ភ្នំពេញ៖ តារាចម្រៀងរាងតូចច្រឡឹង វីរៈ និច្ច ក្រោយពីត្រូវបានបុរសរូបសង្ហារកូនអ្នកខេត្តព្រះសីហនុ ចូលចែចូវកាលពីដើមខែសីហា នេះរួចមក ស្រាប់តែពេលនេះ អ្នកទាំងពីបានចាប់ផ្ដើមថតរូប Pre-wedding បណ្ដើរៗហើយ ដែលមើលទៅពិតជាស្រស់ស្អាត និងស័ក្ដិសមគ្នាឥតខ្ចោះតែម្ដង ។

ជាការពិតណាស់ តារាចម្រៀង វីរៈ និច្ច ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាតារាចម្រៀងស្រីរលកក្រោយដែលទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់យុវវ័យ ជាពិសេសគឺក្រោយពេលចាប់ដៃគូច្រៀងជាមួយលោក ចឺម នៅក្នុងផលិតកម្មសាន់ដេ។ ហើយក្រៅតែពីជាតារាចម្រៀងដ៏មានទឹកដមសំនៀងពិរោះហើយនោះ វីរៈ និច្ច ក៏មានរូបសសម្រស់ស្អាតខ្លាំងផងដែរ ដែលអំណោយផលសម្រាប់ការតុបតែងខ្លួន និងស្លៀកពាក់សិចស៊ី មើលទៅមិនចាញ់តារាបរទេសប៉ុន្មានឡើយ ។

ជាមួយគ្នានេះដែរ វីរៈ និច្ច ក្រៅតែពីបង្ហាញភាពស្រស់ស្អាតតាមរយៈការស្លៀកពាក់សម័យទំនើប បែបសិចស៊ី នាងក៏កាន់តែលេចធ្លោកខ្លាំងក្នុងសម្លៀកបំពាក់បុរាណ ប្រពៃណីខ្មែរដែរ។ ជាក់ស្ដែងដូចជារូបថត Pre-wedding ជាច្រើនសន្លឹករបស់នាង សុទ្ធតែស្អាតៗគ្រប់សន្លឹក រហូតដល់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ។

គួរឱ្យដឹងថា អនាគតស្វាមីរបស់តារាចម្រៀងវ័យ ២៣ឆ្នាំ ខាងលើមានឈ្មោះ ខៀវ ពេជ្រ ជាកូនអ្នកខេត្តព្រះសីហនុ ដែលមិនមានសាច់ឈាមជាអ្នកសិល្បៈឡើយ ។ ពួកគេទាំងពីរនាក់ បានបង្ហាញទិដ្ឋភាពចូលចែចូវតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ កាលពីរសៀលថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ប៉ុន្តែមិនទាន់មិនដំណឹងថា នឹងចូលរោងការនៅថ្ងៃណាឡើយ ៕
ដោយ៖ ម៉ានី

















