ភ្នំពេញ៖ អ្នកនាង សឿ សុធារ៉ា អតីតតារាសម្ដែងដ៏ល្បីល្បាញ កាលពីជិត ១០ឆ្នាំ មុន ត្រូវបានគណនីហ្វេសប៊ុកមួយ វាយប្រហារ និងចោទថា អ្នកនាងបានគេចវេស មិនព្រមសងលុយតុងទីន ដែលមានចំនួនទឹកប្រាក់ រហូតដល់ខ្ទង់ម៉ឺនដុល្លារ ។

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Aza Be Strong បានបង្ហោះសារចោទប្រកាន់ អ្នកនាង សឿ សុធារ៉ា យ៉ាងដូច្នេះថា ខ្លួនបានលេងតុងទីន ជាមួយ អ្នកនាង សឿ សុធារ៉ា ដែលជាមេតុងទីន បានរយៈ ៧-៨ ខែមកហើយ ហើយនៅពេលដែលដល់វេនខ្លួនដេញបាន បែជាអ្នកនាង សឿ សុធារ៉ា មិនប្រគល់លុយឱ្យ ដោយអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃ ហើយបើទោះជាខ្លួនទាមទារ ត្រឹមតែលុយដើមវិញ ក៏មិនទាន់បានផង ។
ម្ចាស់គណនីហ្វេសប៊ុកដដែលបានបន្តថា អ្នកនាង សឿ សុធារ៉ា បានផ្ដាច់ទំនាក់ទំនង សូម្បីតែទូរស័ព្ទចូល ក៏មិនមានអ្នកទទួលដែរ ខណៈដែលអតីតតារាស្រីរូបនេះ បានប្រមូលលុយពីកូនក្រុម បានរហូតដល់រាប់ម៉ឺនដុល្លារឯនោះ ។

បើគិតមកទល់ពេលនេះ គឺមានរយៈពេល ២ថ្ងៃហើយបន្ទាប់ពីម្ចាស់ គណនីហ្វេសប៊ុក Aza Be Strong បង្ហោះសារនិយាយយ៉ាងដូច្នេះ ប៉ុន្តែបើងាកទៅមើលភាគីអ្នកនាង សឿ សុធារ៉ា វិញ បានផ្ដល់សម្ភាសន៍ ជាមួយសារព័ត៌មានក្នុងស្រុកមួយថា មានកូនក្រុម (អ្នកលេងតុងទីន) ភាគច្រើ់នបានរត់ចោលអ្នកនាង ដែលជាមេតុងទីន ដែលជាហេតុនាំឱ្យអ្នកនាងខ្វះលុយ សម្រាប់បង្វិលឱ្យកូនក្រុមផ្សេងៗ ដូច្នេះហើយទើបអ្នកនាងបានសុំការ យោគយល់ពីកូនក្រុមដែលនៅសេសសល់ ហើយអ្នកនាងសន្យាថា នៅឈរខ្លួនដើម្បីដោះស្រាយ ឱ្យកូនៗក្រុមរបស់នាងម្នាក់ម្ដងៗ មិនបានគេចវេសទៅណាឡើយ ។

អ្នកនាង សឿ សុធារ៉ា បានវបញ្ជាក់យ៉ាងដូច្នេះថា ទឹកប្រាក់ដែលត្រូវបានខាតបង់ ដោយសារកូនក្រុមរបស់នាងរត់ចោលនាងនោះ មានចំនួនរហូតទៅដល់ជាង ១០ម៉ឺនដុល្លារឯនោះ ពុំមែននាងមានចេតនាបោកប្រាស់ កូនក្រុមឡើយ ។ ចំណែកម្ចាស់គណនីហ្វេសប៊ុកមួយ ដែលបង្ហោះសារចោទប្រកាន់នាងនោះ នាងនឹងដាក់ពាក្យបណ្ដឹង ពីបទបរិហាកេរ្តិ៍ គ្រាន់តែពេលនេះ រង់ចាំប្រមូលភ័ស្ដុតាងគ្រប់គ្រាន់សិន ។
យ៉ាងណាមិញ ជុំវិញព័ត៌មានខាងលើនេះ Lookingtoday មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាង សឿ សុធារ៉ា ឡើយ ដោយទូរស័ព្ទមិនអាចភ្ជាប់ ទំនាក់ទំនងបាន ចំណែកភាគីខាងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Aza Be Strong ក៏មិនទាន់បានឆ្លើយតបសាររបស់ក្រុមការងារយើងដែរ ៕
ដោយ៖ ម៉ានី
