ភ្នំពេញ៖ អ្នកនាង សុទ្ធ បញ្ចកា ក្រោយពី បានបង្ហាញភាពស្និទ្ធស្នាល ជាមួយបុរសប្លែកមុខម្នាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើឱ្យមានការចាប់ អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ អ្នកលេងបណ្ដាញសង្គម ដោយសង្ស័យថា បុរសនោះទំនងជាអ្នកស្អំបេះដូងនាង បន្ទាប់ពីលោក យិត មាសឧស្សាហ៍ ហៅ អេដវីន ដែលកំពុងជាប់ក្នុងពន្ធនាគារ ។
អ្នកមេម៉ាយស្នេហ៍ពីរភ្លើង សុទ្ធ បញ្ចកា ក្រៅតែពីថតរូបកៀកកើយស្និទ្ធស្នាល ជាមួយបុរសខាងលើ នាងក៏ បានសរសេរដែរថា “ទោះជាយ៉ាងណា អ្នកឈ្នះបេះដូងខ្ញុំ! អរគុណដែលព្យាយាមការពារ ថែរក្សា និងស្រឡាញ់” ដែលការណ៍នេះ មានមនុស្ស ជាច្រើនអបអរសាទរ តែទន្ទឹមគ្នានេះ ក៏មានមនុស្សចំនួន រិះគន់ផងដែរ ដោយសារតែនាង និងលោក អេដវីន បែបគ្នាទើបតែបាន ២ខែប៉ុណ្ណោះ ។
យ៉ាងណាមិញ ត្បិតតែអ្នកនាង សុទ្ធ បញ្ចកា ពុំទាន់បានបកស្រាយ នៅលើគណនីហ្វេសប៊ុករបស់នាង ថាតើទំនាក់ទំនងរវាងនាង និងមនុស្សប្រុសម្នាក់នោះដូចម្ដេច ប៉ុន្តែសម្រាប់សាមីខ្លួនខាងប្រុស ពោលគឺបុរសដែលសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់អ្នកនាង សុទ្ធ បញ្ចកា បានចេញមុខបញ្ជាក់ថា រូបគេមិនត្រូវជាអ្វីជាមួយ សុទ្ធ បញ្ចកា ឡើយ គ្រាន់តែជាអ្នករាប់អានគ្នា ធម្មតាប៉ុណ្ណោះ ។
បុរសខាងលើដែលមានឈ្មោះ ហ៊ាង រតនា បានសរសេរបកស្រាយ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា “ខ្ញុំនិងបញ្ចកា មិនមានទំនាក់ទំនងស្នេហាអ្វីនឹងគ្នាទេ ខ្ញុំនិងគាត់គ្រាន់តែរាប់អានគ្នាធម្មតា សូមកុំមានការយល់ច្រឡំ រូបថ្ងៃមុនពួកខ្ញុំថតលេងជុំគ្រួសារ ហើយគាត់ផុសលេងទេ” ។
សូមបញ្ជាក់ថា អ្នកនាង សុទ្ធ បញ្ចាកា បានបង្ហោះរូបថតផ្អែមល្ហែម ជាមួយបុរសឈ្មោះ ហ៊ាង រតនា រយៈពេល ២ខែក្រោយ ពីលោក អេដវីន ត្រូវបានសមត្ថកិច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន និងបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ៕
ដោយ៖ ម៉ានី