ភ្នំពេញ៖ អតីតតារាសម្តែងស្រីសិចស៊ី នាងស្រីម៉ុច ហៅជីដូនកាកី មួយរយៈធំចុងក្រោយនេះ ឃើញថាវត្តមានរបស់នាង ហាក់ដូចជាស្ងប់ស្ងាត់ខ្លាំង មិនមានបង្ហាញច្រើន នៅលើហ្វេសប៊ុក ឬទំព័រសារព័ត៌មាន ក្នុងស្រុកឡើយ ហើយភាពស្ងប់ស្ងាត់នេះ ក៏ដោយសារតែនាង កំពុងសម្ងំរស់នៅយ៉ាងសុខសាន្ត ជាមួយប្ដី និងកូនៗរបស់នាង នៅឯប្រទេសសិង្ហបុរី ។

កាលពីជាង ១០ឆ្នាំមុន ស្រីម៉ុច គឺជាតារាសម្ដែងស្រី ដ៏សិចស៊ីបំផុត ហើយនាងនិយមតែដើរតួ ជាតួអង្គកាចឆ្នាស់ឆ្នើម ផិតក្បត់ និងបែបសិចស៊ីរោលរាលប៉ុណ្ណោះ ដូច្នេះហើយទើបនាង ត្រូវបានគេដាក់រហស្សនាមថា ជីដូនកាកី ពោលគឺក្រោយពេលសម្ដែង យ៉ាងសមឥតខ្ចោះ នៅក្នុងបទចម្រៀង «ជីដូនកាកី» ច្រៀងដោយលោក ហេង ប៊ុនលាភ ។
គិតមកទល់សព្វថ្ងៃនេះ ស្រីម៉ុច មានវ័យ ៤១ឆ្នាំហើយ ប៉ុន្តែសម្រស់របស់នាង នៅតែស្រស់ស្អាត ហើយអ្វីដែលមិនអាចបំភ្លេចបាននោះ គឺនាងនៅតែស្រឡាញ់ភាពសិចស៊ីដដែល ។ ហើយកន្លងមកនាង ក៏តែងតែបង្ហោះរូបថតសិចស៊ីៗ ជាច្រើនសន្លឹក លើគណនីហ្វេសប៊ុករបស់នាង ដែលភាគច្រើនរូបថតទាំងនោះ ក៏ត្រូវទទួលរងនូវការរិះគន់ ពីសំណាក់មហាជនផងដែរ ។

ចាំបានថាកាលពីកំលុងឆ្នាំ ២០១៨ ស្រីម៉ុច ត្រូវបានរង នូវការរិះគន់យ៉ាងខ្លាំងបំផុត ពីសំណាក់មហាជនប្រុសស្រី លើបណ្ដាញសង្គម ក្រោយពីនាង បានតុបតែងខ្លួនសិចស៊ីជ្រុល រហូតដើរបង្ហាញម៉ូដ ស្លៀកតែខោលីអូ នាំឱ្យផ្អើលភ្ញៀវ ពេញសណ្ឋាគារ សូហ្វីតែល នៅក្នុងកម្មវិធីជប់លៀងមួយ របស់ហាងរក្សាសម្រស់មួយ ក្នុងរាជធានីភ្នំពេញ ។ ហើយសកម្មភាពរបស់នាងកាលនោះ ក៏នាំឱ្យមានប្រតិកម្ម មិនពេញចិត្តផងដែរ ពីសំណាក់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
យ៉ាងណាមិញ គេសម្គាល់ឃើញថា ក្រោយពីមានការរិះគន់ ខាងលើហើយនោះ ស្រីម៉ុច ក៏នៅតែចូលចិត្តសម្ញែងគល់ភ្លៅ និងសាច់ដើមទ្រូងដដែល គ្រាន់តែនាងមិនបង្ហាញ លើឆាកដូចលើកនោះឡើយ ពោលគឺគ្រាន់តែជាការផុសកម្សាន្ត នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់នាងប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ស្រីម៉ុច មានឈ្មោះពិតថា សាវ៉ាត សុវណ្ណី ក្រោយពីរៀបការជាមួយប្ដី ជាអនិកជនរស់នៅ ប្រទេសសិង្ហបុរីហើយនោះ នាងក៏បានចាកចេញ ពីប្រទេសកំណើត ទៅរស់នៅជាមួយប្ដី ព្រមទាំងទទួលបាន ចំណងដៃកូនប្រុសស្រី ៣នាក់ ដែលពេលនេះ មានវ័យជំទង់អស់ហើយ ៕ ដោយ៖ ម៉ានី





