ភ្នំពេញ៖ ជាច្រើនឆ្នាំមកហើយ ដែលតារាចម្រៀង ចឺម បានកសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ និងជាតារាមច្រៀងប្រុសឈានមុខគេ នៅក្នុងផលិតកម្មសាន់ដេ ។ ហើយទន្ទឹមនឹងភាពជោគជ័យ ទៅលើអាជីពជាតារាចម្រៀងនេះ លោក ចឺម ក៏ត្រូវបានមហាជនជន ជាពិសេសអ្នកគាំទ្រដឹងយ៉ាងច្បាស់ដែរថា ជាតារាចម្រៀងដែលធ្លាប់មាន មិត្តស្រីច្រើននាក់ ដូរមុខរាប់ភ្លេចទៅហើយ ។

ចាំបានថា ចាប់តាំងពីពេញរូបរាង និងចាប់អាជីពជាតារាចម្រៀងមក លោក ចឺម មានមិត្តស្រី ៣នាក់រួចហើយ ហើយមិត្តស្រីចុងលក្រោយ គឺជាតារាសម្ដែង និងម៉ូឌែលដ៏ស្រស់ស្អាត គឺកញ្ញា ហ្វាហ្វា ។ មហាជនសង្កេតឃើញថា លោក ចឺម និង ហ្វាហ្វា ស្រឡាញ់គ្នាខ្លាំងណាស់ ដោយទៅណាមកណា តែងតែទៅទាំងគូ ព្រមទាំងបង្ហាញពីទំនាក់ទំនងស្នេហា រវាងពួកគេទាំងឱ្យចាស់ទុំទាំងសងខាង បានដឹងឮថែមទៀតផង ។
យ៉ាងណាមិញមួយរយៈចុងក្រោយនេះ ឃើញថា ទំនាក់ទំនងរបស់ម្ចាស់បទ «អារហាម» និង មិត្តស្រី ហាក់ដូចជាឃ្លាតឆ្ងាយ រហូតដល់រកមិនឃើញរូបថត ជាមួយគ្នាលើបណ្ដាញសង្គមទៀតផង ដែលផ្ទុយពីពេលមុនធ្លាប់ តែផ្អែមល្ហែមដូចស្រមោចនឹងស្ក ។

ជុំវិញព័ត៌មានស្នេហារបស់នាយ ចឺម នេះផងដែរ ស្រាប់តែថ្មីៗនេះ មហាជនបានចាប់អារម្មណ៍ឃើញថា នាយ ចឺម បែជាមកស្និទ្ធស្នាល ជាមួយស្រីស្អាតម្នាក់ទៀត ដែលជាតារាសម្ដែងឈ្មោះ សេង សុខឃីម ។ មិនតែប៉ុណ្ណោះគេទាំងពីរ ក៏បានពោលពាក្យផ្អែមល្ហែម ឆ្លងឆ្លើយគ្នាលើបណ្ដាញសង្គម ទំនងដូចជាគូស្នេហ៍ផងដែរ ។
កាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀត នៅថ្ងៃនេះ លោក ចឺម បានបង្ហោះសារមួយឃ្លា ភ្ជាប់ជាមួយរូបថតរបស់ខ្លួន និងតារាស្រី សេង សុខឃីម ដែលកាន់តែសង្ស័យខ្លាំងថា ចឺម អាចបានបែកពីមិត្តស្រីគឺកញ្ញា ហ្វាហ្វា ហើយកំពុងសាងស្នេហា ជាមួយតារាស្រី សេង សុខឃីម ដែលធ្លាប់លេខមុខ ជាតួឯកស្រី នៅក្នុង MV បទចម្រៀងរបស់លោក មានចំណងជើងថា «ថ្លៃទឹកដោះ» ។
នៅក្នុងសារដ៏គួរឱ្យសង្ស័យនោះ លោក ចឺម បានសរសេរយ៉ាងដូច្នេះថា «មានមនុស្សស្រីជាច្រើន ដែលចូលក្នុងជីវិតបង ដែលឃើញតែផលប្រយោជន៍ តែអូនគឺខុសគ្នា មិនអាចប្រៀបធៀបគ្នាបាន អូនជាមនុស្សស្រីតែម្នាក់ ដែលធ្វើឱ្យ បងព្រមឈប់ត្រឹមអូន អូនជាមនុស្សស្រី ដែលនៅពីក្រោយបងគ្រប់ពេល សុំអូនកុំខ្វល់ពីសំដីអ្នកដទៃ សុំត្រឹមអូនជឿជាក់បង អូនជាគ្រប់យ៉ាង របស់បងធ្វើគ្រប់យ៉ាងគឺដើម្បីអូន រឿងអ្វីក៏ដោយមុននិងក្រោយគេ គង់តែដឹងការពិត…»។ ហើយជាមួយគ្នានេះដែរ ក៏មានមិត្តភក្ដិ និងអ្នកគាំទ្រជាច្រើន បានសរសេរនៅលើប្រអប់បញ្ចេញមតិ (Comment) ជូនពរលោក ចឺម និងស្រីស្អាត សេង សុខឃីម ឱ្យស្រឡាញ់គ្នារហូតផងដែរ ។

គួរបញ្ជាក់ថា ជុំវិញសកម្មភាពរបស់លោក ចឺម និងនាង សេង សុឃីម ខាងលើនេះផងដែរ នៅមិនទាន់ច្បាស់ថាជាស្នេហា ឬក៏គ្រាន់តែជាការសម្ដែង ទាក់ទាញចំណាប់អារម្មណ៍មុននឹងថត MV នោះទេ ។ ប៉ុន្តែទស្សនិកជននៅតែមានមន្ទិលថា តើគេទាំងពីរនាក់នេះ ស្រឡាញ់គ្នាមែនឬអត់? ចុះកញ្ញា ហ្វាហ្វា បែកគ្នាពី ចឺម ហើយឬនៅ? យ៉ាងណាក៏ដោយ សម្រាប់ចម្ងល់នេះ Lookingtoday នឹងព្យាយាមទំនាក់ទំនាក់ តារាចម្រៀង ចឺម និង ស្រីស្អាត សេង សុខឃីម ដោយផ្ទាល់ ដើម្បីបំភ្លឺជូនទស្សនិកជន នៅពេលក្រោយ ៕ ដោយ៖ ម៉ានី














