លោក គង្គ ប៊ុនឈឿន បានទទួលមរណភាពនាពាក់កណ្ដាលឆ្នាំ ២០១៦ នៅក្នុងប្រទេស ន័រវេសដោយរោគាពាធ ប៉ុន្តែលោក អាចនឹងអស់ជីវិតតាំងពី នៅក្នុងរបបអាវខ្មៅម្ល៉េះ ប្រសិនបើមិនមានរឿងចៃដន្យមួយ នៅក្នុងរបបបនប្រល័យ ជាង៣ឆ្នាំនោះ។
តាមខ្លឹមសារដកស្រង់ពីឯកសារ “ជីវិត នៃជីវិតគង្គ ប៊ុនឈឿន វគ្គពីរ” ផ្សាយឡើងវិញដោយទំព័រ “ចៅកម្ពុជា” បានឲ្យដឹងថា នៅពេលដែលលោក គង្គ ប៊ុនធឿន ត្រូវបនប្រល័យត្រៀម នឹងប្រហារទៅហើយនោះ រឿងចៃដន្យ ក៏បានកើតឡើង ហើយដំណើរការបញ្ចប់ជីវិតកវីម្ចាស់ស្ទឹងសង្កែ ក៏បញ្ឈប់ភ្លាមៗ ដោយសារអ្នកប្រហារនោះ គឺជាអ្នកគាំទ្រស្នាដៃម្នាក់របស់លោក។
តាម “ចៅកម្ពុជា” បានឲ្យដឹងថា លោក គង្គ ប៊ុនឈឿន ត្រូវខ្មែរក្រហមចងដាក់ក្នុងថ្លុកក្របីរួចស្រេច ត្រៀមប្រល័យឱ្យសូន្យសង្ខារ ក្រោមការចោទថា លោកជាសេអុីអា ដោយសារពួកគេរកឃើញ ដុំហ្វីលលាក់មួយក្នុងស្រោមខ្នេីយរបស់លោក។
ប៉ុន្តែពេលនោះ អ្នកស្រី តាត គីមលន ជាភរិយាលោកកវី បានប្រាប់ទៅពួកខ្មែរក្រហម នូវការពិតមួយចំនួនថា ស្វាមីរបស់អ្នកស្រីមិនមែនឈ្មោះ “ជា” ទេ គឺឈ្មោះ គង្គ ប៊ុនឈឿន ជាអ្នកនិពន្ធសៀវភៅរឿងប្រលោមលោក ដឹកនាំថតខ្សែភាពយន្ត និពន្ធបទភ្លេង ទំនុកច្រៀង និងចេះគូររូបខ្លះផង!។ បញ្ហាដែលនាំឲ្យលោកសម្រេចប្ដូរឈ្មោះ ដោយសារតែមានការណែនាំថា បើមិនលាក់ប្រវត្តិរូបទេមុខជា អាយុមិនវែងឡើយ ព្រោះអង្គការមិនចូលចិត្តអ្នកអក្សរសាស្ត្រ ចេះដឹង ឬបញ្ញវ័ន្តអីនោះទេ។
ដោយឡែកចំពោះដុំហ្វីល ដែលរកឃើញនៅក្នុងនៅស្រោមខ្នើយ របស់ស្វាមីនោះ ក៏មិនមែនដូចទាហានខ្មែរក្រហមគិតដែរ។ “ដុំហ្វីលកុន រកឃើញក្នុងស្រោមខ្នើយនោះ គឺជារឿងកុនថ្មីចុងក្រោយ ដែលប្តីខ្ញុំរៀបចំថតហើយមិនទាន់បញ្ចាំង ក៏ដាក់មកជាមួយដោយនឹកស្តាយឈ្មោះ មុខមួយផ្នែកបួន !….ព្រោះឮអង្គការថា ចេញតែ៣ថ្ងៃត្រឡប់ចូលវិញ ! ដូច្នេះ វាមិនមែនជាខ្សែT.O អីនោះទេ ព្រោះបើតាមខ្ញុំធ្លាប់ដឹង ខ្សែ T.O គ្មានរូបទេ!”។ អ្នកស្រី គូសបញ្ជាក់ទៅទាហ៊ានខ្មែរក្រហម។
ក្រោយទទួលបានការស្រាយបំភ្លឺនេះ ពីអ្នកស្រី តាត គឹមលន់ កម្មាភិបាលម្នាក់ ហាក់ភ្ញាក់ផ្អើលចំពោះសាវតាររបស់លោកកវី ហើយរូបសួរបញ្ជាក់ទៀតថា “ប្តីបងស្រី គឺអ្នកនិពន្ធ គង្គ ប៊ុនល្បឿន មែនទេ?”។ “ចា៎! ខ្ញុំមិនកុហកទេ បើខ្ញុំនិយាយមិនពិត សូមឱ្យពួកមិត្តសម្លាប់ខ្ញុំចុះ!”។
