សិល្បៈ និង កម្សាន្ត

លុយ រីម៉ា ភរិយាអតីតតារាសម្ដែង ស៊ុក សុភា ( នេនទុំ) បង្ហើបពីមូលហេតុនៃការសម្រេចចិត្តចែកផ្លូវគ្នា

ភ្នំពេញ៖ កាលពីថ្ងៃទី ២៦ ខែសីហា ម្សិលមិញនេះ អ្នកគាំទ្រអតីតតារាសម្ដែងប្រុសដ៏ល្បីល្បាញ គឺលោក ស៊ុក សុភា បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញសារលែងលះ ដែលបង្ហោះដោយភរិយារបស់លោក គឺអ្នកនាង លុយ រីម៉ា ហៅ ហ្សារីណា ។

ភរិយារបស់ តួអង្គ នេនទុំ ខាងលើនេះ បានសរសេរសារខ្លីមួយ បង្ហោះនៅលើគណនីហ្វេសប៊ុករបស់នាងយ៉ាងដូច្នេះថា “សុំជូនដំណឹងដល់បងប្អូនទាំងអស់គ្នា អោយបានដឹងថា៖ ខ្ញុំនិង ស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅ គាត់ធ្វើអ្វីជាសិទ្ធរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធរបស់ខ្ញុំ។មូលហេតុ សុំមិនបកស្រាយ មានតែពាក្យថា ឆ្អែត!” ។

ជុំវិញនឹងការសម្រេចចិត្តចែកផ្លូវគ្នានេះដែរ បើទោះជា Lookingtoday មិនអាចទាន់សុំការបញ្ជាក់ពីសាមីខ្លួនទាំងពីរនាក់ដោយផ្ទាល់បាន ក៏ប៉ុន្តែភាគីអ្នកនាង លុយ រីម៉ា បានបកស្រាយជាសាធារណៈតាមរយៈប្រអប់បញ្ចេញមតិរបស់នាង ដោយឱ្យដឹងថា ការចែកផ្លូវគ្នាដើរនេះទំនងមូលហេតុបណ្ដាលមកពីរឿង រកាំរកូសរវាងគ្រួសារ (ឪពុក ម្ដាយ សាច់ញាតិ) និងជីវិតប្ដីប្រពន្ធ ។

អ្នកនាង លុយ រីម៉ា បានបង្ហើបយ៉ាងដូច្នេះថា “ខ្ញុំសុំបកស្រាយយ៉ាងខ្លីថា មិនមែនសម្ដែង តែជាការពិត រឿងដូច្នេះ ខ្ញុំមិនយកមកលែងសើចទេ ។ សុំបកស្រាយថា ដែលយើងលែងគ្នាមិនមែនមកពីរឿងកំហុសដែលយើងធ្វើខុសទេ តែមកពីភាគីម្នាក់យកក្រុមគ្រួសារមកបូកចូល។ គេធ្វើឱ្យយើងឃើញថាគ្រួសារគេ មិនចេះខុស យើងជានរណាក៏ដោយ នៅដល់ណាក៏ដោយ យើងត្រូវទទួលថាយើងខុស យើងជាក្មេងជាកូន ចង់គេមិនឱ្យតម្លៃ ក៏យើងត្រូវតែទទួលថាយើងខុស ចង់យើងខំប្រឹងដើម្បីកូនគេយ៉ាងណា ក៏យើងត្រូវទទួលថាយើងខុស ។ ចៃដន្យ មនុស្ស ដូចខ្ញុំ ខុសថាខុស ត្រូវថាត្រូវ មិនខុសមិនអោនក្បាលជាដាច់ខាត” ។

អ្នកបន្តទៀតថា “បើបងបានប្ដីមិនចេះបែកចែករឿងគ្រួសារ និង ជីវិតប្ដីប្រពន្ធឱ្យបានច្បាស់លាស់ផង យើងឱ្យឱកាសទៀតដដែលៗម្ដេចបាន? យើងមិនអោយគេស្អប់គ្រួសារគេទេ យើងក៏ចេះស្រឡាញ់គ្រួសារយើង គេក៏ចេះស្រឡាញ៉គ្រួសារគេ តែសុំឱ្យចេះបែងចែងរវាងក្ដីស្រឡាញ់ទាំង ២ ហ្នឹង ឱ្យបានច្បាស់លាស់។ មនុស្សខ្ញុំជាមនុស្សចិត្តបុណ្យ ធ្វើបុណ្យណាស់ បើចេះឱបក្រសោបខ្ញុំ ជួយអស់ពីខ្លួនងាប់ចោល តែកុំឱ្យតែខ្ញុំជួយហើយ មើលរំលង ឬ មិនឱ្យតម្លៃខ្ញុំ ខ្ញុំសុខចិត្តដោះលែងអ្នកឯងចោលដូចគ្នា។ ខ្ញុំធ្វើបុណ្យងាប់ចោល តែកុំឱ្យតែមិនឃើញតម្លៃខ្ញុំអាចអស់ចោលដូចគ្នា” ។

សូមបញ្ជាក់ថា លោក ស៊ុក សុភា និងអ្នកនាង លុយ រីម៉ា ហៅ ហ្សារីណា បានចូលរោងការកាលពីឆ្នាំ ២០១២ បន្ទាប់ពីអ្នកនាង លុយ រីម៉ា បានលែងលះជាមួយអតីតស្វាមីរបស់នាង ដោយបន្សល់ទុកកូនចំនួន២នាក់ ។

បន្ទាប់ពីរៀបការរួច លោក ស៊ុក សុភា និងអ្នកនាង លុយ រីម៉ា បានដឹកដៃគ្នាទៅរស់នៅប្រទេសអូស្ត្រាលី រហូតដល់បច្ចុប្បន្ន ហើយគេទាំងពីរ ក៏ទទួលបានចំណងដៃកូន ៣នាក់ជាមួយគ្នាផងដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top