ភ្នំពេញ ៖ ជារឿងនឹកស្មានមិនដល់ មួយសម្រាប់តារាចម្រៀង ស្រស់ប្រិមប្រិយ ឃិន ស្រីនាថ ហៅ អ៊ីវ៉ា ដោយកាលពីម្សិលមិញនេះ នាងត្រូវបានស្ត្រីម្នាក់ ទូរស័ព្ទមកគំរាម ប្រមាថដល់អាយុជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកលេងបណ្ដាញសង្គម ជាពិសសគឺអ្នកគាំទ្រ របស់នាងតែម្ដង ។
យោងតាមសំឡេងឆ្លើយឆ្លង តាមទូរស័ព្ទរវាង អ៊ីវ៉ា និងស្ត្រីម្នាក់នោះ បានឱ្យដឹងថា ស្ត្រីនោះប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ah July ធ្លាប់បាន Comment ជេរ អ៊ីវ៉ា ច្រើនដងណាស់មកហើយ ហើយស្ត្រីនោះក៏គំរាមតាមស្វែងរកឪពុកបង្កើត អ៊ីវ៉ា ផងដែរ ដើម្បីដកស័ក្ដិជាទាហ៊ានថែមទៀតផង ។
នៅក្នុងសំឡេងតាមទូរស័ព្ទនេះដែរ ស្ត្រីម្នាក់នោះ ថែមទាំងបាននិយាយថា ខ្លួនហ៊ានថា ហ៊ានធ្វើ ប្រសិនបើ អ៊ីវ៉ា នៅតែបន្តបង្ហោះសារដៀមដាមដល់នាង។ ប៉ុន្តែត្រង់ចំណុចនេះ តារាចម្រៀងស្រីក្នុងផលិតសាន់ដេ បានតបថា នាងមិនបានដឹងខ្លួនថា បានសរសេរសារដៀម ដាមអ្វី ដល់គាត់ឡើយ ព្រោះមិន ដែលស្គាល់គ្នាសោះពីមុន ហើយក៏មិនដឹងថា ហេតុអ្វីបានជាស្ត្រីម្នាក់ខឹងនាង រហូតដល់ទូរស័ព្ទមកគំរាម យ៉ាងដូច្នេះដែរ ។ ក្រៅពីទូរស័ព្ទទៅកាន់ តារាចម្រៀង អ៊ីវ៉ា ដោយផ្ទាល់ហើយ ស្ត្រីនោះថែមទាំងបានសរសេរ នៅក្នុងប្រអប់ Comment គំរាមថា “បើមិនចង់ងាប់ទេ ងែងកុំឌឺ…” ។
ជាមួយគ្នានេះដែរ បើយោង តាមការសរសេរក្នុងប្រអប់ Comment ពីក្រោមការបង្ហោះប្រ៉ូម៉ូតបទចម្រៀងថ្មីរបស់ អ៊ីវ៉ា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah July បានបង្ហើបយ៉ាងដូច្នេះថា “…រកប្រុសផ្សេងទៅ បើមិនចង់ងាប់…” ត្រង់ចំណុចនេះ ទំនងអាចជាការចោទប្រកាន់ថា អ៊ីវ៉ា មានទំនាក់ទំនងស្នេហា លួចលាក់ជាមួយបុរសប្ដីគេ ។
យ៉ាងណាមិញ សម្រាប់ការគំរាម កំហែង និង ចោទប្រកាន់ពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក Ah July បានបង្កឱ្យមានការខឹងសម្បាយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រតារាចម្រៀង អ៊ីវ៉ា រហូតនាំឱ្យមានការ Comment តបតយ៉ាងចាស់ដៃទៅលើស្ត្រីរូបនោះទៀតផង ៕
ដោយ៖ ម៉ានី