ទទួលបានការបញ្ជាក់ ដោយម៉ឺងម៉ាត់បែបនេះ កម្មាភិបាលរូបនោះ ក៏ដើរទៅទាញកន្ទុយចន្លុះពីដៃយុទ្ធមិត្តរបស់ឡេ យកទៅឈួលមើលមុខ សួរបណ្តើរថា៖ “បង គង្គ ប៊ុនឈីន បងជាអ្នកនិពន្ធរឿងឥន្រ្ទកុមារ ឬចាស់វែក និងពណ្ណរាយក្នុងដែននាងមច្ឆា មែនទេ…ហើយខំរកនឹកមើល៍ តើបងមានចំណាំមុខខ្ញុំបានខ្លះទេ?”។
លឺបែបនេះ លោក គង់ ប៊ុនឈឿន ដែលដៃជាប់ចំណងនៅឡើយ ចាប់ផ្ដើមរំភើបជាមួយក្ដីសង្ឃឹម ហើយបានងើយសម្លឹងមុខជនហើយឆ្លើយទាំងលំបាកថា គឺលោកនេះហើយជាម្ចាស់និពន្ធរឿងទាំងនោះ។ “បាទ រឿងទាំងអស់នោះ ខ្ញុំសរសេរមែន ! គឺជាកម្រងជីវិតតស៊ូផ្សងព្រេង របស់អ្នកក្លាហានម្នាក់ឈ្មោះពណ្ណរាយ… តែខ្ញុំចំណាំមុខសមមិត្តប្អូនមិនបានទេ !ហើយហេតុដូចម្តេច បានជាសមមិត្តប្អូនស្គាល់ខ្ញុំ?”។
កម្មាភិបាលរូបនោះ បានរៀបរាប់បន្តហូរហែរឱ្យដឹងថា គេជាខ្សែរយៈបង្កប់ដ៏សំខាន់ម្នាក់ របស់ខ្មែរក្រហមប្រចាំក្រុងភ្នំពេញ។ គេមានបេសកកម្មពិសេស សម្រាប់តាមដានបញ្ញវ័ន្តផ្សេងៗ ដូចជាគ្រូបង្រៀន អ្នកនិពន្ធកាសែតនិងសិល្បករជាដើម។ ហេតុនេះហើយ ទើបគេស្គាល់លោកច្បាស់។
តាមឯកសារដដែល កម្មាភិបាលរូបនោះ គេបានបន្លំខ្លួនធ្វើជាអ្នកធាក់ស៊ីក្លូ ចូលចិត្តទិញកាសែត និងសៀវភៅ ទៅអានមិនដែលដាច់ ដើម្បីស្វែងយល់ពីទស្សនៈ របស់អ្នកនិពន្ធម្នាក់ៗ ហើយរូបគេកត់សម្គាល់ថា លោក គង្គ ប៊ុនឈឿន គឺជាអ្នកនិពន្ធមានទស្សនៈប្រឆាំង ដាច់ខាតចំពោះវណ្ណៈជិះជាន់ព្រមទាំង ធ្លាប់មានទុក្ខទោស ព្រោះរឿងសរសេរសៀវភៅនេះ ច្រើនដងមកហើយទៀតផង។
ដោយសារបែបនេះហើយ លោកកវីដែលមានរហស្សនាម “កវីម្ចាស់ស្ទឹងសង្កែ” ក៏បានរួចជីវិតពីក្រញុំាយមរាជ ដោយកម្មាភិបាលជាអ្នកគាំទ្រស្នាដៃ និពន្ធរបស់លោក បានយកខ្លួនមកធានា ថាលោកមិនមែនជាជនបង្កប់ សេអ៊ីអានោះទេ ពោលគឺលោកជាអ្នកនិពន្ធ ដែលជួយលើកតម្កេីងវណ្ណៈ អធនរបស់ពួកគេ ពិសេសគេបានស៊ើបដឹងទៀតថា លោកកវី មិនបានចូលធ្វើទាហានលន់ណុលឡើយ។
ក្រោយរួចជីវិតទាំងប្រផិតប្រផើយ ពីបនប្រល័យ លោក គង្គ ប៊ុនឈឿន បានទទួលមរណភាព កាលថ្ងៃទី១៧ខែមេសា ឆ្នាំ ២០១៦។ មរណភាពរបស់លោកកវី បាននាំដល់ការសោកស្ដាយយ៉ាងច្រើន ព្រោះតែបាត់ម្ចាស់ទឹកដៃនិពន្ធដ៏ឆ្នើមម្នាក់ក្នុងសង្គម។ ស្នាដៃរបស់លោក ដែលប្រកបដោយគតិអប់រំ បណ្ដុះមនសិការ មានសល់សន្ធឹកសន្ធាប់នៅក្នុងប្រលោមលោក កំណាព្យ ភាពយន្ត និងបទចម្រៀងជាច្រើន៕ ប្រភព៖ សប្បាយ