វត្តភ្នំ គឺជាបេះដូង នៃទីក្រុងភ្នំពេញ ដែលផ្តល់ឈ្មោះ ដល់ទីក្រុងនេះ ដោយមានកម្ពស់ ២៧ម៉ែត្រស្ថាបនាឡើង នៅឆ្នាំ១៣៧៣ និងជាសំណង់សាសនា ដែលមានកម្ពស់ ខ្ពស់ជាងគេក្នុង រាជធានីភ្នំពេញ។


មានរឿងព្រេងមួយតំណាលថា មានស្រ្តីមេមាយម្នាក់ឈ្មោះ ពេញ ថ្ងៃមួយបានដើរលេងតាមដង ទន្លេមេគង្គ ក៏បានឃើញដើមគគីមួយដណ្តែតជិតច្រាំងទន្លេ គាត់ក៏បានហៅអ្នកជិតខាង មកជួយទាញយកដើមគគីនោះ។ នៅក្នុងដើមគគីនោះ គាត់ក៏បានរកឃើញពុទ្ធដិមាដ៏មានតំលៃ ចំនួន៤អង្គ។ ក្នុងឆ្នាំ ១៣៧២ គាត់ក៏នាំអ្នកស្រុកពូនជាភ្នំ និង សាងសង់វិហារមួយ ដើម្បីតម្កល់ពុទ្ធដិមានោះ។ នៅឆ្នាំ ១៤៣៤ ព្រះបាទពញាយ៉ាត បានមកដល់ទីនេះ ហើយបានកសាងទីក្រុងមួយ ដោយយកឈ្មោះតាមកន្លែងនោះ។
នៅក្នុងបរិវេណវត្តភ្នំ មានចេតិយធំមួយ នៅក្រោយព្រះវិហារ ដែលតំកល់ព្រះធាតុ របស់ព្រះបាទពញាយ៉ាត និង ចេតីយ៏សំរាប់តំកល់ព្រះធាតុ របស់ព្រះញាតិវង្សព្រះអង្គ។ នៅក្នុងចេតិយនោះ នៅមានសល់បដិមាព្រះពុទ្ធ នៅសម័យអង្គរផងដែរ។ ចេតិយ និង ព្រះវិហារ នៅវត្តភ្នំ បានកសាងជាច្រើនដង គឺនៅឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និង ឆ្នាំ ១៩២៦ ដែលពីម្តងទៅម្តងកាន់តែធ្វើឲ្យវាមានសម្រស់ប្រសើរឡើងៗ៕ Source: Sabay





