សិល្បៈ និង កម្សាន្ត

អតីតបវរកញ្ញា អ៊ិន សុខលីដា កំពុងរស់នៅយ៉ាងសុខសាន្ត ក្រោយរត់គេចពី ការគំរាមសម្លាប់ កាលពីជាង ១០ឆ្នាំមុន

ភ្នំពេញ៖ ប្រហែលមានមហាជនតិចនាក់ណាស់ ដែលនៅចងចាំ អតីតតារាសម្ដែងស្រី និងជាម្ចាស់ជ័យលាភី លំដាប់លេខ៣ ជាបវរកញ្ញា ទេសចរណ៍អន្តរជាតិ ឆ្នាំ២០០២ គឺអ្នកនាង អ៊ិន សុខលីដា ដែលបច្ចុប្បន្នកំពុងរស់នៅ យ៉ាងមានសុភមង្គលជាមួយស្វាមី ព្រមទាំងកូនរបស់នាង នៅឯសហរដ្ឋអាមេរិក ។

អ្នកនាង អ៊ិន សុខលីដា ក្រោយពីបានជាប់ជ័យលាភី លំដាប់លេខ៣ ជាបវរកញ្ញាទេសចរណ៍អន្តរជាតិ ឆ្នាំ២០០២ ហើយនោះ នាងក៏ជាបេក្ខភាពបរកញ្ញាតំណាង ឱ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួត ក្នុងប្រទេសម៉ាឡេស៊ីផងដែរ ដោយពេលនោះ អ្នកនាងទទួលបានជ័យលាភី លេខ៥ លំដាប់អន្តរជាតិ ក្នុងឆ្នាំ ២០០៣ ។

ដោយសារតែរូបសម្រស់ ដ៏ស្រស់ស្អាតពីធម្មជាតិ ព្រមទាំងទេពកោសល្យខ្ពស់ផងនោះ អ្នកនាង អ៊ិន សុខលីដា ទទួលបានការងារជាច្រើន នៅក្នុងសង្គមសិល្បៈដូចជាសម្ដែង ក្នុងចម្រៀងខារ៉ាអូខេ រឿងភាគ និងដុំ និងក៏ជាពិធីការិនី មួយរូបផងដែរ ។

ល្បីឈ្មោះបានមួយរយៈ ស្រាប់តែនាកំលុងឆ្នាំ ២០០៨ អ្នកនាង អ៊ិន សុខលីដា ព្រមទាំងក្រុមគ្រួសារ បានរងនូវការគំរាមគំហែងសម្លាប់ ដោយកាលនោះម្ដាយរបស់នាង ត្រូវបានជនដៃដល់ជះទឹកអាស៊ីត ហើយក៏បញ្ជូនទៅសង្គ្រោះ នៅប្រទេសវៀតណាមភ្លាមៗតែម្ដង ។ ហើយចាប់តាំងពីណពេលនោះមក ស្រីស្រស់ប្រិមប្រិយខាងលើ និងក្រុមគ្រួសារបានរស់នៅ យ៉ាងភ័យខ្លាចពីការតាមសម្លាប់ រហូតដល់ឆ្នាំ ២០១០ ទើបបានភៀសខ្លួនទៅរស់នៅ សហរដ្ឋអាមេរិក រហូតដល់បច្ចុប្បន្ន ។

តាមរយៈទំព័រហ្វេសប៊ុក Movie star Research ដែលធ្លាប់គ្រប់គ្រង ដោយអតីតតារាចម្រៀង ស៊ិន ឧត្តមផល្លា ក៏បានចុះផ្សាយដែរថា បច្ចុប្បន្ននេះ អ្នកនាង អ៊ិន សុខលីដា កំពុងរស់នៅយ៉ាងសុខសាន្ត ជាមួយក្រុមគ្រួសារដ៏តូចរបស់នាង ព្រមទាំងជាម្ចាស់ក្រុមហ៊ុន លក់ផលិតផលថែរក្សាសម្រស់ ប្រ៊េនខ្លួនឯងផ្ទាល់ផងដែរ ៕ ដោយ៖ ម៉ានី

Most Popular

To Top