ភ្នំពេញ៖ លោក សាវីន ហ្វីលីព ត្រូវបានតារាជើងថ្មី មើលលើក្រោម នៅពេលដែលលោក បានយករថយន្តកូនស្រីជិះ ទៅថតកុនកាលពីពេលថ្មីៗនេះ ។ ហើយសកម្មភាពនេះដែរ តារាជើង ចាស់ និងជាប្រធានអង្គការរូបនេះ បានចាត់ទុកថា គឺជាបំណងមើលងាយមកលើរូបលោក ក្នុងនាមជាសិល្បៈករមួយរូបដែរ។

នេះជាលើកទីមួយហើយដែលលោក សាវីន ហ្វីលីព បានបង្ហោះសារបង្ហាញ អារម្មណ៍ពីការមើលងាយ មិនឱ្យតម្លៃពីសំណាក់តារាទើបរះ ប៉ុន្តែលោក ពុំបានបង្ហាញឈ្មោះតារាទាំងនោះឡើយ ។

តាមរយៈគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក សាវីន ហ្វីលីព បានសរសេរយ៉ាងដូច្នេះថា “តារាថ្មីខ្លះឃើញឯងយក ទ្បានកូនស្រីជិះទៅថតកុន មើលលើមើលក្រោមបែបចង់ មើលងាយខណៈខ្លួនឯង ជិះទ្បានទំនើបបង់រំលោះ ផ្ទះបុរីក៏បង់រំលោះ សោះហ្នឹង… សង្គមនេះគេចូលចិត្តវាយតម្លៃមនុស្ស សំបកក្រៅនិងសំបូរមនុស្ស រស់នៅក្នុងជីវិត Fake ! ខ្ញុំសូមបញ្ជាក់ថា នៅពេលនេះប្ដីប្រពន្ធខ្ញុំមិនមាន ជំពាក់បំណុលនរណា សូម្បីតែមួយសេនដុល្លាទ្បើយ មានតែគេជំពាក់ខ្ញុំមិនសង” ។

លោក សាវីន ហ្វីលីព និងភរិយា ត្រូវបានមហាជនមើលឃើញថា ជានិច្ចកាល ចូលចិត្តធ្វើខ្លួនបែបសាមញ្ញៗ និងចំណាយពេលច្រើនរស់នៅជាមួយធម្មជាតិ ក៏ដូចជាស្រុកស្រែចម្កាជាដើម ។

យ៉ាងណាក៏ដោយគេដឹងថា ប្រធានអង្គការមូលនិធិ សាវិន ដើម្បីកុមារ រូបនេះ ជាម្ចាស់កម្មសិទ្ធអចលនទ្រព្យ ជាច្រើនកន្លែងដូចជាផ្ទះ និងដី ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្ត ដូច្នេះហើយ ទើបឆ្លៀតក្នុងឱកាស ដែលមានតារាជើងថ្មីមើលងាយនេះ លោកក៏បានសរសេរសារខ្លីមួយថា “ខ្ញុំសុខចិត្តជិះឡានថោក តែយកលុយទៅទិញដី និងផ្ទះច្រើនកន្លែងទុកវិញដើម្បីបង្កើនទ្រព្យ” ៕
ដោយ៖ ម៉ានី






