៅផ្ញើខ្លួនផ្ញើប្រាណ នៅក្នុងខ្ទមតូចមួយ ក្នុងចម្ការទុរ៉េន របស់ចៅហ្វាយខេត្ដម្នាក់ នៅខេត្ដមណ្ឌលគិរី រហូតខ្ញុំ និងភរិយាមានចិត្ដគំនិត បង្កើតការរកស៊ីថ្មីៗ”។

បើតាមលោក សាន ផានិត រស់នៅក្នុងខ្ទមកម្សត់ ជាមួយភរិយា បង្ហើតបានកូនដ៏គួរឲ្យស្រឡាញ់ម្នាក់ ហើយលោកក៏សម្លឹងមើល ការរកស៊ីអ្វីផ្សេង ក្រៅពីធ្វើជាកម្មករនៅចម្ការគេ ដោយកាលណោះលោកចាប់ផ្ដើមរកស៊ី លក់ខោអាវជជុះ ដោយ​ប្រើ​ទុនដំបូងចំនួន ១៥០ដុល្លារ។ វាក៏ចេះតែកាក់កប រហូតមកដល់បច្ចុប្បន្ន ដែលលោកមានលទ្ធភាពបង្កើត ហាងលក់ខោអាវ និងសម្ភារៈប្រើប្រាស់ធំៗ ចំនួនពីរទីតាំង គឺរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ៕

Most Popular

To Top