ភ្នំពេញ៖ មានរយៈពេលក្បែរ ១ឆ្នាំទៅហើយ ដែលតារាចម្រៀង សេន យូរី ហៅ យូរី បានចាកចេញពីផលិតកម្មសាន់ដេ ហើយទៅជ្រកក្រោមទ្រនំ ផលិតកម្មហង្សមាស ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រ ខកបំណងខ្លាំងនោះ គឺ យូរី មិនមានបទចម្រៀងផ្ទុះខ្លាំង សូម្បីមួយបទ ក្នុងចំណោមបទចម្រៀងប្រមាណ ៦បទ របស់នាង នៅក្នុងផលិតយក្ស ក្នុងស្រុកមួយនេះ ។
ជាការពិតណាស់ កាលពីអំឡុងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២០ កញ្ញា យូរី បានបង្ហាញវត្តមាន ដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើ ទំព័រហ្វេសប៊ុកផ្លូវការ របស់ផលិតកម្មហង្សមាស ព្រមជាមួយបទចម្រៀង មួយបទដំបូងរបស់នាង នៅទីនោះមានចំណងជើងថា «ផាំងៗ» ។ ជុំវិញនឹងការចាកចេញ ពីផលិតកម្មសាន់ដេ ដែលជាផលិតកម្មម្ចាស់បទ «សង្សារមួយថ្ងៃសង្សារមួយជីវិត» បានជ្រកកោនរយៈពេលជាង ៧ឆ្នាំ គេរំពឹងថា កេរ្តិ៍ឈ្មោះរបស់នាង អាចនឹងកាន់តែល្បីល្បាញថែមទៀត ប៉ុន្តែរហូតមកទល់ពេលនេះ មិនមានបទចម្រៀងមួយបទណាផ្ទុះខ្លាំងឡើយ ហើយស្ទើរតែភ្លេចទៅហើយថា យូរី កំពុងជាតារាចម្រៀងស្រី នៅផលិតកម្មហង្សមាស ។
យ៉ាងណាមិញ ក្នុងចំណោមបទមច្រៀង ៦បទរបស់ យូរី នៅក្នុងផលិតកម្មហង្សមាស ដូចជាបទ «ផាំង», «រាំ Style កូនក្មេង», «I Love Foodball» , «មនុស្សស្មោះនៅឯណា», «អូឡាឡា» និងបទ «កុងត្រា» ឃើញមានតែ២បទប៉ុណ្ណោះ ដែលមានគេស្គាល់ច្រើនគួរសម គឺបទ «ផាំងៗ» និង «មនុស្សស្មោះនៅឯណា» ។
គួរឱ្យដឹងផងដែរថា កញ្ញា សេន យូរី បានចាប់ផ្ដើមបោះជំហ៊ានចូល ជាតារាចម្រៀងដំបូងបង្អស់ តាមរយៈការដាក់ពាក្យ នៅក្នុងផលិតកម្មរ៉ុក នាកំលុងឆ្នាំ ២០១១-២០១២ និងបានទទួលបទចម្រៀង ច្រៀងតិចបទបំផុត ដែលមានដូចជាបទ «អស់ពេលដើម្បីបង», សុំពេលខូចចិត្ត», និងមិនអាចទ្រាំមើលបងឈឺ» ហើយកាលនោះ នាងមិនមានទស្សនិកជន ស្គាល់ច្រើនឡើយ ប៉ុន្តែគេចាប់ផ្ដើមស្គាល់នាង បណ្ដើរៗតាមរយៈការសម្ដែង MV បទចម្រៀង «ទឹកចិត្តសង្សារ» របស់លោក ខាន់ ជេមស៍ ទៅវិញ ។
ក្រោយមកនៅឆ្នាំ ២០១៣ ក្រោយពីលោក ខាន់ ជេមស៍ ចូលក្នុងផលិតកម្មសាន់ដេ បានមួយរយៈខ្លី យូរី ក៏បានវេចបង្វិចមកតាមដែរ ហើយនៅក្នុងផលិតកម្មមួយនេះហើយ ទើបនាងទទួលបាន ការគាំទ្រខ្លាំងបំផុត ដោយបទចម្រៀងដំបូង ដែលធ្វើឱ្យ យូរី រីកមុខរីកមាត់ខ្លាំងនោះ មានចំណងជើងថា «សង្សារមួយថ្ងៃ សង្សារមួយជីវិត» ។ ហើយក្រោយមកទៀត ដោយសារតែសម្រស់ស្រស្អាត និងសិចស៊ី ផងនោះ ទើបនាងត្រូវបានអ្នកនិពន្ធ និងអ្នកដឹកនាំ ជ្រើសរើសឱ្យច្រៀងភាគច្រើន តែបទញាក់កន្ទ្រាក់អារម្មណ៍ ដែលលាយឡំ និងក្បាច់រាំពិសេសៗ រហូតទទួលបានកេរ្តិ៍ឈ្មោះ ល្បីល្បាញដល់សព្វថ្ងៃ។
យ៉ាងណាក៏ដោយ បន្ទាប់ពីបានចាកចេញ ពីផលិតកម្មសាន់ដេ ហើយចូលជាតារាចម្រៀងស្រី ក្នុងផលិតកម្មហង្សមាស កាលពីចុងឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ននេះ រាសីរបស់ យូរី ហាក់ដូចជាបាក់ចុះខ្លាំង ស្ទើរតែធ្វើឱ្យទស្សនិកជនភ្លេចថា នាងជាតារាចម្រៀង នៅផលិតកម្មហង្សមាស ទៅហើយ ៕ ដោយ៖ ម៉ានី