ភ្នំពេញ ៖ កញ្ញា ស៊ឹម ស្រីនិច ក្រោយពីបានលាឈប់ពីសិល្បៈ បានរយៈពេលជាង ៣ខែមកនេះ សង្កេតឃើញថា នាងកំពុងប្រើជីវិតឯកជន យ៉ាងស្រស់បំព្រងបំផុត ជាក្រុមគ្រួសារ និងមិត្តភក្ដិ ហើយក្ដីសុខមួយនេះ នាងតែងតែបង្ហាញជារឿយៗ នៅលើគណនី Instagram របស់នាង ។

ជាមួយគ្នានេះដែរ អ្វីដែលគួរ ឱ្យចាប់អារម្មណ៍ទៀតនោះ គេសង្កេតឃើញថា ក្រោយពីចាកចេញ ពីសិល្បៈភ្លាម ស្រីនិច មិនដែលបង្ហោះរូបសិចស៊ី លើបណ្ដាញសង្គម ដូចពីមុនទៀតឡើយ មិនតែប៉ុណ្ណោះសូម្បីតែរូបថត សិចស៊ីចាស់ៗ របស់នាងនៅ ហ្វេសប៊ុក និង Instagram ក៏នាងបានលុបចោល ទាំងអស់ដែរ ។

ដូចដែលទស្សនិកជន បានដឹងរួចមកហើយថា មុនពេលបោះបង់អាជីពសិល្បៈ ដែលជាការងារដែល ស្រីនិច ធ្លាប់បានប្រាប់ថា ស្រឡាញ់បំផុតនោះ គឺនាងបានរងនូវពាក្យរិះគន់ ជាហូរហែរពីសំណាក់មហាជន ទៅលើការស្លៀកពាក់សិចស៊ី ។ ហើយជុំវិញ ការរិះគន់នេះ ស្រីនិច ផ្ទាល់ក៏ពុំ ដែលបានតបតអ្វីដែរ សូម្បីតែជួបសម្ភាសន៍ជាមួយ Lookingtoday តាមរយៈទូរស័ព្ទក៏ស្រីស្អាតរូបនេះ បានត្រឹមតែនិយាយថា “គេរិះគន់ជារឿងគេ សំខាន់យើងធ្វើអ្វី យើងដឹងខ្លួនឯងច្បាស់” ។

យ៉ាងណាមិញ សម្រាប់ការសម្រេចចិត្ត លាឈប់ពីសិល្បៈកាលពីដើមខែកក្កដា កន្លងទៅនេះ មិនមែនដោយសារ ស្រីនិច រងសម្ពាធ ដោយសារពាក្យ រិះគន់ទេ ពោលគឺដោយសារ នាងចង់ចំណាយ ពេលវេលាដើម្បីជួយជ្រោមជ្រែង មុខរបរម្ដាយ ដែលមរមាញឹកខ្លាំង ជាមួយវិស័យអចលនទ្រព្យ ។

សូមជំរាបថា តារាសម្ដែង សាច់សខ្ចី ស៊ឹម ស្រីនិច បានប្រឡូកនៅលើវិថីសិល្បៈអស់រយៈពេលជាង ៦ឆ្នាំ ដែលអ្នកគាំទ្រ ចាប់ផ្ដើមស្គាល់នាង ច្រើនតាមរយៈការសម្ដែងរឿងខ្លីៗ បែបយុវវ័យ នៅក្នុងកម្មវិធីប្រហុក TV ជាមួយ DJ ក្ដិប លោក បឺរី លោក អៀង ចេនឡា អ្នកនាង ម៉ារី និងអ្នកនាង សាត រស្មី ជាដើម ៕

ដោយ៖ ម៉ានី



