ព័ត៌មានទាក់ទងស្នេហា រវាងតារា K-Pop លំដាប់ពិភពលោក Jisoo (BLACKPINK) និងកីឡាករបាល់ទាត់ Son Heung Min កំពុងល្បីសុសសាយពេញបណ្ដាញសង្គមហើយនៅពេលនេះ ។

រម្លឹកទៅកាលពីខែកញ្ញា ឆ្នាំ២០១៩ Jisoo (BLACKPINK) ត្រូវគេចាប់បាន ថា បានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត Premier League នៅពហុកីឡដ្ឋាន Tottenham Hotspur ក្នុងទីក្រុង London ។ តារាស្រីរូបនេះថែមទាំងបានថតរូប នៃការប្រកួតប៉ុន្មានសន្លឹក ហើយបង្ហោះលើ Instagram Story ទៀតផង ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្តក្រុម ដែលមាន Son Heung Min ជា Captain របស់ក្រុម ហើយក៏ជាជនជាតិ កូរ៉េខាងត្បូងដូចគ្នា។
២ឆ្នាំក្រោយមក ព័ត៌មានស្នេហារវាង Jisoo និង Son Heung Min ក៏ចាប់ផ្ដើមល្បីបន្តិចម្ដង រហូតក្លាយជាការចាប់អារម្មណ៍ឡើងៗ។

បើយោងតាមសេចក្ដីរាយការណ៍ Son Heung Min បានមកដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី០៥ ខែតុលា ដើម្បីចូលរួមប្រកួត “2022 FIFA World Cup Asia Qualifier” រវាងក្រុមបាល់ទាត់កូរ៉េខាងត្បូង និង ស៊ីរី ដែលព្រឹត្តិការណ៍នេះធ្វើឡើងនៅថ្ងៃទី០៧ ខែ តុលា។ ទោះជាយ៉ាងណា ជំនួសពីការហោះចេញពីទីក្រុង London ចក្រភពអង់គ្លេស ក៏មានការកត់សម្គាល់ឃើញថា Heung Min បែរជាហោះចេញពីទីក្រុងប៉ារីស ប្រទេសបារាំងទៅវិញ។

ងាកទៅ Jisoo វិញ ក៏ទើបតែត្រឡប់ចូលប្រទេសកូរ៉េ ដោយធ្វើដំណើរចេញពីប្រទេស បារាំង គឺនៅថ្ងៃតែមួយ គឺថ្ងៃទី ០៥ ខែ តុលាដែរ បន្ទាប់ពីចូលរួមកម្មវិធី “Paris Fashion Week” នៅប៉ារីស ។

តម្រុយមួយទៀតនោះគឺ អ្នកទាំង ២ ពាក់ខ្សែដៃដូចគ្នា ដែលខ្សែដៃនោះ អ្នកគាំទ្រ Son Heung Min ចំណាំច្បា់ថា Heung Min តែងតែថើបជានិច្ច រាល់ពេលលោកឈ្នះការប្រកួតម្ដងៗ ។

ទោះជាយ៉ាងណា ពេលនេះ ព័ត៌មាននេះត្រឹម ស្ថិតនៅជាពាក្យ ចចាមអារ៉ាមសិនប៉ុណ្ណោះ ប៉ុន្តែវាបង្កជាការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់ BLACKPINK ក៏ដូចជា Son Heung Min ផ្ទាល់ ។ អ្វីៗគ្រប់យ៉ាងក៏មិនអាចសន្មតថា ជាការពិត ហើយការពិតយ៉ាងណាមានតែរង់ចាំ ការបញ្ជាក់ពី YG ប៉ុណ្ណោះ ៕

